backup og meta

ដឹងតិចនិកនេះ ទោះសម្លឹងអេក្រង់កុំព្យូទ័រយូរប៉ុនណា ក៏អស់បារម្ភបញ្ហាភ្នែកស្ងួត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 14, 2020

    ដឹងតិចនិកនេះ ទោះសម្លឹងអេក្រង់កុំព្យូទ័រយូរប៉ុនណា ក៏អស់បារម្ភបញ្ហាភ្នែកស្ងួត

    មាន​គ្នា​យើង​មួយ​ចំ​នួន​ធ្វើ​ការងារ​ជាមួយ​កុំព្យូទ័រ​ច្រើន​ ខ្លះអាច​ ៨ម៉ោង/ថ្ងៃ ដែល​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ឈឺ ស្ពឹក​ភ្នែក​ជារឿយៗ ដោយសារ​ខំ​ប្រឹង​សម្លឹង​អេក្រង់​ខ្លាំង​ពេក។ មិន​តែ​ប៉ុណ្ណោះ ការ​សម្លឹង​មើល​អេក្រង់​យូរ មិន​ថា កុំព្យូទ័រ ទូរស័ព្ទ ឬ​ក៏​ទូរទស្សន៍​ទេ វា​ក៏​ធ្វើ​ឲ្យ​ភ្នែក​យើង​ឆាប់​ស្ងួត​ថែម​ទៀត​ផង។

    ក្រៅ​ពី​នេះ មូល​ហេតុ​នៃ​ការ​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ស្ងួត​មាន​ដូច​ជា ការ​រលាក​រ៉ាំរ៉ៃ​នៃ​ត្របក​ភ្នែក ខ្វះ​ខាត​ទឹក​ភ្នែក ឬ​ទឹក​ភ្នែក​គ្មាន​គុណភាព។ សូម្បី​តែ​ក្រោម​កង្ហារ ឬ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​ក៏​ធ្វើ​ឲ្យ​ស្ងួត​ភ្នែក​បាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

    ចំពោះ​បញ្ហា​ភ្នែក​ស្ងួត​នេះ យើង​អាច​ដោះ​ស្រាយ​តា​ម​តិចនិក​ងាយៗ​ខាង​ក្រោម​នេះ​បាន ព្រោះ​ជំងឺ​ភ្នែក​ស្ងួត ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​អ្នក​ជំងឺ​មិន​តិច​ដែរ ហើយ​តិចនិក​ទាំង​នោះ​រួម​មាន៖

    ១. ចៀសវាង​ខ្យល់​បក់​ចំ​ភ្នែក៖ យើង​គួរ​ចៀសវាង​បណ្ដោយ​ឲ្យ​ខ្យល់​បក់​ត្រូវ​ភ្នែក​ចំៗ ដូច​ជា​នៅ​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​ជាដើម។

    ២. សម្រាក​ភ្នែក៖ បើ​យើង​កំពុង​អាន ឬ​ធ្វើ​អ្វី​ដែល​ត្រូវ​ប្រើ​ភ្នែក​សម្លឹង​យូរ គួរ​តែ​មាន​ពេល​សម្រាក​ភ្នែក​ខ្លះ​ដោយ​បិទ​ភ្នែក ។ មួយ​វិញ​ទៀត យើង​ក៏​ត្រូវ​ធ្មេច​ភ្នែក​ឲ្យ​បាន​ញឹក​ញាប់​ដែរ ដើម្បី​ជួយ​បង្កើន​ទឹក​ភ្នែក​ផ្ដល់​ភាព​សើម​ខ្លះ​ឲ្យ​ភ្នែក។

    ៣. ដាក់​អេក្រង់​ឲ្យ​ក្រោម​កម្ពស់​ភ្នែក៖ បើ​យើង​ដាក់​អេក្រង់​កុំព្យូទ័រ​ខ្ពស់​ជាង​កម្ពស់​ភ្នែក យើង​ត្រូវ​បើក​ភ្នែក​ធំៗ​សម្លឹង​មើល​អេក្រង់ ធ្វើ​ឲ្យ​យើង​ខំ​ប្រឹង​បើក​ភ្នែក និង​ងាយ​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត។

    ៤. ឈប់​ជក់​បារី ឬ​ចៀសវាង​ផ្សែង៖ ផ្សែង​អាច​ធ្វើ​ឲ្យ​អាការៈ​ភ្នែក​ស្ងួត​កាន់​តែ​យ៉ាប់​យ៉ឺន ដូច​នេះ​ហើយ​សម្រាប់​យើង​ត្រូវ​ព្យាយាម​ចៀស​ឲ្យ​ឆ្ងាយ​ពី​កន្លែង​មាន​ផ្សែង ហើយ​បើ​ខ្លួន​យើង​ផ្ទាល់​ជា​អ្នក​បង្កើត​ផ្សែង​ដោយ​ការ​ជក់​បារី គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​សាស្ត្រ​ក្នុង​ការ​ផ្ដាច់​បារី។

    ៥. ប្រើ​ថ្នាំ​បន្តក់​ភ្នែក៖ ប្រសិន​បើ​យើង​មាន​បញ្ហា​ភ្នែក​ស្ងួត​រ៉ាំរ៉ៃ គួរ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក ដើម្បី​ជួយ​ផ្ដល់​សំណើម​ដល់​ភ្នែក។

    ទាក់​ទង​នឹង​បញ្ហា​ភ្នែក​ស្ងួត​នេះ អ្នក​ជំងឺ​អាច​ទទួល​ផល​ប៉ះពាល់​ផ្សេងៗ​ដូច​ជា ភ្នែក​ឆ្លង​មេរោគ អាច​រលាក​ភ្នែក បាត់​បង់​គំហើញ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ធ្វើ​ឲ្យ​យើង​បាត់​បង់​គុណភាព​ក្នុង​ការ​រស់​នៅ។

    ភ្នែកស្ងួត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម