អាមេរិកដែលត្រូវគេជឿថា ជាប្រទេសជឿនលឿនខ្លាំងផ្នែកវេជ្ជសាស្ត្រសម័យទំនើប បែរជានៅតែមានជំនឿលើវិធីសាស្ត្រព្យាបាលបែបបុរាណ ដោយសៀវភៅព្យាបាលបុរាណចិន ព្យាបាលតាមរយៈការចាក់ម្ជុលវិទ្យាសាស្ត្រ ចាប់ផ្តើមដាក់លក់លើទីផ្សារប្រទេសនេះ។
តាមសារព័ត៌មានស៊ីនហួរ សៀវភៅស្តីពីវិធីចាក់ម្ជុលវេជ្ជសាស្រ្តចិន មានចំណងជើងថា “វិធីចាក់ម្ជុលព្យាបាលជំងឺបែបចិន និងជប់ខ្យល់’ បកប្រែជាភាសាអង់គ្លេស ត្រូវបានសម្ពោធបង្ហាញជាផ្លូវការ នៅឯរដ្ឋ Maryland សហរដ្ឋអាមេរិក។ សៀវភៅវេជ្ជសាស្ត្របុរាណចិនមួយនេះនិយាយរៀបរាប់ក្បោះក្បាយពីក្បួនចាក់ម្ជុលព្យាបាលជំងឺផ្សេងៗ។
នេះជាការបោះពុម្ពផ្សាយលើកទី ៤ ហើយ ដោយបានផ្សារភ្ជាប់វិធីព្យាបាលបែបបុរាណ ទៅនឹងស្តង់ដារវេជ្ជសាស្រ្តសម័យទំនើប ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ច្រើនជាងមុន និងមានអធិប្បាយច្បាស់ៗ នូវទីតាំងជាក់លាក់នៃរាងកាយ ដើម្បីចាក់ម្ជុលព្យាបាល។ នេះបើតាមលោក Cheng Kai អ្នកកែសម្រួលសៀវភៅវេជ្ជសាស្រ្តនេះ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវេជ្ជសាស្រ្តក្រុងប៉េកាំង។
លោក Allyson Wilson ជាអ្នកជំនាញផ្នែកព្យាបាលម្ជុលវេជ្ជសាស្រ្តមួយរូប នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា នៅអាមេរិក វាជាចំណេះដឹងមូលដ្ឋានមួយ យើងត្រូវអាន និងស្វែងយល់អំពីវេជ្ជសាស្រ្តព្យាបាលបែបបុរាណចិន។ ការព្យាបាលដោយម្ជុលវេជ្ជសាស្រ្ត បានអនុវត្តនៅប្រទេសចិន រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ ក៏កំពុងតែមានប្រិយភាពខ្លាំង ចំពោះអ្នកជំងឺ ក៏ដូចជាគ្រូពេទ្យព្យាបាលនៅអាមេរិក។
គិតមកទល់ពេលនេះ ក្នុងទឹកដីអាមេរិក មានអ្នកជំនាញព្យាបាលជំងឺដោយម្ជុលវេជ្ជសាស្រ្ត (មានការទទួលស្គាល់វិជ្ជាជីវៈត្រឹមត្រូវ) ដល់ទៅ ជាង ៣៨.០០០នាក់ និងមានសាលាវិជ្ជាជីវៈព្យាបាលដោយម្ជុលវេជ្ជសាស្រ្តប្រមាណ ៦០ កន្លែង។
អត្ថបទពាក់ព័ន្ធ៖
- បន្ទះបិទជាប់ស្បែកព្យាបាលមហារីក ពិសោធបានជោគជ័យ
- ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!
បើតាម លោក Megan Haunges សាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្តបុរាណចិន នៃមហាវិទ្យាល័យក្រុង ញ៉ូវយក បានឲ្យដឹងថា សម្រាប់សៀវភៅថ្មីនេះ នឹងក្លាយជាឯកសារមានប្រយោជន៍សម្រាប់សិស្សកំពុងរៀនជំនាញម្ជុលវេជ្ជសាស្រ្ត ហើយមហាវិទ្យាល័យលោក មានសិស្សប្រមាណជិត ២០០នាក់ មករៀនវិជ្ជាជីរៈព្យាបាលតាមបែបបុរាណមួយនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]