ប៉ុន្តែបើតាមអ្នកស្រី ស លីដា ដែលទៅរស់នៅប្រទេសបារាំង និងសម្រាលកូនទៅនោះបានឲ្យដឹងថា គាត់ក៏ធ្លាប់ឮចាស់ៗនិយាយបែបនោះដែរ។ តែពេលទៅរស់នៅទីនោះ និងសម្រាលកូនបាន ៤ នាក់ទើបស្ត្រីវ័យ ៣៥ ឆ្នាំដឹងថា បញ្ហាលេចនោមមិនមែនមកពីការញ៉ាំជូរឡើយ ពេទ្យនៅប្រទេសអឺរ៉ុបបានប្រាប់មក បញ្ហានេះមកពីយើងសម្រាលកូនដោយធម្មជាតិ និងប្រឹងដើម្បីឲ្យកូនចេញ ទើបប្រដាប់បន្តពូជមានសភាពមិនដូចមុន តាំងពីខាងក្នុងមកដល់ខាងក្រៅ។
ស្ត្រីដែលបានចូលសញ្ជាតិបារាំងរូបនេះបានបន្តទៀតថា នៅប្រទេសជឿនលឿនមួយនេះក៏មានករណីម៉ាក់ៗលេចនោមមិនដឹងខ្លួនដែរ ហើយខ្លួនគាត់ក៏ជួបបញ្ហានេះដែរ គ្រាន់តែពេទ្យនៅទីនោះមានវិធីព្យាបាល៖ “កូនបងកើតដោយធម្មជាតិ ៣ និងដោយវះកាត់១ ហើយពេលសម្រាលកូនហើយ ពេទ្យបានប្រាប់ឲ្យយើងទៅហាត់ប្រាណ ហើយហាត់តែផ្នែកយោនីនេះឯង ដោយឲ្យខ្ជឹបលាៗមួយថ្ងៃប្រហែល ៥ នាទី”។