ជាធម្មតា នៅស្រុកខែ្មរយើង ឲ្យតែខែធ្លាក់ខ្យល់ពីទិសខាងជើង មានប្រជាជនមិនតិចទេ ដែលជួបបញ្ហាស្ងួត ឬប្រេះបបូរមាត់។ ត្បិតវាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ តែវាក៏ធ្វើឲ្យយើងនៅមិនសុខស្រួលនោះដែរ ជាពិសេសធ្វើឲ្យបបូរមាត់ អាក្រក់មើលថែមទៀត។
១. មូលហេតុបង្ក
អាកាសធាតុ ការលិឍបបូរមាត់ញឹកពេក និងប្រតិកម្មថ្នាំ ជាមូលហេតុចម្បង បណ្ដាលឲ្យប្រេះបបូរមាត់។ បបូរមាត់របស់យើង ពុំមានក្រពេញខ្លាញ់ ដូចផ្នែកផ្សេងទៀតនៃរាងកាយទេ ដូច្នេះវាងាយនឹងស្ងួត ឬប្រេះខ្លាំងណាស់ បើសិនវារងកម្ដៅព្រះអាទិត្យ ឬខ្យល់ដែលមានសំណើមតិច។ ចំណែកការលិឍបបូរមាត់ញឹកញាប់ ក៏បណ្ដាលឲ្យយើង ប្រឈមបញ្ហាប្រេះបបូរមាត់ផងដែរ ដោយទឹកមាត់ចេញពីអណ្ដាតរបស់យើង អាចកាត់បន្ថយសំណើមបបូរមាត់ និងបណ្ដាលឲ្យស្ងួតបបូរមាត់។
២. រោគសញ្ញា
គ្នាយើងមួយចំនួន ប្រហែលធ្លាប់ជួបបញ្ហានេះហើយ ដោយរោគសញ្ញាកើតឡើងនៅជុំវិញបបូរមាត់ មានដូចជា ស្ងួត ប្រេះ របក ឡើងពងបែក ហើម ឬហូរឈាមជាដើម។
៣. វិធីព្យាបាល និងបង្ការ
បញ្ហាប្រេះបបូរមាត់ ជាធម្មតា មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយយើងក៏អាចព្យាបាលដោយខ្លួនឯងបានផងដែរ។ ជំហានដំបូង យើងត្រូវធ្វើយ៉ាងណាឲ្យបបូរមាត់របស់យើង មានសំណើមគ្រប់គ្រាន់។ បន្ទាប់មក យើងអាចអនុវត្តវិធីខាងក្រោម បន្ថែមទៀត៖
- លាបក្រែម (Balm) លើបបូរមាត់ដើម្បីជួយរក្សាសំណើមពេញមួយថ្ងៃ
- ផឹកទឹកឲ្យបានច្រើន
- ប្រើឧបករណ៍រក្សាតុល្យភាពសំណើម (Humidifier) ក្នុងផ្ទះ
- ចៀសវាងការផលប៉ះពាល់ជាមួយខ្យល់ស្ងួត អាកាសធាតុត្រជាក់ខ្លាំង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]