មធ្យោបាយពន្យារកំណើតគឺមានច្រើន ហើយក្នុងចំណោមនោះការប្រើស្រោមអនាម័យក៏ជាមធ្យោបាយមួយដែរ។ គ្នាយើងអាចដឹងហើយថាស្រោមអនាម័យមានទាំងសម្រាប់បុរស និងស្ត្រី ដែលនេះធ្វើឲ្យមានការចោទជាសំណួរឡើងថាស្រោមអនាម័យបុរស និងស្រោមអនាម័យស្ត្រី តើមួយណាមានប្រសិទ្ធភាពជាង?
ស្រោមអនាម័យទាំងពីរប្រភេទនេះគឺសុទ្ធតែជាមធ្យោបាយពន្យារកំណើត និងការពារជំងឺកាមរោគផ្សេងៗ ប៉ុន្តែស្រោមអនាម័យទាំងពីរនេះមានភាពខុសគ្នាមួយចំនួនដែរ។ ស្រោមអនាម័យបុរសត្រូវយកចេញភ្លាមៗបន្ទាប់ពីបញ្ចេញទឹកកាមហើយ ចំណែកឯស្រោមអនាម័យស្ត្រីគឺមិនចាំបាច់យកចេញភ្លាមៗទេ។ ស្រោមអនាម័យបុរសធ្វើពីសារធាតុឡាតិច (Latex) ដែលអាចខូចប្រសិនជារក្សាទុកមិនបានត្រឹមត្រូវ ប៉ុន្តែសម្រាប់ស្រោមអនាម័យស្ត្រីគឺមិនងាយបាត់បង់គុណភាពដោយសារសីតុណ្ហភាព និងសំណើមទេ។ ម៉្យាងទៀត ស្រោមអនាម័យស្ត្រីអាចដាក់ចូលក្នុងទ្វារមាសបានរហូតដល់៨ម៉ោងមុននឹងមានអីៗនឹងគ្នា។
ភាគច្រើន គេតែងប្រើស្រោមអនាម័យដើម្បីការពារមិនឲ្យមានផ្ទៃពោះ ហើយស្រោមអនាម័យទាំងពីរប្រភេទនេះសុទ្ធតែអាចការពារកុំឲ្យទឹកកាមហូរចូលក្នុងទ្វារមាសបាន។ ប៉ុន្តែអ្នកជំនាញបានលើកឡើងថាស្រោមអនាម័យបុរសគឺមានប្រសិទ្ធភាពជាងក្នុងករណីនេះ។ យោងតាមការសិក្សាជាច្រើន នៅពេលប្រើស្រោមអនាម័យស្ត្រី អត្រាអាចមានផ្ទៃពោះគឺ ២១% បើធៀបនឹងការប្រើស្រោមអនាម័យបុរសគឺមានតែ១៤% ប៉ុណ្ណោះ។ មូលហេតុដែលស្រោមអនាម័យបុរសមានប្រសិទ្ធភាពជាងគឺមកពីការប្រើប្រាស់ស្រោមអនាម័យបុរសមានភាពងាយស្រួលជាង។ ការដាក់ស្រោមអនាម័យស្ត្រីទៅក្នុងទ្វារមាសមានការលំបាក និងកងរបស់ស្រោមអនាម័យអាចនឹងដាក់មិនដល់មាត់ស្បូន។
ក្រៅពីការការពារមិនឲ្យមានផ្ទៃពោះ ស្រោមអនាម័យក៏មានមុខងារសំខាន់មួយទៀតគឺការពារមិនឲ្យឆ្លងជំងឺកាមរោគដូចជាជំងឺរើម ប្រមេះទឹកបាយ ជំងឺអេដស៍ និងជំងឺរលាកថ្លើមជាដើម។ បើនិយាយពីប្រសិទ្ធភាពក្នុងការការពារជំងឺកាមរោគស្រោមអនាម័យបុរសគឺមានប្រសិទ្ធភាពជាង នេះមកពីការប្រើប្រាស់ស្រោមអនាម័យស្ត្រីអាចមានហានិភ័យមួយចំនួនដូចជារហែក របូត ឬលិង្គអាចភ្លាត់ចូលចន្លោះរវាងស្រោមអនាម័យ និងជញ្ជាំងទ្វារមាស។
ជារួម ស្រោមអនាម័យបុរស និងស្រោមអនាម័យស្ត្រីសុទ្ធតែអាចការពារកុំឲ្យមានផ្ទៃពោះ និងជំងឺកាមរោគផ្សេងៗ ប៉ុន្តែស្រោមអនាម័យបុរសគឺមានប្រសិទ្ធភាពជាងស្រោមអនាម័យស្ត្រី។ គួរបញ្ជាក់ដែរថាស្រោមអនាម័យទាំងពីរមិនអាចប្រើក្នុងពេលតែមួយទេ ហើយស្រោមអនាម័យទាំងពីរប្រភេទគឺប្រើបានតែម្ដងប៉ុណ្ណោះ។
[embed-health-tool-ovulation]