backup og meta

ប្រុសៗបើ​មិន​ចង់ជួប​បញ្ហា​លិង្គមិនងាយ​ឡើងរឹង គួរបន្ថយ​អាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 30, 2020

    ប្រុសៗបើ​មិន​ចង់ជួប​បញ្ហា​លិង្គមិនងាយ​ឡើងរឹង គួរបន្ថយ​អាហារទាំងនេះ

    ការ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ គឺ​ជាមូលហេតុ​សំខាន់​មួយ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដ​ល់​បញ្ហា​ផ្លូវ​ភេទ​របស់​មនុស្ស​គ្រប់​គ្នា។ អាហារ​​និង​ភេស្ជៈ​មួយ​ចំនួន គឺ​​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន​របស់​ប្រុសៗ​យើង​​ ទាំង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។ ដើម្បី​ឲ្យ​លិង្គ​​រឹង​ល្អ ប្រុសៗ​យើង​​គួរ​តែ​ជៀស​ឲ្យ​ឆ្ងាយ​ពី​អាហារប៉ុន្មាន​​ប្រភេទ​ទាំង​នេះ​។ ក្នុង​អត្ថ​បទ​នេះ Hello គ្រូពេ្យ នឹង​ប្រាប់​អំពី​ប្រភេទ​អាហារ​ដែល​បុរស​ៗ​មិនគួរ​ញ៉ាំ​ច្រើន បើ​មិន​ចង់ជួប​បញ្ហា​អូន​តូច​មិន​សូវ​ឡើង​រឹង​។

    ១-សាច់​

    ការ​សិក្សា​បានបង្ហាញ​ថា អាហារ​ដែល​ផ្ដល់​អវិជ្ជមាន​ដល់​សុខភាព​បេះ​ដូង​របស់​មនុស្ស​ប្រុស ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សកម្មភាព​ផ្លូវ​ភេទ​​បាន​ដូច​គ្នា។ បញ្ហា​ចរន្ត​ឈាម​រត់​ល្អ គឺ​ជា​រឿង​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​​ឲ្យ​លិង្គ​​ឡើង​រឹង​បាន​ល្អ តែ​បើ​យើង​មាន​បញ្ហា​សរសៃ​ឈាម​បេះ​ដូង នោះ​ក៏​ប្រឈម​ជា​មួយ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ដូច​គ្នា។ សាច់​ជា​ច្រើន​ប្រភេទ មាន​ដូច​ជា​សាច់​ជ្រូក និង​សាច់​គោ គឺ​មាន​ជាតិ​ខ្លាញ់ និង​កូឡេស្តេរ៉ុល​ខ្ពស់ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​បេះដូង នឹង​ធ្វើ​ឲ្យ​លិង្គ​របស់​បុរស​មិន​ងាយ​ឡើង​រឹង​បាន​។ ​បន្ថយ​​សាច់​មិន​ល្អ ហើយ​ងាក​មក​ញ៉ាំ​ប្រភេទ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ល្អ​ៗ រួម​មាន​អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ (ត្រី) និង​ខ្លាញ់​បាន​មក​​ពី​គ្រាប់​រុក្ខ​ជាតិ ផ្លែ​ប៊ឺរ ឬ​អាច​ប្រើ​ប្រេង​អូលីវ​ជំនួសប្រេង​ឆាធម្មតា​​វិញ​ក៏​បាន។

    អត្ថបទពាក់ព័ន្ធ:

    ២-អាហារចៀន

    អាហារ​ចៀន​ដោយ​ប្រើ​ប្រេង គឺ​មិន​ល្អ​​សម្រាប់​សុខភាព​បេះ​ដូង និង​មុខ​ងារ​ផ្លូវ​ភេទទេ​ ហើយ​អាហារ​ដែល​អាក្រក់​បំផុត​សម្រាប់​បេះ​ដូង​នោះ​គឺអាហារ​ដែល​ចៀន​ដោយ​ប្រើ​ប្រេង និង​ដុត​ភ្លើង​ខ្លាំង។ អាហារ​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ប្រឈម​មុខ​ជាមួយ​បញ្ហា​​កូឡេស្តេរ៉ូល។ បើ​ធាត់ ឬ​លើស​ទម្ងន់ ដែល​បណ្ដាល​មកពី​ការ​ញ៉ាំ​​អាហារ​ចៀន វា​នឹង​ទាក់​ទង​ជាមួយ​បញ្ហា​បម្រែបម្រួល​អ័រម៉ូន​មនុស្ស​ប្រុស។ បើយើង​​ចង់​ឲ្យ​សកម្មភាព​លើ​គ្រែ​នៅ​បន្ត​រស់​រវើក​បាន​យូរ​អង្វែង ប្រុសៗ​មិន​​​គួរ​ញ៉ាំ​ដូច​ជា​សាច់​ចៀន ឬ​បំពង ដំឡូង​​ចៀន និង​នំ​ដូណាត់ជាដើម​នោះទេ​។ ក្រៅ​ពី​បង្ក​បញ្ហា​ដល់​បេះដូង ឡើង​គីឡូ ក្រុម​អាហារ​ទាំងនេះ ក៏​អាច​បង្ក​ជា​បញ្ហា​មហារីក​​ក្រពេញ​ប្រូស្តាត ឬ​ដុះ​ដុំ​សាច់​នៅ​ក្រពេញ​ប្រូស្តាត​បានទៀត​ផង​។

    ៣-សណ្ដែកសៀង

    ការ​សិក្សា​មួយ​របស់​សាលាសុខភាព​សាធារណៈ Harvard​ (Harvard School of Public Health) នៅ​អាមេរិក ​រក​ឃើញ​ថា ចំនួន​មេ​ជីវិត​​ឈ្មោល​នឹង​ធ្លាក់​ចុះ​ប្រមាណ ៤០​% បើ​ផឹក​ទឹក​សណ្ដែកសៀង​​កន្លះ​កែវ​ក្នុង​មួយ​ថ្ងៃ។ អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា បើ​អ្នក​ញ៉ាំ​សណ្ដែក​សៀង​កាន់​តែ​ច្រើន នោះ​អ័រម៉ូន​តេស្តូស្ដេរ៉ូន​ក្នុង​ខ្លួន​​​កាន់​តែ​ធ្លាក់​ចុះ។ នេះ​​​បណ្ដាល​មក​ពី​ក្នុង​សណ្ដែក​សៀង មាន​ផ្ទុក​សារធាតុ​​ម្យ៉ាង​​ដែល​ស្រដៀង​គ្នា​ជាមួយ​នឹង​អ័រម៉ូន អឺស្ត្រូហ្សែន ជាអ័រម៉ូន​មនុស្ស​ស្រី ដែល​មាន​វត្តមាន​បន្តិច​បន្តួច​នៅ​ក្នុង​ខ្លួន​មនុស្ស​ប្រុស។ ការ​ញ៉ាំ​សណ្ដែក​សៀង​អាច​បណ្ដាល​ឲ្យ​មាន​វិបត្តិ​អតុល្យភាព​រវាង​អ័រម៉ូន​អឺស្ត្រូហ្សែន ​និង​អ័រម៉ូន​តេស្តូស្ដេរ៉ូន ដែល​បញ្ហា​​មួយ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​លើ​ជីវិត​ផ្លូវ​ភេទ​របស់​មនុស្ស​ប្រុស​បាន។ ដូច​នេះ​ហើយ​ មនុស្ស​ប្រុស​​មិន​គួរ​ផឹក​ទឹក​សណ្ដែក​សៀង ជា​ពិសេសចម្រាញ់​ចេញ​ពី​អាហារ​កែ​ឆ្នៃ​ ឬ​អាហារ​ថាម​ពល​​ផ្សេង​ឡើយ ប៉ុន្តែ​បើ​ជា​ទឹក​សណ្ដែក​ដែល​គេ​ផលិត​តាម​បែប​ធម្មជាតិ ​គឺ​អាច​ផឹក​បាន។

    ៤-អាហារកំប៉ុង ឬអាហារច្រកថង់​ប្លាស្ទិក

    សារ​ធាតុ Bisphenol A ដែល​គេ​ច្រើន​ស្គាល់​ថា BPA គឺ​ជា​សារ​ធាតុ​គីមី​ម្យ៉ាង​ដែល​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អាហារ​កំប៉ុង និង​​ពពួក​អាហារ​ច្រក​ទុក​ក្នុង​ថង់​ប្លាស្ទិក។ អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​សារធាតុ​នេះ​ ជាមួយ​នឹង​​បញ្ហា​​​អសមត្ថភាព​​របស់​ប្រុស​ៗ រឿង​លិង្គ​អត់​ងើប បញ្ហា​បាត់​ចំណង់​ផ្លូវ​ភេទ ឬបញ្ហា​អត់​កូន។ ​ប្រុសៗ​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ពពួក​អាហារ​កំប៉ុង និង​ពពួក​អាហារ​ច្រក​ក្នុង​ថង់​ប្លាស្ទិក។ ប្រុសៗ​យើង​​ក៏​មិន​គួរ​យក​អាហារ​ផ្សេង​ៗ ទៅ​ដុត​កម្ដៅ​ក្នុង​កំប៉ុង ឬ​ប្រអប់​ប្លាស្ទិក​ដូច​គ្នា ដោយ​សារ​តែ​សារធាតុ​​BPAអាច​ចេញ​ពី​ប្រអប់​ទាំង​នោះ​ពេល​វា​ត្រូវ​កម្ដៅ។ ​គួរ​​ព្យាយាម​ប្រើ​កំប៉ុង​អាហារ​ប្រភេទ​ផ្សេង ឬ​​រក​មើល​អាហារ​ដែល​មាន​បិទ​ស្លាក​ថា “BPA-free”។ លើស​ពី​នេះ គប្បី​កាត់​បន្ថយ​ប្រើ​​ទឹក​ច្រក​ក្នុង​ដប​ប្លាស្ទិក ហើយ​បើ​យក​ល្អ​ ​គួរ​​​ឈប់​ផឹក​តែ​ម្ដង​កាន់​តែ​ល្អ។

    ៥-សេព​គ្រឿងស្រវឹង​ច្រើន​

    ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​ងារ​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​លិង្គ​របស់​បុរស​មិន​ងាយ​ឡើយ​រឹង។ អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា ផឹកគ្រឿង​ស្រវឹង​ចាប់​ពី ៥​ កែវ​ ​ឬ​លើស​ពី​នេះ​ក្នុង​មួយ​ថ្ងៃ អាច​ធ្វើ​ឲ្យ​បរិមាណ​អ័រម៉ូន​តេស្តូស្ដេរ៉ូន​ធ្លាក់​ចុះ។ វា​អាច​​​ធ្វើ​ឲ្យ​អស់​អ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​ចរនុ្ដ​ឈាម និង​ធ្វើ​ឲ្យ​ការ​ផលិត​អ័រម៉ូន​មួយ​នេះ​ធ្លាក់​ចុះ​ដូច​គ្នា។ ប៉ុន្តែ​ការ​ផឹក​តិច​តួច​គឺ​មួយ​​កែវ ឬ​ពីរ​កែវ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដ​ល់​កម្រិត​អ័រម៉ូន​តេស្តូស្ដេរ៉ូន​ទេ។ ដូច​នេះ​ប្រុស​ៗ កុំ​ផឹកគ្រឿង​ស្រវឹង​​ច្រើន​ពេក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម