backup og meta

រឿងអត់កូន​បន្ទោស​ខាង​ស្រី ព្រោះប្រុសៗជឿលើរឿងខុសឆ្គង ៣នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 02, 2020

    រឿងអត់កូន​បន្ទោស​ខាង​ស្រី ព្រោះប្រុសៗជឿលើរឿងខុសឆ្គង ៣នេះ

    ពេល​និយាយ​ដល់​រឿង​ចង់​បាន​កូន​ មនុស្ស​ជា​ច្រើន​ទំនងជា​គិត​ថា​ជា​រឿង​ងាយ​សម្រាប់​មនុស្ស​ប្រុស និង​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ យ៉ាងណា គំនិត​នេះ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ ព្រោះ​ថា​កន្លង​មក​មាន​​ការ​យល់​ខុស​ជា​ច្រើន​លើ​សមត្ថភាព​បង្ក​កំណើត​របស់​មនុស្ស​ប្រុស។

    ខាង​ក្រោម​នេះ ជា​រឿង​បី​យ៉ាង​ដែល​មនុស្ស​ជាច្រើន​គិត​​លើ​សមត្ថភាព​បង្ក​កំណើត​របស់​ប្រុសៗ ហើយ​ប្រុសៗ​យើង​ក៏​គួរ​ដឹង​ដែរ។

    .បញ្ហា​គ្មាន​កូន​ជា​កំហុស​ខាង​ស្រី​

    មនុស្ស​ជា​ច្រើន​ជឿ​ជា​ទូ​ទៅ​ថា​បញ្ហា​មិន​អាច​មាន​កូន​​បាន​មកពី​បញ្ហា​ដៃគូ​ខាង​ស្រី ប៉ុន្តែ​ការ​ជឿ​បែប​នេះ មិន​ត្រឹម​ត្រូវ​ទេ​។ ជា​ការ​ពិត​ បុរស​យើង​ក៏​មាន​ចំណែក​ប្រហែល​ពាក់​កណ្ដាល​លើ​បញ្ហា​មិន​អា​ច​មាន​កូន​។ របាយការណ៍​មួយ​បង្ហាញ​ថា ដៃគូ​ចំនួន​២០​ភាគ​រយ​មិន​អាច​មាន​កូន​បាន ដោយ​សារ​បញ្ហា​ខាង​បុរស និង​ដៃគូ​ប្រហែល​​ជា​៣០​ភាគ​រយ​ផ្សេង​ទៀត​មាន​បញ្ហា​គ្មាន​កូន​មកពី​ភាគី​ទាំង​ពីរ​តែ​ម្ដង​។

    ជា​ធម្មតា សម្ថភាព​បង្ក​កំណើត​របស់​បុរស​គឺ​អាស្រ័យ​លើ​​បរិមាណ​ និង​គុណភាព​មេ​ជីវិត។ ប្រសិន​ជា​គុណភាព​មេ​ជីវិត​ទាប ក៏​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជួប​បញ្ហា​មិន​ងាយ​ធ្វើ​ឲ្យ​ខាង​ស្រី​មាន​ផ្ទៃពោះ ឬ​មិន​មាន​ផ្ទៃ​ពោះ​តែ​ម្ដង។ មនុស្ស​ប្រុស​មួយ​ចំនួន​ជួប​បញ្ហា​ចំនួន​មាន​ជីវិត​មាន​តិច ឬ​មេជីវិត​មិន​អាច​ធ្វើ​ការ​បាន​ពេញ​លេ​ញ​ទៅ​តាម​អ្វី​ដែល​មេជីវិត​ទូទៅ​ធ្វើ​បាន។​ មនុស្ស​ប្រុស​ខ្លះ​ទៀត​ក៏​មាន​ដែរ​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវ​ភេទ ឬ​អសមត្ថភាព​ផ្លូវភេទ កម្រិត​អ័រ​ម៉ូន​ទាប បញ្ហា​ហ្សែន និង​ sperm antibodies ជា​ដើម​។

    បញ្ហា​ប្រុសៗអត់កូន​​​​​​​

    . បញ្ហា​សុខភាព​ស្រ្តី​ជា​ហេតុ​នាំ​ឲ្យ​គ្មាន​កូន​

    ​​​ការ​លើក​ឡើង​បែប​នេះ ដូច​ជា​ដាក់​បន្ទុក​លើ​ស្រ្តី​ពេក​ហើយ ដែល​នេះ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ គ្នា​យើង​ទំនង​ជា​ដឹង​ខ្លះ​ហើយ​ថា​មានរឿង​ជាច្រើន​ ដែល​ប្រុសៗ​យើង​ប្រព្រឹត្ត​ ហើយ​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​ផលិត​មេ​ជីវិត។ រឿង​ទាំង​នោះ​មាន​ដូច​ជា​ ការ​ជក់បារី ផឹក​ស្រា​ច្រើន ឆ្លង​ជំងឺ​កាម​រោគ និង​ការ​ប៉ះពាល់​សារធាតុគីមី​ពុល​ផ្សេងៗ​ជា​ដើម​។

    ប្រុស​ៗ​យើង​ជា​ច្រើន​ទំនង​ជា​មិនបាន​ដឹង​ទេ​ថា​ ដើម្បី​ផលិត​បាន​មេជីវិត​ដែល​ល្អ និង​មាន​គុណភាព​​បាន​ត្រូវ​ស៊ីពេល​ប្រហែល​បី​ខែ​ឯណោះ។ មូលហេតុ​ចំបង​ដែល​ប្រុសៗ​ជួប​បញ្ហា​បង្ក​កំណើត គឺ​ដោយ​សារ​បញ្ហា​ផលិត​មេជីវិត​នេះ​ឯង ដែល​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ថែទាំ​សុខ​ភាព​ឲ្យ​បាន​ល្អ​យ៉ាង​តិច​បី​ខែ មុន​នឹង​ចង់​បាន​កូន​។​ ដូច​គ្នា​ដែរ ការ​ដក​ខ្លួន​ឆ្ងាយ​ពី​កត្តា​គ្រោះ​ថ្នាក់​ដូច​បាន​រៀប​រាប់​ខាង​លើ ក៏​ជួយ​ឲ្យ​រាង​កាយ​ប្រុសៗ​យើង ផលិត​មេជីវិត​បាន​ប្រ​សើរ​ដែរ​។​​​​​

    . មនុស្ស​ប្រុស​នៅ​វ័យ​ណា​ក៏​អាច​មាន​កូន​បាន​

    ប្រុសៗ​ច្រើន​និយាយ​ថា​ ទោះ​ខ្លួន​ក្នុង​វ័យ​ណា​ក៏​អាច​មាន​កូន​បាន​ដែរ។ នេះ​ជា​ការ​ពិត ទោះ​ជា​យើង​នៅ​វ័យ​៧០ឆ្នាំ ឬ​លើស​ពី​នេះ​ក៏​នៅ​តែ​អាច​មាន​លទ្ធភាព​បង្ក​កំណើត​បាន​ដែរ។ បើ​អ៊ីចឹង ចុះ​អ្វី​ជា​បញ្ហា?​

    ប្រុសៗ​យើង​ត្រូវ​ចាំ​ថា​ថ្វី​ដ្បិត​តែ​យើង​អាច​មាន​លទ្ធ​ភាព​បង្ក​កំណើត​បាន​មែន តែ​គុណភាព​មេជីវិត​របស់​យើង​ក៏​ធ្លាក់​ចុះ​ទៅ​តាម​អាយុ​របស់​យើង​ដែរ។ ពេល​ឈាន​ចូល​វ័យ​៤៥​ឆ្នាំ​ហើយ​នោះ មនុស្ស​ប្រុស​យើង​តែ​ងប្រើ​រយៈ​ពេល​​យូរ​ជាង​មនុស្ស​វ័យ​ក្មេង​ជាង​នេះ ក្នុង​ការ​ធ្វើ​ឲ្យ​ដៃ​គូ​មាន​ផ្ទៃ​ពោះ​។

    ដូច​គ្នា​ដែរ មនុស្ស​ប្រុស​ដែល​បង្ក​កំណើត​ក្នុង​វ័យ​កាន់​តែ​ចាស់​ ក៏​អាច​ប្រឈម​​​ហានិភ័យ​ខាង​ស្រី​​​ងាយ​​រលូត​កូន​បាន​ដែរ។ វ័យ​កាន់​តែ​ចាស់​បរិមាណ​ទឹក​កាម​ក៏​កាន់តែ​តិច ចលនា​របស់​មេជីវិត​​ក៏​ប្រែ​ប្រួល សារធាតុ​សំខាន់ៗ​​ដែល​ជួយ​ឲ្យ​មេជីវិត​ធ្វើ​ការ​បាន​ល្អ​ក៏​ប្រែ​ប្រួល​ទៅ​តាម​អាយុ​ដែរ​។

    ការណ៍​នេះ អាច​ធ្វើ​ឲ្យ​កូន​ដែល​កើត​​នៅ​ពេល​ប៉ាៗ​មាន​អាយុ​កាន់តែ​ចាស់​អាច​ប្រឈម​នឹង​ជំងឺ​ទាក់​ទង​នឹង​ហ្សែន បញ្ហា​ក្រូម៉ូសូម​ទាក់​ទង​នឹង​បញ្ហា​លូត​លាស់​ខាង​រាងកាយ និង​សតិបញ្ញា​ ដូចជា Down syndrome និង​កូន​ជួប​បញ្ហា​អូទីស្សឹម​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម