backup og meta

ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាព​ត្រូវ​យកចិត្តទុកដាក់​

ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាព​ត្រូវ​យកចិត្តទុកដាក់​

ក្អក​ស្ងួត​គឺជា​អាការៈ​ក្អក​ដែល​មិន​មាន​​ស្លេស្ម ហើយបើ​មាន​​ក្អកស្ងួត​ និង​មាន​អាការៈ​ឈឺ​ទ្រូង​មក​ជាមួយ​ផង​​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន។ ក្នុង​ករណី​មួយចំនួន អាការៈ​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ អត្ថបទ​នេះ​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អក​ស្ងួត និង​ឈឺ​ទ្រូង។

១. ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ

ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ​មាន​ច្រមុះ និង​តំបន់​ប្រហោង​ឆ្អឹង​ច្រមុះ(Sinus)។ ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​តែង​ជា​មូលហេតុ​បង្ក​អាការៈក្អក។ រោគសញ្ញា​ផ្សេងៗ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មាន​អាការៈ​ហៀរ​សម្បោរ ឈឺក គ្រុន​ក្ដៅ និង​ឈឺ​ខ្លួន។ ការ​ឆ្លង​មេរោគ​នេះ​អាច​បង្ក​ដោយ​វីរុស និង​បាក់តេរី។ ភាគច្រើន​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​វីរុស​ដូចជា​ជំងឺ​ផ្ដាសាយ​អាច​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​បាក់តេរី​អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ (Antibiotics)។

២. ការ​ស្រូប​នូវ​សារធាតុ​បង្ក​ការ​រលាក

សារធាតុ​បង្ក​ការ​រលាក​មាន​ដូចជា​ផ្សែង និង​ចំហាយ​ផ្សេងៗ។ សារធាតុ​ទាំង​នេះ​បង្ក​ការ​រលាក​នៅ​បំពង់ក និង​ផ្លូវ​ដង្ហើម​ដែល​អាច​បង្ក​ឲ្យ​ក្អក​ស្ងួត។ ក្នុង​ករណី​ធ្ងន់ធ្ងរ និង​ក្អក​មិន​បាត់​អាច​បង្ក​ឲ្យ​ឈឺ​ទ្រូង​ដែរ។

៣. ជំងឺ​ហឺត

ជំងឺ​ហឺត​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​នៅ​ក្នុង​សួត។ រោគសញ្ញា​ទូទៅ​គឺ​ការ​ដកដង្ហើម​ឮងឺតៗ (wheezing) និង​រោគ​សញ្ញា​ផ្សេងទៀត​រួមមាន​ក្អក​រ៉ាំរ៉ៃ ឈឺ និង​ណែន​ទ្រូង ពិបាក​ដក​ដង្ហើម និង​ពិបាក​ក្នុង​ការ​គេង។ គ្នាយើង​ដែល​មាន​ជំងឺ​ហឺត​គឺ​ចៀសវាង​ការ​ស្រូប​ផ្សែង និង​ធូលីព្រោះ​ទាំង​នេះ​អាច​ធ្វើឲ្យ​ជំងឺ​ហឺត​ធ្វើ​ទុក្ខ​បាន​។

៤. ជំងឺ​ច្រាលទឹក​អាស៊ីដក្រពះ (GERD)

រោគសញ្ញា​នៃ​ការ​ច្រាលទឹក​អាស៊ីដក្រពះ​គឺ​មាន​អាស៊ីដ​ច្រើន​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង។ អាការៈ​ក្រហាយ​ភាគច្រើន​មាន​នៅ​ទ្រូង និង​ពោះ​ផ្នែក​ខាងលើ។ នៅ​ពេល​អាស៊ីដ​ក្រពះ​ច្រើន​រហូត​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​អាច​បង្ក​ឲ្យ​រលាក​បំពង់ក​ដែល​ធ្វើឲ្យ​ក្អក​ស្ងួត​បាន។ ដើម្បី​កាត់បន្ថយ​អាការៈ​ច្រាលអាស៊ីដ​ក្រពះ​ យើង​គួរ​៖

  • ចៀសវាង​ញ៉ាំ​អាហារ​ហឹរ ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន
  • កុំ​ញ៉ាំ​ច្រើន​ហួស​កំណត់
  • ចៀសវាង​ការ​ញ៉ាំ​អាហារ​ជិតដល់​ម៉ោងចូលគេង គួញ៉ាំឲ្យ​បាន​មុន​ចូល​គេង​២-៣​ម៉ោង​
  • ផ្ដាច់​បារី។

៥. ជំងឺ​ខ្យល់​ក្នុង​ទ្រូង​ (Pneumothorax)

ជំងឺ​ខ្យល់​ក្នុង​ទ្រូង​សំដៅ​លើ​ស្ថានភាព​ដែល​ខ្យល់​ចេញ​ពី​សួត​ទៅ​ក្នុង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង។ នៅ​ពេល​មាន​ខ្យល់​ក្នុង​ចន្លោះ​នោះ​អាច​បន្ថែម​សម្ពាធ​ទៅ​សួត យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​សួត​ឡើង​ប៉ោងពេល​ដកដង្ហើមចូល​។ រោគសញ្ញា​នៃ​ជំងឺ​នេះ​រួមមាន​ក្អក​ស្ងួត ពិបាក​ដកដង្ហើម ឈឺទ្រូង​ពេល​ដក​ដង្ហើម និង​ឈឺ​មួយ​ចំហៀង​ទ្រូង។

៦. ជំងឺ​មហារីក​សួត

ជំងឺ​មហារីក​សួត​អាច​បង្ក​អាការៈ​ឈឺទ្រូង និង​ក្អក រួម​ទាំង​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ពិបាក​ដកដង្ហើម ដកដង្ហើម​ឮ​ងឺតៗ អស់កម្លាំង បាត់បង់​ចំណង់​អាហារ ស្រក​ទម្ងន់ និង​ក្អក​មាន​ឈាម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/dry-cough-with-chest-pain

កំណែ​ប្រែបច្ចុប្បន្ន

02/09/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការប៉ះទង្គិចទ្រូង-សួត អាចប៉ះពាល់ដល់ខាងក្នុង ប្រញាប់ទៅរកពេទ្យ

ឧស្សាហ៍ចុកទ្រូង អាចបណ្ដាលមកពី​មូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម