ពពួកថ្នាំបញ្ចុះឈាមដូចជា ACE inhibitors ឬថ្នាំ ARBs (Angiotensin receptor blockers) មានប្រសិទ្ធិភាពកាន់តែខ្ពស់ ពេលប្រើផ្សំជាមួយថ្នាំផ្សេងទៀត។ ថ្នាំ ACE inhibitor អាចប្រើរួមជាមួយ ថ្នាំបញ្ចុះទឹកនោមប្រភេទ Thiazide (Thiazide diuretics) ឬថ្នាំ Calcium channel blocker (ថ្នាំទប់ស្កាត់ជាតិកាល់ស្យូមមិនឲ្យចូលក្នុងកោសិកា) បាន។
ករណីខ្លះពពួកថ្នាំបញ្ចុះឈាមដូចជា Beta-blocker (មានប្រសិទ្ធភាពបិទរេសិបទ័របែតានៅលើសរសៃឈាម) អាចប្រើផ្សំជាមួយថ្នាំ Alpha-blocker (មានប្រសិទ្ធិភាពបិទរេសិបទ័រអាល់ហ្វានៅលើសរសៃឈាម) បាន។ ថ្នាំផ្សំ ២ មុខនេះ ល្អណាស់សម្រាប់ប៉ាអ៊ំ (ប្រុសៗ) មានជំងឺលើសឈាមផង និងឡើងហើមក្រពេញប្រូស្តាតផង ព្រោះអាចជួយព្យាបាលជំងឺទាំង ២ ក្នុងពេលតែមួយ។
ការផ្សំថ្នាំទាំងអស់ ផ្អែកទៅតាមស្ថានភាពជំងឺ ឧ. បើប្រើថ្នាំទាំង ២ ធ្វើឲ្យចង្វាក់បេះដូងចុះទាបពេក គ្រូពេទ្យនឹងត្រួតពិនិត្យដោយយកចិត្តទុកដាក់ ដើម្បីចៀសវាងកុំឲ្យជីពចរចុះទាប ឬប្រសិនបើ ម៉ាក់ប៉ា អ៊ំៗ មានជំងឺហឺត ពេទ្យនឹងចៀសវាងថ្នាំណាបង្ករោគសញ្ញាជំងឺហឺត។

៣- អាចដឹងពីប្រសិទ្ធភាពថ្នាំផ្សំដោយរបៀបណា?
ទោះបីជាសម្ពាធឈាម ម៉ាក់ប៉ា អ៊ំៗយើង ត្រឡប់មកប្រក្រតីវិញ ក៏ត្រូវតែត្រូវវាស់សម្ពាធឈាមឲ្យបានញឹកញាប់ដែរ។ ដំបូងត្រូវវាស់រៀងរាល់សប្តាហ៍ ហើយពេលសម្ពាធឈាមស្ថិតនៅកម្រិតធម្មតាអាចបន្ថយការវាស់បាន។ អាចវាស់ឈាមនៅផ្ទះដោយខ្លួនឯង ប៉ុន្តែត្រូវតែទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានទៀងទាត់។
៤- គួរប្រើថ្នាំ២មុខបែបនេះយូរប៉ុណ្ណាដែរ?
គ្រូពេទ្យ នឹងបន្ថយថ្នាំ ក្រោយសម្ពាធឈាមវិលមករកភាពប្រក្រតីរយៈពេល ១ឆ្នាំពេញ។ ថ្នាំទាំងនេះអាចជួយបញ្ចុះឈាមបានល្អ យ៉ាងណាមិនអាចព្យាបាលជំងឺលើសឈាមជាដាច់តែម្តងនោះទេ។
បើគ្មានការណែនាំពីគ្រូពេទ្យ មិនត្រូវឈប់លេបថ្នាំដោយឯកឯងឡើយ គួរទិញថ្នាំស្តុកទុកនៅផ្ទះជាមុន ព្រោះពេលណាមួយស្រាប់តែនឹកឃើញឈប់ប្រើថ្នាំភ្លាមៗ អាចធ្វើឲ្យសម្ពាធឈាមនឹងឡើងខ្ពស់ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
៥- អ្វីជាភាពស៊ាំនៃជំងឺលើសឈាម?
ភាពស៊ាំរបស់ជំងឺលើសសម្ពាធឈាម កើតឡើងនៅយើងប្រើថ្នាំបញ្ចុះសម្ពាធឈាម ៣មុខ ផ្សំចូលគ្នា ហើយសម្ពាធឈាមនៅតែខ្ពស់។ តាមការប៉ាន់ប្រមាណ ៣០ភាគរយ ម៉ាក់ប៉ា អ៊ំៗយើងមានជំងឺលើសឈាម គឺជួបស្ថានភាពបែបនេះ។
យោងតាមសមាគមសុខភាពបេះដូងអាមេរិក (American Heart Association) វ័យកាន់តែចាស់ និងធាត់លើសទម្ងន់ខ្លាំង (Obesity) ជាកត្តាប្រឈម នាំឲ្យមានអាការៈបែបនេះ។
មុនពេលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ សន្មត់យើងមានភាពស៊ាំជាមួយជំងឺលើសឈាម ពេទ្យនឹងពិនិត្យមើលថាកើតឡើងដោយឯកឯង ឬដោយសារម៉ាក់ប៉ា អ៊ំៗ ប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ។ ដោយឡែក ករណី “White Coat” ជាស្ថានភាពមួយ កើនឡើងសម្ពាធឈាមអំឡុងពេលជួបពេទ្យ តែពេលនៅផ្ទះមានសម្ពាធឈាមធម្មតា ក៏បង្កឲ្យមានការភ័ន្តច្រលំ ម៉ាក់ប៉ា អ៊ំៗ មានភាពស៊ាំជំងឺលើសឈាមដែរ។ អ៊ីចឹង កុំឲ្យមានហេតុការណ៍នេះកើតឡើង គ្រូពេទ្យនឹងធ្វើការតាមដានសម្ពាធឈាមក្នុងរយៈពេល ២៤ ម៉ោង។
ម៉ាក់ប៉ា អ៊ំៗយើង ភាគច្រើនមានភាពស៊ាំនឹងជំងឺលើសឈាម អាចនឹងកំពុងកើតជំងឺផ្សេងទៀត ដូចជា ជំងឺតម្រងនោម ទឹកនោមផ្អែម គេងមិនដកដង្ហើម និងជំងឺក្រិនសរសៃឈាម (Atherosclerotic disease) កាន់តែធ្វើឲ្យការព្យាបាលតែពិបាកខ្លាំង ព្រោះត្រូវព្យាបាលជំងឺថែមមួយមុខទៀត។
មុនពេលផ្សំថ្នាំព្យាបាលណាមួយ ម៉ាក់ប៉ា អ៊ំៗ ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជាមុន ធ្វើតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ ក្នុងករណីមានលេចចេញផលរំខានណាមួយ ឆាប់ទៅជួបគ្រូពេទ្យភ្លាម។