មាត់ធ្មេញគ្មានអនាម័យ មិនត្រឹមតែមានបញ្ហាច្រើនទេ ក៏ប្រឈមជំងឺមហារីកទៀតផង។ ក្នុងមាត់យើង អាចមានផ្ទុកបាក់តេរីរាប់ពាន់ រាប់លានប្រភេទ អាចបង្កការរលាក និងជះឥទ្ធិពលអាក្រក់ទៅលើសរីរាង្គដទៃទៀត ហើយបើយោងតាមការស្រាវជ្រាវថ្មីមួយ របស់អ្នកជំនាញស៊ុយអែត គ្នាយើងសម្បូរកំបោរជាប់ធ្មេញ ភាគច្រើនប្រឈមកើតជំងឺមហារីកលំពែង ខណៈការសិក្សានៅហូឡង់ កំបោរធ្មេញច្រើន មានទំនាក់ទំនងជាមួយសុខភាពបេះដូងផងដែរ។ ដើម្បីទទួលបានមាត់ធ្មេញមានសុខភាពល្អ គ្នាយើងគួរចាប់ផ្តើមបង្កទម្លាប់ល្អ “Hello គ្រូពេទ្យ’ រៀបរាប់ក្នុងអត្ថបទនេះទៅ។
១- ដុសសម្អាតធ្មេញ អណ្ដាត និងសាច់ថ្ពាល់ខាងក្នុង
ដុសសម្អាតធ្មេញ ជាវិធីដែលងាយស្រួល និងលឿនបំផុត ដើម្បីកម្ចាត់កាកសំណល់អាហារ ឬកំបោរជាប់ធ្មេញ ព្រោះកាលណាធ្មេញស្អាតមិនមានកំបោរកាន់ បាក់តេរីក្នុងមាត់ ក៏មិនសូវមានដែរ។ ប៉ុន្ដែការដុសសម្អាតតែធ្មេញមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ អណ្ដាត និងសាច់ថ្ពាល់ខាងក្នុង ក៏គួរសម្អាតដោយយកចិត្តទុកដាក់ផងដែរ។
២- ប្រើអំបោះទាក់ចន្លោះធ្មេញ
ប្រើអំបោះទាក់ចន្លោះធ្មេញត្រឹមត្រូវ មានប្រយោជន៍ច្រើនជួយសម្អាតធ្មេញនៅពេលដែលសរសៃច្រាសចូលទៅមិនដល់។ ម៉្យាងទៀត អំបោះទាក់ធ្មេញមានច្រើនប្រភេទសម្រាប់ជ្រើសរើស គ្នាយើងមានបំណះធ្មេញគ្រើម គួរប្រើអំបោះទាក់ មានជាតិក្រមួន ហើយបើយើងមានធ្មេញចន្លោះ គួរប្រើអំបោះទាក់ប្រភេទខ្សែក្រង។ ម៉្យាងទៀត សម្រាប់គ្នាយើងមានធ្មេញធម្មតា អាចប្រើអំបោះទាក់គ្មានជាតិក្រមួនបាន។
៣- ប្រើថ្នាំដុសធ្មេញ និងទឹកខ្ពុលមាត់មានជាតិភ្លុយអរ (Fluoride)
ភ្លុយអរ គឺជាសារធាតុរ៉ែធម្មជាតិ ល្អសម្រាប់ជួយឲ្យធ្មេញរឹងមាំ និងការពារជាតិកាត់របស់អាស៊ីដ។ ម៉្យាងទៀត យើងគួរតែជ្រើសរើសថ្នាំដុសធ្មេញ និងទឹកខ្ពុលមាត់មានកម្រិតសារធាតុភ្លុយអរសក្ដិសមទៅនឹងអាយុធ្មេញយើង។
៤- ចៀសវាងអាហា រឬភេសជ្ជៈសម្បូរជាតិស្ករ
ញ៉ាំ ឬផឹកអាហារជាតិស្ករខ្ពស់ នឹងធ្វើឲ្យកម្រិត pH ក្នុងទឹកមាត់ថយចុះ ធ្វើឲ្យកំបោរជាប់ធ្មេញក្លាយទៅជាអាស៊ីដកាត់ធ្មេញ។ ហេតុនេះ យើងគួរតែចៀសវាង ពិសេសរឿងញ៉ាំស្ករគ្រាប់ ឬនំកញ្ចប់។ ប៉ុន្តែបើគ្នាយើងខ្វះជាតិផ្អែមមិនបាន ញ៉ាំម្ហូបអាហារធម្មតាសិន បន្ទាប់មកចាំញ៉ាំស្ករគ្រាប់តាមក្រោយ ព្រោះធ្វើបែបនេះ វាអាចជួយបង្អាក់ជាតិផ្អែមបានខ្លះៗដែរ។
៥- ជ្រើសរើសស្ករកៅស៊ូត្រឹមត្រូវ
ការទំពារស្ករកៅស៊ូទាំងអស់ មិនមែនសុទ្ធតែមានប្រយោជន៍ទេ ព្រោះប្រភេទស្ករកៅស៊ូខ្លះ សម្បូរជាតិស្ករ នឹងឆាប់ធ្វើឲ្យមានរោគពុកធ្មេញ។សម្រាប់ស្ករកៅស៊ូ យើងគួរទំពារ គួរតែជាស្ករ Xylitol ព្រោះវាជាសារធាតុស្ករម៉្យាង ជួយកាត់បន្ថយបាក់តេរីបានច្រើន ដែលបាក់តេរីទាំងនោះ សុទ្ធតែអាចធ្វើឲ្យមានជំងឺពុកធ្មេញ។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍\
- មិនមែនរឿងតូចទេ រលាកអញ្ចាញធ្មេញប៉ះពាល់សុខភាពច្រើនមុខណាស់
៦- ដុសសម្អាតឲ្យចំកន្លែង
ដុសសម្អាតធ្មេញជាមួយនឹងសរសៃច្រាសធំ ពិតជាពិបាកឲ្យចូលតាមកន្លុកកន្លៀតធ្មេញក្នុងមាត់ណាស់ ពិសេសនៅម្ដុំធ្មេញថ្គាម ហេតុនេះយើងគួរតែប្ដូរមកប្រើសរសៃច្រាសទន់ មានចុងសរសៃស្ដើង ទើបអាចសម្អាតបានស្អាតល្អ ចូលទៅសម្អាតបានគ្រប់ផ្នែកធ្មេញ។
៧- គិតឲ្យបានច្បាស់មុនផឹកភេសជ្ជៈណាមួយ
ភេសជ្ជៈមានជាតិអាស៊ីដ ដូចជា ទឹកសូដា ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈសម្រាប់ហាត់កីឡា សុទ្ធតែអាចធ្វើធ្មេញពុកបាន។ ក្រោយពីការហាត់ប្រាណរួច បើយើងផឹកភេសជ្ជៈប៉ូវកម្លាំងនោះ គួរតែផឹកទឹកធម្មតាតាមក្រោយ ដើម្បីលាងសម្អាតជាតិអាស៊ីដ ចេញពីធ្មេញ។ បើងងុយគេង ប៉ុន្តែចង់ដាស់ស្មារតីខ្លួនឯង គួរតែផឹកកាហ្វេខ្មៅ ប្រសើរជាងភេសជ្ជៈប៉ូវកម្លាំង ព្រោះកាហ្វេមិនកាត់ធ្មេញ ដូចភេសជ្ជៈប៉ូវកម្លាំងនោះទេ។
៨- ផឹកស្រាក្រហម និងញ៉ាំឈីស
ដោយសារតែស្រាក្រហម ជាប្រភេទភេសជ្ជៈជាតិអាស៊ីដ អាចធ្វើឲ្យស្រទាប់ការពារធ្មេញសឹកបាន ហេតុនេះដើម្បីបង្ការកុំឲ្យធ្មេញខូចខាត យើងគួរតែផឹកស្រាក្រហម និងញ៉ាំឈីសមួយដុំ ព្រោះឈីសមានសមត្ថភាពបន្សាបជាតិអាស៊ីដនៅក្នុងមាត់បាន។
វិធីសាស្ត្រងាយៗទាំងអស់នេះ គឺមានប្រសិទ្ធភាពខ្ពស់ រក្សាធ្មេញបានស្អាតល្អ និងមានសុខភាពរឹងមាំ។ ភាពអត់ធ្មត់ និងអនុវត្តឲ្យបានទៀងទាត់ ជាវិធីការពារដ៏ល្អ មិនត្រឹមតែសុខភាពមាត់ធ្មេញ សូម្បីតែសុខភាពរាងកាយ ក៏អាចជួយបានដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]