បបូរមាត់របស់យើង មានចុងសរសៃប្រសាទ ជាង ១លាន ដែលត្រូវការថែទាំជាពិសេស។ ពេលខ្លះ ចុងសរសៃប្រសាទទាំងនេះ អាចផ្ដល់សញ្ញាឲ្យយើង អំពីបញ្ហាសុខភាពមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ពិនិត្យ និងតាមដានឲ្យបានល្អ។ សញ្ញាទាំង ៨យ៉ាងនោះ មានដូចជា៖
១. ប្រេះចុងបបូរមាត់
បញ្ហាប្រេះចុងបបូរមាត់ទាំងសងខាងនេះ អាចបណ្ដាលមកពីការហៀរទឹកមាត់ទៅចុងបបូរមាត់ ដែលវាបង្កឲ្យស្បែកស្ងួត។ បញ្ហានេះ ក៏អាចបណ្ដាលមកពីយើងលិតបបូរមាត់ញឹកញាប់ ដែលធ្វើឲ្យចុងបបូរមាត់ក្តៅ ហើយសើម ដែលងាយឆ្លងនឹងមេរោគ។ ក្រោយឆ្លងមេរោគ វាបណ្ដាលឲ្យប្រេះ ឬដំបៅ។ បើស្ថានភាពបែបនេះ កើតញឹកញាប់ យើងត្រូវទៅជួបគ្រូពេទ្យ ដើម្បីព្យាបាល។
២. ស្ងួត និងប្រេះបបូរមាត់
បញ្ហាស្ងួតបបូរមាត់ អាចបង្ហាញពីកង្វះសំណើមនៅក្នុងរាងកាយរបស់យើង។ វាក៏អាចកើតឡើងដោយសារបញ្ហាអាកាសធាតុ និងស្ត្រេសផងដែរ។ ក្នុងករណីនេះ យើងត្រូវផឹកទឹកឲ្យបានច្រើន និងប្រើក្រែមរក្សាសំណើមលើបបូរមាត់។
ប៉ុន្ដែក្នុងស្ថានភាពខ្លះ វាអាចបណ្ដាលមកពីបញ្ហាអាលែកហ្ស៊ី ដែលបង្ករោគសញ្ញាដូចជា រមាស់ ជាដើម។
៣. ពងលើបបូរមាត់
ពងលើបបូរមាត់ អាចបណ្ដាលឲ្យឈឺ និងមិនស្រួលក្នុងខ្លួនប៉ុន្មាននោះទេ ប៉ុន្ដែភាគច្រើន វាមិនបង្កគ្រោះថ្នាក់ ហើយអាចបាត់ទៅវិញ ដោយមិនចាំបាច់ព្យបាលនោះទេ។ តែករណីខ្លះ វាបណ្ដាលមកពីការឆ្លងមេរោគ ដូចជា ផ្សិត ដែលចាំបាច់ត្រូវព្យាបាល។
៤. កន្ទួលក្រហមជុំវិញបបូរមាត់
មូលហេតុរួមចម្បង បណ្ដាលឲ្យមានបញ្ហាកន្ទួលក្រហមជុំវិញបបូរមាត់នេះ បណ្ដាលមកពីការរលាកស្បែក (Dermatitis) ដែលបង្កដោយការលិតញឹកញាប់។ ការលិតបបូរមាត់ បានសម្ងួតជាតិខ្លាញ់ពីស្បែកជុំវិញបបូរមាត់ និងធ្វើឲ្យឡើងពណ៌ក្រហម និងរមាស់។
៥. ញាក់បបូរមាត់ខាងលើ
បើសិនយើងកត់សម្គាល់ថា មានការញាក់បបូរមាត់ខាងលើញឹកញាប់ នោះអាចបណ្ដាលមកពីបញ្ហាផ្លូវកាយ និងផ្លូវចិត្ត។ ករណីនេះ យើងត្រូវពិនិត្យលើទម្លាប់មិនល្អរបស់យើង ដូចជា ការប្រើទុយោផឹកទឹកជាច្រើន ឬជក់បារីច្រើន ឬបញ្ហាស្ត្រេសជាដើម។
៦. ការប្រែពណ៌បបូរមាត់
បបូរមាត់ពណ៌ខៀវ អាចបង្ហាញថា យើងពុំសូវមានអុកស៊ីហ្សែនច្រើន នៅក្នុងឈាម។ យើងក៏ពិនិត្យឃើញអាការៈដូច្នេះ នៅលើម្រាមដៃ និងម្រាមជើងរបស់យើងផងដែរ។
បបូរមាត់ពណ៌ស អាចបង្ហាញថា យើងមានជំងឺស្លេកស្លាំង (Anemia) ដែលចាំបាច់ត្រូវទទួលការព្យាបាល។ បញ្ហានេះ ក៏អាចបណ្ដាលមកពីការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម ការធ្លាក់ចុះកម្រិតវីតាមីន ក៏ដូចជាបញ្ហាលំហូរឈាមក្នុងរាងកាយរបស់យើងផងដែរ។
៧. ហើមបបូរមាត់
ការហើមបបូរមាត់ អាចជាសញ្ញាមួយនៃប្រតិកម្មអាលែកហ្ស៊ី។ បើសិនយើងកត់សម្គាល់ថា បបូរមាត់របស់យើង កាន់តែធំឡើងនៅពេលប្រើប្រាស់គ្រឿងសម្អាង ដូច្នេះយើងត្រូវឈប់ប្រើប្រាស់ផលិតផលទាំងនោះ។ ក្នុងករណី ការហើមបបូរមាត់កាន់តែធំ ក្នុងរយៈពេលខ្លី យើងត្រូវទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលជាបន្ទាន់។
៨. ឡើងស្នាមអុចខ្មៅលើបបូរមាត់
បញ្ហានេះ បណ្ដាលមកពីមូលហេតុជាច្រើន ដែលយើងចាំបាច់ត្រូវតាមដាន ឬទៅជួបគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ។ មូលហេតុចម្បងមួយ បង្កឲ្យឡើងស្នាមអុចខ្មៅលើបបូរមាត់ គឺបញ្ហា Hyperpigmentation ដែលជាការកើនឡើងសារធាតុមេឡានីន នៅក្នុងរាងកាយរបស់យើង។ ការឡើងស្នាមអុចខ្មៅនេះ មិនត្រឹមមានលើបបូរមាត់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានលើច្រមុះ ថ្ពាល់ និងថ្ងាសផងដែរ។
កម្ដៅថ្ងៃ ក៏ជាមូលហេតុបង្កឲ្យមានស្នាមអុចខ្មៅលើបបូរមាត់ផងដែរ។ ប៉ុន្ដែបើសិនយើង សង្ស័យថា វាជាសញ្ញា នៃការកើតមហារីក យើងគួរទៅជួបគ្រូពេទ្យ។
ជាមួយគ្នានេះ ការឡើងស្នាមអុចខ្មៅលើបបូរមាត់ ក៏បណ្ដាលមកពីការញ៉ាំអាហារដែលមានបរិមាណជាតិដែកច្រើនផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]