ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទម្លាប់តូចៗប្រចាំថ្ងៃអាចបំផ្លាញជីវិតជាសង្សារ ឬ ប្ដីប្រពន្ធយើងបាន ដល់ថ្នាក់លែងនិយាយរកគ្នា ពាក់មុខយក្សដាក់គ្នា ឬលែងលះគ្នាក៏មាន បើអស់ទ្រាំ។ ដើម្បីចៀសវាងរឿងនេះ កុំធ្វើរឿង ៨ យ៉ាងខាងក្រោម៖
១- និយាយដើមដៃគូ
ពិសេសស្រីៗអាចមានទម្លាប់នេះ នៅពេលពួកគេនៅជាមួយមនុស្សដែលចូលចិត្តនិយាយដើមគេ។ ភាគច្រើនមិនសូវសម្បូររឿងល្អប៉ុន្មានទេ។ គ្នាយើងខ្លះ សេពគប់ ឬមានអ្នកស្គាល់គ្នា (ស៊េរីទំនេរមិនបាន ជុំគ្នាស៊ីត្រាវ) ចាត់ចូលជាចំណុចអត់ល្អ។
២- គិតតែចំណុចខ្សោយ
ការប្រៀបធៀបដៃគូរបស់ខ្លួនទៅបុគ្គលផ្សេង សង្សារ ឬប្ដី/ប្រពន្ធរបស់មិត្តភ័ក្ដិ រកតែចំណុចអាក្រក់ ជាការសន្សំរឿងល្អក់កករក្នុងចិត្ត ហើយថ្ងៃណាមួយនឹងផ្ទុះជាជម្លោះជាមិនខាន។ បើដឹងខ្លួន មានទម្លាប់បែបនេះ គួរប្ដូរវាចេញ ព្រោះវាមានជះឥទ្ធិពលប្រេះឆាដល់អនាគត (ឬគ្រួសារ) ដែលយើងមានផែនការរស់នៅជាមួយគ្នាយូរ។
៣- មិនដែលគិតពីអារម្មណ៍ដៃគូ
រឿងអាក្រក់នរណាក៏មាន ខុសត្រង់ថា តិច ឬច្រើនប៉ុណ្ណោះ។ ពេលសម្រេចចិត្តនៅជាមួយគ្នា គឺបែងចែកខ្លួនពាក់កណ្ដាលទៅឲ្យដៃគូ មិនថា ពេលវេលា ឬចំណូលចិត្ត។ ស្វែងយល់ពីគ្នា ព្យាយាមលះបង់ឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីសុភមង្គលថ្ងៃក្រោយ។ កើតជំងឺតួឯក ឬគិតតែខ្លួនឯងពេក ជាសញ្ញាប្រាប់ថា ត្រៀមរស់នៅម្នាក់ឯងឲ្យហើយទៅ បើមិនកែ។
៤- ចាប់ផ្ដើមឈ្លោះវាយតប់
ស្រីៗទំនងជាសម្បូរបញ្ហាលើកឡើងជាងបុរស។ បុរសចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ពេលស្រីៗធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ដូចជាចង់ស្រែក ឬប្រើពាក្យសម្ដីធ្ងន់ៗដែលអាចបង្កជម្លោះ។ ការហ៊ានលើកដៃ លើកជើង យកឈ្នះចាញ់ ភាគច្រើនក៏មិនអាចទ្រាំទ្រនៅជាមួយគ្នាបានដែរ។
៥- ពាក្យសម្ដី
ឈ្លោះគ្នា ឬប៉ះទង្គិច ចាប់ផ្ដើមពីពាក្យសម្ដីទ្រគោះបោះបោក ជេរជាដើម មុនឈានដល់ហិង្សា។ អ្នកខ្លះគេប្រកាន់ណាស់ ព្រោះសម្ដីវាធ្ងន់ជាងវាយទៀត។ ត្រូវចេះគ្រប់គ្រងខ្លួនឯង កុំបណ្ដោយឲ្យសម្ពាធ ឬកំហឹងមួយឆាវ បំផ្លាញក្ដីស្រឡាញ់ដែលខំសាងជាយូរ។
៦- មុខក្រញូវមិនលស់
ទោះបីព្យាយាមធ្វើចិត្តឲ្យត្រជាក់ តែរាងកាយមិនស្ដាប់យើង ហើយនៅតែបន្តទឹកមុខមិនល្អ លាក់បាំងអារម្មណ៍ពិត ហាក់ដូចជាទាត់ចោលនូវពេលវេលាយោគយល់គ្នារវាងដៃគូ។ ពេលខ្លះញញឹមមិនចេញ ក៏ត្រូវញញឹមដែរ។
៧- មិនឈ្លោះទាល់តែសោះ
បើមានបញ្ហាអ្វីមួយអាក់អន់ស្រពន់ចិត្ត ហើយមិនលើកឡើងទេ បញ្ហាទំនាក់ទំនងនឹងកាន់តែឆ្ងាយទៅៗ។ យកល្អ គួរលើកបញ្ហាមកដោះស្រាយជាជាងទុកវាឲ្យធ្ងន់ធ្ងរ។
៨- ទុកបញ្ហាចោលមិនដោះស្រាយ
ទុកបញ្ហាចោលយូរពេកមិនដោះស្រាយ អាចជំរុញឲ្យធ្លាក់ក្នុងបញ្ហារឹតតែធ្ងន់ធ្ងរ ដូចនេះត្រូវចេះប្រឈមនឹងបញ្ហាជាបន្ទាន់។
គ្រាន់តែថា ករណីបញ្ហាខ្លះត្រូវការពេលដោះស្រាយប៉ុណ្ណោះ។ អ៊ីចឹង យើងត្រូវរង់ចាំយូរបន្តិច ដើម្បីឱ្យអ្វីៗវិលត្រលប់មកវិញ។ សំខាន់ជាងគេ ភាគីទាំងសងខាងត្រូវមានឆន្ទៈជួយសង្គ្រោះទំនាក់ទំនង ឬអាពាហ៍ពិពាហ៍របស់ខ្លួនឡើងវិញ ពោលគឺចង់នៅជាមួយគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕