ទល់លាមក អាចប៉ះពាល់ដល់សុខភាពដែរទេ? មានមូលហេុតអីបានជាទល់លាមក? ធ្វើម៉េចដោះស្រាយបាន? សំណួរទាំងនេះ ប្រហែលជាស្ថិតក្នុងការពិតទាំង ៥ ដែល “Hello គ្រូពេទ្យ’ នឹងលើកឡើងពាក់ព័ន្ធអាការៈទល់លាមក។
១- មិនចាំបាច់បត់ជើងធំរាល់ថ្ងៃក៏បាន
ធម្មតា នៅពេលត្រូវបត់ជើងធំ គ្មានផលវិបាកអ្វីកើតឡើងនោះទេ ហើយយើងម្នាក់ៗ គឺមានគម្លាតពេល ដើម្បីបត់ជើងធំខុសៗគ្នា។ ពេលខ្លះ យើងអាចនឹងបត់ជើងធំច្រើនជាង ៣ ដង/ថ្ងៃ ប៉ុន្តែគ្នាយើងខ្លះ ប្រហែលជាបត់ជើងធំត្រឹមតែ ៣ ដង/អាទិត្យ ប៉ុណ្ណោះ។ ជាទូទៅ យើងម្នាក់បត់ជើងធំតែម្តងប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែបើយើងមិនបានបន្ទោបង់ ហើយគ្មានអារម្មណ៍ឈឺចាប់អីទេ អាចចាត់ទុកជារឿងធម្មតា។ ប៉ុន្តែ បើបត់ជើងធំតិចជាង ៣ ដង/សប្ដាហ៍ មានន័យថា នេះជាបញ្ហាទល់លាមកហើយ។
២- ទល់លាមកមិនធ្វើឲ្យចាល់ជាតិពុលក្នុងរាងកាយទេ
មនុស្សជាច្រើនជឿថា បើលាមកនៅក្នុងរាងកាយយូរពេក វានឹងផលិតជាតិពុលកាន់តែច្រើន ប៉ុន្តែនេះជារឿងប្រឌិតទាំងស្រុង ព្រោះគ្មានការសិក្សាណាមួយ គាំទ្រចំពោះការលើកឡើងនេះទេ។ ហើយបើសិនជាសាធាតុពុលតុកស៊ីន កើតឡើងក្នុងពោះវៀនមែន សារធាតុសម្អាតពោះវៀន (Colon Cleansing) ថ្នាំបន្ទន់លាមក (Laxatives) ឬថ្នាំសុល (Enemas) ក៏មិនអាចការពារយើងពីជំងឺមហារីក និងជំងឺផ្សេងៗបានដែរ។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ទល់លាមក
- ឧស្សាហ៍រាក មិនកាត់បន្ថយអាហារទាំងនេះ ប្រយ័ត្នខូចពោះវៀន
៣- ជំងឺបាក់ទឹកចិត្តធ្វើឲ្យទល់លាមក
ផ្លូវចិត្ត មានឥទ្ធិពលផ្ទាល់ទៅលើចលនាពោះវៀន បើយើងទល់លាមក ហើយផ្លូវចិត្តយើងកំពុងតែស្ត្រេសដូចគ្នា។ ហេតុនេះ បញ្ហាទល់លាមក អាចដោះស្រាយបញ្ហាបាន ដោយគ្រាន់តែបន្ធូរអារម្មណ៍ តាមរយៈការធ្វើសមាធិ ឬតិចនិកបន្ធូរអារម្មណ៍ផ្សេងទៀត។ អាចនឹងមានប្រយោជន៍ បើយើងម៉ាស្សាពោះ ដើម្បីជួយសាច់ដុំនៅត្រង់នោះ បន្ធូរចលនាពោះរៀនយើង។
៤- ថ្នាំពេទ្យអាចធ្វើឲ្យទល់លាមក
ថ្នាំពេទ្យខ្លះ ដូចជា ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត (Antidepressants) និងថ្នាំលើសឈាម គឺសុទ្ធតែអាចធ្វើឲ្យទល់លាមករ៉ាំរ៉ៃ។ បើយើងទល់លាមក នៅពេលកំពុងប្រើថ្នាំទាំងនេះ សូមប្រាប់ទៅគ្រូពេទ្យភ្លាម ព្រោះគ្រូពេទ្យនឹងផ្លាស់ប្ដូរថ្នាំថ្មី ដើម្បីកុំឲ្យយើងមានបញ្ហានេះ។
៥- សារធាតុរាវអាចជួយបាន
នៅពេលរាងកាយមានជាតិទឹកគ្រប់គ្រាន់ លាមកនឹងទន់ ហើយឆ្លងកាត់ពោះវៀនកាន់តែងាយស្រួល។ បើញ៉ាំទឹកច្រើនពេក ធ្វើឲ្យយើងធុញ គួរបំពេញជាតិទឹកដោយញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។ ទោះយ៉ាងណា ចៀសវាងផឹកជាតិកាហ្វេអ៊ីន និងជាតិអាល់កុល ព្រោះអាចធ្វើឲ្យយើងខ្សោះជាតិទឹក (Dehydration) បាន។ ផឹកភេសជ្ជៈក្ដៅឧណ្ហៗនៅពេលព្រឹក អាចជួយយើងបំពេញតម្រូវការនេះបាន។
ញ៉ាំទឹកគ្រប់គ្រាន់ និងញ៉ាំអាហារមានជាតិសរសៃ អាចជួយឲ្យយើងធូរស្រាលពីបញ្ហាទល់លាមក។ យ៉ាងនេះក្ដី បើបញ្ហាទល់លាមកនៅតែមាន សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការព្យាបាល។ មិនត្រូវប្រើថ្នាំបន្ទន់លាមកព្យាបាលដោយខ្លួនឯងនោះទេ ព្រោះការប្រើថ្នាំបន្ទន់លាមកច្រើនពេក អាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។
[embed-health-tool-bmr]