បញ្ហាធំ ៤ គួររៀបផែនការ មុនកសាងគ្រួសារ

    បញ្ហាធំ ៤ គួររៀបផែនការ មុនកសាងគ្រួសារ

    ជីវិត​គ្រួសារ​នរណា​ក៏​ជួប​បញ្ហា​ដែរ តែ​សំខាន់​ការ​ដោះស្រាយ ប៉ុន្តែ​បើ​យើងចេះ​រៀបចំ​បាន​ល្អិតល្អន់​នោះ អាច​កាត់​បន្ថយ​បាន​ច្រើន។ ទន្ទឹម​នឹង​ការ​ចេះ​ដោះស្រាយ ការ​ត្រៀម​ខ្លួន​ជា​មុន ក៏​ជា​រឿង​សំខាន់​សម្រាប់​ជីវិត​គូ​ដែរ។ ខាងក្រោម​ជា​ការ​ចែក​រំលែក​ការ​រៀបចំ​រឿង​ជាច្រើន​យ៉ាង​មុន​រៀបការ។

    ១- គិតគូរ​ពី​បញ្ហា​សុខភាព

    បើ​តាម​លោក សៀន សុភត្រា ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​ចូល​មួយ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ពិតជា​សំខាន់​ណាស់ សម្រាប់​គូស្នេហ៍​ទាំងឡាយ។ បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​ពិនិត្យ​ទំនិញ​បាន​បញ្ជាក់​ទៀត​ថា ទាន់​នៅ​ខ្លួន​មួយ គួរតែ​គិតគូរ​ថែទាំ និង​ព្យាបាល​ជំងឺ​ដែល​ខ្លួន​មាន​ឲ្យ​បាន​ប្រសើរ ទើប​រៀបការ​រួច​ជីវិត​គ្រួសារ​មាន​សុភមង្គល។ អ្នក​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ថា ក្រោយ​រៀបការ​រួច ប្ដី​ប្រពន្ធ​គ្រប់​រូប​ខិតខំ​ស្វះស្វែង​ធ្វើការ ​រក​ស៊ី ដើម្បី​មាន​ទ្រព្យ​ជាប់​ខ្លួន​ខ្លះ​ៗ តែ​បើ​ម្ខាង​ៗ​ឈឺ​មិន​ឈប់ យើង​មិន​អាច​រីកចម្រើន​បាន​ទេ។ ម៉្យាង​ទៀត រៀបការ​រួច​មិនមែន​គិត​សម្រាប់​តែ​ពី​ខ្លួនឯង​ទេ នៅ​មាន​រឿង​កូនចៅ​បន្ត​ទៀត ដូចនេះ​គួរតែ​ថែរក្សា​សុខភាព​ឲ្យ​បាន​ប្រសើរ​សិន មុន​ឈាន​ដល់​អាពាហ៍ពិពាហ៍។

    ២- ប្រាក់កាស

    «រឿង​នេះ​ពិតជា​សំខាន់​ខ្លាំង​ណាស់ បន្ទាប់​ពី​សុខភាព ព្រោះ​ថា​ពេល​នៅ​ខ្លួន​មួយ​ត្រូវ​ធ្វើ​យ៉ាង​ណា​រក​ប្រាក់កាស​ឲ្យ​នៅ​សេសសល់​ខ្លះ​ៗ ដើម្បី​ទុក​ផ្គត់ផ្គង់​ថ្ងៃ​ពិសេស និង​ក្រោយ​ពេល​នោះ ព្រោះ​បើ​គ្រួសារ​មាន​បញ្ហា​ឈឺថ្កាត់​នៅ​ពេល​ណា​មួយ យើង​អាច​មាន​ប្រាក់​ព្យាបាល​ទាន់​ពេល»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង ពៅ រតនា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ថ្មី។ អ្នកនាង​រៀបការ​ថា ប្រសិនបើ​យើង​គ្មាន​លុយ​កាក់​ទេ ពេល​ឈឺ​បាន​អ្វី​យក​ទៅ​ពេទ្យ ហើយ​រឿង​នេះ​គ្មាន​នរណា​គេ​មើល​ឃើញ​មុន​ឡើយ។

    គ្រួសារHello_គ្រូពេទ្យ

    ៣- និយាយគ្នាពី​រឿង​កូន

    «មាន​ប្ដី​ប្រពន្ធ​ខ្លះ​ឈ្លោះ​គ្នា ព្រោះតែ​បញ្ហា​កូន ដោយ​មាន​ម្ខាង​ចង់​បាន ម្ខាង​ទៀត​មិន​ទាន់​ចង់​បាន។ ដូចនេះ ដើម្បី​ចៀសវាង​បញ្ហា​ច្រើន ក្រោយ​រៀបការ​យើង​ត្រូវ​លើក​យក​ចំណុច​នេះ​មក​និយាយ​មុន​សិន ហើយ​បើ​ចង់​បាន​ ត្រូវ​សួរ​ដៃគូ​ថា យើង​គួរ​ត្រៀម​ខ្លួន​បែប​ណា ដើម្បី​ចិញ្ចឹម​កូន? មាន​អ្វី​សេសសល់​អ្វី​ខ្លះ សម្រាប់​ចិញ្ចឹម​​កូន? ហើយ​តើ​ក្រោយ​មាន​កូន​ គួរ​ថែទាំ​បែប​ណា…? ទាំងអស់​នេះ​សុទ្ធ​សឹង​ជា​រឿង​ត្រូវ​ធ្វើ មុន​កសាង​គ្រួសារ»។ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​គ្រូ ជឹម វណ្ណា ដែល​បង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ ខ្សាច់​កណ្ដាល។

    ៤- ស្ថិរភាព​ហិរញ្ញវត្ថុ

    ចង់​កសាង​គ្រួសារ​ឲ្យ​មាន​សុភមង្គល គួរតែ​មាន​លំនឹង​ផ្នែក​ហិរញ្ញ​វត្ថុជាមុន​សិន។ នេះ​ជា​មតិ​របស់​អ្នក​ស្រី ទាវ សុវណ្ណ បុគ្គលិក​មីក្រូ​ហិរញ្ញវត្ថុ​មួយ ហើយ​ស្រ្តី​វ័យ ៣៦ ឆ្នាំ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា បើ​មិន​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ គួរ​ណាស់​តែ​ខិតខំ​ធ្វើការ​មិន​រើស​អើង ឬ​ខ្ជិលច្រអូស​ឡើយ ហើយ​គ្រួសារ​ណា​ដែល​មិន​គិតគូរ​ពី​បញ្ហា​នេះ ភាគច្រើន​ទាស់ទែង​គ្នា ឬ​រហូត​ដល់​លែងលះ​ក៏​មាន ព្រោះ​ថា​រាល់ថ្ងៃ​មនុស្ស​ត្រូវ​ចំណាយ ដើម្បី​ទទួល​បាន​អាហារ​ល្អ ឬ​សម្លៀកបំពាក់​សមរម្យ ចុះ​បើ​ការងារ​មិន​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​មិន​ខំ​ធ្វើការ​ទៀត តើ​ប្រពន្ធ/ប្ដី កូន ពឹង​លើ​អ្វី​ទៅ។ អ្នក​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​រូប​នេះ បាន​បន្ត​ទៀត​ថា ការ​ដែល​សំខាន់ គឺ​ត្រូវ​គិត​ដល់​ពេល​មាន​កូន​តូច​ឈឺ សាច់ញាតិ និង​ខ្លួនឯង​ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 19/08/2019
    ត្រួតពិនិត្យដោយ ដេត ធន្នី