ជីវិតគ្រួសារនរណាក៏ជួបបញ្ហាដែរ តែសំខាន់ការដោះស្រាយ ប៉ុន្តែបើយើងចេះរៀបចំបានល្អិតល្អន់នោះ អាចកាត់បន្ថយបានច្រើន។ ទន្ទឹមនឹងការចេះដោះស្រាយ ការត្រៀមខ្លួនជាមុន ក៏ជារឿងសំខាន់សម្រាប់ជីវិតគូដែរ។ ខាងក្រោមជាការចែករំលែកការរៀបចំរឿងជាច្រើនយ៉ាងមុនរៀបការ។
១- គិតគូរពីបញ្ហាសុខភាព
បើតាមលោក សៀន សុភត្រា ធ្វើការនៅក្រុមហ៊ុននាំទំនិញចេញចូលមួយ បានឲ្យដឹងថា បញ្ហានេះពិតជាសំខាន់ណាស់ សម្រាប់គូស្នេហ៍ទាំងឡាយ។ បុគ្គលិកទទួលបន្ទុកផ្នែកពិនិត្យទំនិញបានបញ្ជាក់ទៀតថា ទាន់នៅខ្លួនមួយ គួរតែគិតគូរថែទាំ និងព្យាបាលជំងឺដែលខ្លួនមានឲ្យបានប្រសើរ ទើបរៀបការរួចជីវិតគ្រួសារមានសុភមង្គល។ អ្នកស្រុកកំណើតនៅភ្នំពេញរូបនេះបញ្ជាក់ថា ក្រោយរៀបការរួច ប្ដីប្រពន្ធគ្រប់រូបខិតខំស្វះស្វែងធ្វើការ រកស៊ី ដើម្បីមានទ្រព្យជាប់ខ្លួនខ្លះៗ តែបើម្ខាងៗឈឺមិនឈប់ យើងមិនអាចរីកចម្រើនបានទេ។ ម៉្យាងទៀត រៀបការរួចមិនមែនគិតសម្រាប់តែពីខ្លួនឯងទេ នៅមានរឿងកូនចៅបន្តទៀត ដូចនេះគួរតែថែរក្សាសុខភាពឲ្យបានប្រសើរសិន មុនឈានដល់អាពាហ៍ពិពាហ៍។
«រឿងនេះពិតជាសំខាន់ខ្លាំងណាស់ បន្ទាប់ពីសុខភាព ព្រោះថាពេលនៅខ្លួនមួយត្រូវធ្វើយ៉ាងណារកប្រាក់កាសឲ្យនៅសេសសល់ខ្លះៗ ដើម្បីទុកផ្គត់ផ្គង់ថ្ងៃពិសេស និងក្រោយពេលនោះ ព្រោះបើគ្រួសារមានបញ្ហាឈឺថ្កាត់នៅពេលណាមួយ យើងអាចមានប្រាក់ព្យាបាលទាន់ពេល»។ នេះជាការលើកឡើងរបស់អ្នកនាង ពៅ រតនា អ្នកលក់ដូរសម្លៀកបំពាក់នៅផ្សារថ្មី។ អ្នកនាងរៀបការថា ប្រសិនបើយើងគ្មានលុយកាក់ទេ ពេលឈឺបានអ្វីយកទៅពេទ្យ ហើយរឿងនេះគ្មាននរណាគេមើលឃើញមុនឡើយ។
«មានប្ដីប្រពន្ធខ្លះឈ្លោះគ្នា ព្រោះតែបញ្ហាកូន ដោយមានម្ខាងចង់បាន ម្ខាងទៀតមិនទាន់ចង់បាន។ ដូចនេះ ដើម្បីចៀសវាងបញ្ហាច្រើន ក្រោយរៀបការយើងត្រូវលើកយកចំណុចនេះមកនិយាយមុនសិន ហើយបើចង់បាន ត្រូវសួរដៃគូថា យើងគួរត្រៀមខ្លួនបែបណា ដើម្បីចិញ្ចឹមកូន? មានអ្វីសេសសល់អ្វីខ្លះ សម្រាប់ចិញ្ចឹមកូន? ហើយតើក្រោយមានកូន គួរថែទាំបែបណា…? ទាំងអស់នេះសុទ្ធសឹងជារឿងត្រូវធ្វើ មុនកសាងគ្រួសារ»។ នេះគឺជាការលើកឡើងរបស់លោកគ្រូ ជឹម វណ្ណា ដែលបង្រៀននៅវិទ្យាល័យហ៊ុនសែន ខ្សាច់កណ្ដាល។
ចង់កសាងគ្រួសារឲ្យមានសុភមង្គល គួរតែមានលំនឹងផ្នែកហិរញ្ញវត្ថុជាមុនសិន។ នេះជាមតិរបស់អ្នកស្រី ទាវ សុវណ្ណ បុគ្គលិកមីក្រូហិរញ្ញវត្ថុមួយ ហើយស្រ្តីវ័យ ៣៦ ឆ្នាំរូបនោះបានបន្ថែមទៀតថា បើមិនមានស្ថិរភាពហិរញ្ញវត្ថុ គួរណាស់តែខិតខំធ្វើការមិនរើសអើង ឬខ្ជិលច្រអូសឡើយ ហើយគ្រួសារណាដែលមិនគិតគូរពីបញ្ហានេះ ភាគច្រើនទាស់ទែងគ្នា ឬរហូតដល់លែងលះក៏មាន ព្រោះថារាល់ថ្ងៃមនុស្សត្រូវចំណាយ ដើម្បីទទួលបានអាហារល្អ ឬសម្លៀកបំពាក់សមរម្យ ចុះបើការងារមិនមានស្ថិរភាពហិរញ្ញវត្ថុ ហើយមិនខំធ្វើការទៀត តើប្រពន្ធ/ប្ដី កូន ពឹងលើអ្វីទៅ។ អ្នកទទួលបន្ទុកផ្នែកទីផ្សាររូបនេះ បានបន្តទៀតថា ការដែលសំខាន់ គឺត្រូវគិតដល់ពេលមានកូនតូចឈឺ សាច់ញាតិ និងខ្លួនឯងជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕