“មានរូបមានទុក្ខ’ ជាពុទ្ធឱវាទ តែងឮគេប្រើតៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីលើកទឹកចិត្តមនុស្សកុំឲ្យបោះបង់ការតស៊ូ ចេះពុះពារដើម្បីជីវិតប្រសើរមួយនៅថ្ងៃមុខ។ យើងដឹងស្រាប់ហើយ លើលោកនេះ ជីវិតមនុស្សជោគជ័យ និងបរាជ័យ គ្មានអ្វីខុសគ្នានោះទេ សុទ្ធតែធ្លាប់ឆ្លងកាត់ឧបសគ្គ អ្វីខុសគ្នា គឺត្រឹមការគិត ការអនុវត្ត និងដំណោះស្រាយបញ្ហា។ ជួបបញ្ហាជីវិត គួរឈប់បន្តិច ដកដង្ហើមវែងៗ ចាំបន្តទៅមុន ហើយដើម្បីធ្វើឲ្យជីវិតប្រសើរឡើង គួរបោះបង់ចោលរឿង ១៥យ៉ាង ខាងក្រោមនេះ។
កុំបន្ទោសអ្នកដទៃ ឬបន្ទោសព្រហ្មលិខិត ពេលមានរឿងមិនល្អកើតឡើងក្នុងជីវិតយើង។ យើងខ្លួនឯងជាអ្នកកំណត់ជីវិតខ្លួនឯង ដូចនេះត្រូវគិតថា បញ្ហាកើតឡើងលើខ្លួនយើង ជាកំហុសយើងផ្ទាល់ ត្រូវចេះដោះស្រាយបញ្ហា និងគ្រប់គ្រងជីវិតខ្លួនឯងឲ្យបានល្អ។
២- លាក់អារម្មណ៍តែម្នាក់ឯង
កុំបន្តទម្លាប់បែបនេះតទៅទៀតអី គ្មាននរណាយល់អារម្មណ៍យើងទេ បើយើងមិនប្រាប់គេ។ លាក់អារម្មណ៍ទុកតែម្នាក់ឯង អាចនាំឲ្យយើងគិតលើផ្លូវអវិជ្ជមាន។ ត្រូវព្យាយាមបញ្ចេញយោបល់ទៅលើអ្វីមួយ និងនិយាយពីរឿងក្នុងចិត្ត ប្រាប់ទៅនរណាម្នាក់យើងទុកចិត្តបំផុត។
៣- និយាយដើមគេ
និយាយដើមគេពីក្រោយខ្នង ពុំបានជួយធ្វីដល់យើងទេ ផ្ទុយទៅវិញ អាចធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារយើង បាត់បង់ទំនុកចិត្ត និងការគោរពចំពោះយើង ដោយសារតែពាក្យសំដីឥតបានការទាំងនេះ។
៤- ឲ្យអ្នកដទៃជិះជាន់
ទោះបីយើងជាមនុស្សមានអត្តចរិតគួរសម រម្យទម ប៉ុន្តែបើយើងតែងតែស្រប មិនបដិសេធ សំណើរ ឬសំដីអ្នកដទៃ អាចនឹងធ្វើឲ្យគេមើលរំលងអំពើល្អ និងការគួរសមរបស់យើង រំខានការងារ និងចាត់ទុកអារម្មណ៍យើងដូចជាសំរាម។
អត្ថបទពាក់ព័ន្ធ៖
៥- គេចពីការសរសើរ
កុំព្យាយាមគេចវេសពេលនរណាម្នាក់សរសើរយើង ព្រោះបង្ហាញថា យើងគ្មានទំនុកចិត្តលើខ្លួនឯង។ គ្មានទំនុកចិត្តលើខ្លួនឯង អាចធ្វើបានបាត់បង់អ្វីល្អៗ ដែលអ្នកដទៃគិតមកលើយើង រួមទាំង សេចក្តីទុកចិត្ត និងភាពស្មោះត្រង់ជាដើម។
៦- មិនគិតពីសុខភាព
ញ៉ាំអាហារមិនល្អចំពោះសុខភាព ផឹកស្រា ជក់បារី និងមិនហាត់ប្រាណ គឺសុទ្ធតែជាកត្តានាំឲ្យយើងរស់នៅក្នុងជីវិតមួយពោរពេញដោយភាពល្អក់កករ ខ្មៅងងឹត។
៧- គិតច្រើន
គិតច្រើនទៅលើរឿងគ្រប់យ៉ាង មិនល្អចំពោះយើងទេ ឧទាហរណ៍ ផ្ញើសារទៅគេ ហើយគេតប ត្រឹម “Ok” យើងអាចគិតថាគេធុញទ្រាន់នឹងយើង។ គិតបែបនេះ ធ្វើឲ្យយើងគ្មានសេចក្តីសុខក្នុងជីវិតឡើយ។
៨- គិតថាយោបល់អ្នកដទៃត្រូវគ្រប់បែបយ៉ាង
ការស្តាប់ដំបូន្មានរបស់អ្នកដទៃគឺល្អ ប៉ុន្តែគ្រាន់យកវាមកគិតបានហើយ ត្រូវចេះពិចារណាខ្លួនឯង ទើបទទួលបានជោគជ័យមួយពោរពេញដោយមោទនភាព។
៩- អាក្រក់ចំពោះខ្លួនឯង
បើមានទម្លាប់ធ្វើអាក្រក់ គិតអាក្រក់ចំពោះខ្លួនឯង ត្រូវតែបញ្ឈប់ភ្លាម ព្រោះទម្លាប់នេះ មិនត្រឹមតែមិនអាចនាំភាពរីកចម្រើនដល់យើងទេ កាន់តែធ្វើឲ្យជីវិតយើងជួបតែរឿងអាក្រក់ថែមទៀត។
១០- បោះបង់ចោលទាំងកណ្តាលទី
ទម្លាប់បោះបង់ការព្យាយាម ឈប់ធ្វើអ្វីមួយយើងកំពុងចង់ធ្វើទាំងកណ្តាលទី អាចប៉ះពាល់ដល់ការងារ ទំនាក់ទំនង ឬក្តីស្រមៃរបស់យើងផ្ទាល់។
១១- ឲ្យតម្លៃសំបកក្រៅជាងបទពិសោធ
វាជារឿងល្អពេលមានគេសរសើរយើងថាស្អាត ពូកែ ប៉ុន្តែតម្លៃសំបកក្រៅ អាចបានត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ មិនអាចនៅឋិតថេរបែបនេះរហូតទេ ត្រូវបង្កើតអ្វីដែលធ្វើឲ្យអ្នកដទៃជឿជាក់ ជឿថាយើងជាមនុស្សអាចធ្វើបាន។
១២- វាយតម្លៃអ្នកដទៃ
បើយើងតែងមានទម្លាប់វាយតម្លៃអ្នកដទៃ សូម្បីតែមនុស្សគ្រាន់តែដើរកាត់មុខ ឬវាយតម្លៃនរណាម្នាក់តាមរយៈប្រវត្តិគ្រួសារ ការងារ និងការសិក្សា តាមចិត្តយើង ចូលចិត្ត ឬមិនចូលចិត្ត គួរតែឈប់ភ្លាម។
១៣- ចុចទូរសព្ទជាប់រហូត
នៅជាមួយទូរសព្ទគ្រប់ពេល ជារឿងដ៏គួរឲ្យព្រួយបារម្ភ ហើយក៏ជាអ្វីកំពុងកើតឡើងក្នុងសង្គមបច្ចុប្បន្ននេះ។ ទម្លាប់បែបនេះ គឺទទួលបានផលអាក្រក់ ច្រើនជាងផលល្អ។
១៤- ប្រឌិតឋរឿង
ប្រាប់រឿងមិនពិតពីជីវិតយើងទៅកាន់អ្នកដទៃ គឺជាអ្វីមនុស្សរូបតែងតែធ្វើ។ ទម្លាប់បែបនេះ មិនត្រឹមតែធ្វើឲ្យអ្នកដទៃមើលមកយើងខុសនោះទេ យើងខ្លួនឯងក៏មើលខ្លួនឯងខុសដូចគ្នា។
១៥- មិនបង្កើតអ្វីថ្មី និងមិនចេះក្តាប់ឱកាស
រស់នៅក្នុងបរិយាកាសជុំវិញមានផាសុកភាព ទោះទទួលបានអារម្មណ៍កកក្តៅ ប៉ុន្តែមិនអាចផ្តល់អ្វីថ្មីឲ្យយើងលើសពីនេះទេ។ ពេលខ្លះ មានមនុស្សកំពុងរង់ចាំយើង ចាំចូលរួមជាមួយយើងបង្កើតអ្វីថ្មី អស្ចារ្យ និងកាន់តែជោគជ័យសម្រាប់ជីវិត។ ហេតុនេះ ត្រូវចេះក្តាប់ឱកាស ទើបអាចទទួលបានជីវិតប្រសើរមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕