backup og meta

ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 09, 2021

    ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន

    ស្រីៗ​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ទំនង​ជា​ធ្លាប់​បាន​ឮ​ ឬ​ខ្លះ​អាច​ថា​​​មិន​ធ្លាប់​ឮ​ពី​ប្រ​ភេទ​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​នេះ​ក៏​ថា​បាន។ ជំងឺ​ប្រ​ភេទ​នេះ​អាច​ធ្វើ​ឲ្យ​ស្រី​យើង​ពិបាក​មាន​កូន ហើយ​​អាច​​បង្ក​ជា​ឱកាស​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ និង​ជំងឺ​បេះដូង​ទៀត​ផង​។

    . ព័ត៌មាន​ទូទៅ

    ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​ (Polycystic ovary syndrome PCOS)​ គឺ​ជា​បញ្ហា​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ស្រី​ក្នុង​វ័យ​បន្ត​ពូជ​ភាគច្រើន​នៅ​អាយុ​១៥​ទៅ ៤៤​ឆ្នាំ។ ជំងឺ​ប្រភេទ​នេះ​អាច​មាន​លក្ខណៈ​សម្គាល់​បី​យ៉ាង​សំខាន់​គឺ៖​

    • រដូវ​មិន​ទៀងទាត់​៖ នេះ​មាន​ន័យ​ថា​អូវែ​របស់​ស្រីៗ​យើង​មិន​បាន​បញ្ចេញ​ស៊ុត​មេជីវិត​ញី​ទៀង​ទាត់​។​
    • អ័រម៉ូន​អង់​ដ្រូហ្សែន​ខ្ពស់៖ ការ​កើន​ឡើង​ខ្ពស់​នៃ​កម្រិត​ «អ័រម៉ូនៅភេទប្រុស»​នៅ​ក្នុង​រាង​កាយ​ អាច​បង្ក​ឲ្យ​មាន​ដុះ​រោម​ច្រើន​នៅ​លើ​មុខ និង​រាង​កាយ​។
    • ដុំ​ថង់​ទឹក​តូចៗ​ច្រើន​ក្នុង​អូវែ៖ ការណ៍​នេះ​ធ្វើ​ឲ្យ​អូវែ​រីកធំ និង​មាន​ផ្ទុក​ថង់​ពេញ​ដោយ​ទឹកជា​ច្រើន​នៅ​ព័ន្ធ​ជុំ​វិញ​ស៊ុត​។

    បើ​មាន​ចេញ​លក្ខណៈ​ពីរ​ក្នុង​ចំណោម​បី​នេះ ស្រីៗ​យើង​គូរ​ទៅ​ជួប​ពេទ្យ​ដើម្បីធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ។​

    . រោគ​សញ្ញា​ផ្សេង​ទៀត

    ស្រីៗ​​ដែល​មាន​ចេញ​រោគ​សញ្ញា​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ជា​ធម្មតា​ចេញ​រោគ​សញ្ញា​នៅ​វ័យ​ជាង​២០​ឆ្នាំ ឬ​តិច​ជាង​នេះ ខណៈ​មាន​ស្រ្តី​ប្រហែល​ជា​៧០​ភាគរយ ការ​សិក្សា​បញ្ជាក់​ថា​មិ​ន​មាន​ចេញ​រោគ​សញ្ញា បើ​ទោះ​បី​ជា​កើត​ជំងឺ​នេះ។​

    រោគ​សញ្ញា​ទាំង​នោះ​រួម​មាន​៖

    • រដូវ​មិន​ទៀង ឬ​បាត់​រដូវ​តែម្ដង​
    • មិន​ងាយ​មាន​ផ្ទៃពោះ ព្រោះតែ​មេជីវិត​ញី​ធ្លាក់​មិន​ទៀងទាត់ ឬ​មិន​ធ្លាក់​មេជីវិត​ញី​
    • ដុះ​រោម​ច្រើន​លើ​មុខ ទ្រូង ខ្នង និង​កំប៉េះ​គូទ
    • ឡើង​ទម្ងន់
    • ជ្រុះ​សក់
    • ស្បែក​ឡើង​ខ្លាញ់ ឬ​មុន

    ជំងឺ​ប្រភេទ​នេះ​ក៏​មាន​ទំនាក់​ទំនង​នឹង​ការ​បង្កើត​ឱកាស​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺបេះដូង ដោយសារ​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​។

    ដុំគីសទឹក​

    . មូល​ហេតុ​បង្ក​

    ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​ដឹង​ច្បាស់ទេ​ថា​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ។ ក្រុម​គ្រូពេទ្យ​ជឿ​ថា​ការ​កើន​ឡើ​ង​កម្រិត​អ័រម៉ូន​ភេទ​ប្រុស​នៅ​ក្នុង​រាង​កាយ​ស្រីៗ​បាន​រារាំង​អូវែ​ក្នុង​ការ​ផលិត​ស៊ុត និង​ធ្វើ​ឲ្យស៊ុត​មិន​មាន​ដំណើរ​ការ​ប្រក្រតី។​

    ដូច​គ្នា​ដែរ​បញ្ហា​តំណពូជ ភាព​ធន់នឹង​អាំង​ស៊ុយ​លីន និង​ការ​រលាក​សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ធ្វើ​ឲ្យ​​មាន​ការ​កើន​ឡើង​អ័រម៉ូន​ភេទ​ប្រុស​អង់​ដ្រូហ្សែន​។

    ស្រ្តី​អាច​មាន​ដល់​៧០ភាគរយ​មាន​ភាធន់​នឹង​អាំង​ស៊ុយ​លីន​ពេល​កើត​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ដែលធ្វើ​ឲ្យ​កោសិកា​មិន​អាច​​ប្រើ​ប្រាស់​អាំង​ស៊ុយ​លីន​បាន​ត្រឹម​​ត្រូវ​។

    អាំងស៊ុយ​លី​ន គឺជា​អ័រម៉ូន​ផលិត​ឡើង​ដោយ​លំពែង ជូយ​ដល់​រាង​កាយ​គ្រប់​គ្រង​ និង​បំប្លែង​ជាតិ​ស្ករ​ពី​អាហារ​ទៅជា​ថាម​ពល​។ នៅ​ពេល​ដែល​កោសិកា​មិន​អាច​ប្រើ​ប្រាស់​អាំង​ស៊ុយលីន​បាន​ត្រឹម​ត្រូវ នាំឲ្យ​រាងកាយ​ត្រូវ​ការ​បរិមាណ​អាំងស៊ុយ​លី​នកាន់​​តែ​ច្រើន ហើយ​លំពែង​ត្រូវ​ខំធ្វើ​ការ​បន្ថែម​ដើម្បី​បំពេញ​តម្រូវ​ការ​នេះ​។ ការ​កើន​ឡើង​ខ្លាំង​នេះ​អ័រម៉ូន​អាំងស៊ុយ​លីន នឹង​ភ្ញោច​ឲ្យ​អូវែ​ផលិត​អ័រម៉ូន​ភេទ​ប្រុស​កាន់​តែ​ច្រើន​ដែរ​។

    ជំងឺ​ធាត់​ជា​មូល​ហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​មាន​ភាពធន់​អាំងស៊ុយ​លីន។ ការ​មាន​ទាំង​ជំងឺ​ធាត់ និង​ភាព​ធន់​អាំងស៊ុយលីន នាំឲ្យ​កើត​មាន​ហានិភ័យ​កាន់​ខ្ពស់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។​​​​​​​

    ដូច​គ្នា​ដែរ ស្រីៗ​យើង​ដែល​មាន​ជំងឺដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​មានឱកាស​កាន់​ខ្ពស់​ក្នុង​ការ​កើត​មាន​ការ​រលាក​ក្នុង​រាងកាយ។​ ស្រីៗ​ដែល​លើស​ទម្ងន់​ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​រលាក​ដែរ។ ការ​រលាក​ក្នុង​ខ្លួននេះ ការសិក្សា​រក​ឃើញ​ថា​មាន​ទំនាក់​ទំនង​ក្នុង​ការ​កើត​ឡើង​ខ្ពស់​នៃ​អ័រម៉ូន​អង់​ដ្រូ​ហ្សែន​។​​

    . ផល​ប៉ះពាល់​

    ការ​កើនឡើង​នៃ​កម្រិង​អ័រម៉ូន​អង់ដ្រូហ្សែន​ខ្ពស់​ជាង​ធម្មតា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដក់​ការ​បង្ក​កំណើត​របស់​ស្រីៗ និង​បញ្ហា​សុខភាព​មួយ​ចំនួន​ទៀត​។​

    • បញ្ហា​គ្មាន​កូន​៖ ដើម្បី​អាច​មាន​ផ្ទៃពោះ​បាន​ស្រីៗ​យើង​ត្រូវ​តែ​មាន​ការ​ធ្លាក់​មេជីវិត​ញី ហើយ​បើ​ស្រីៗ​យើង​មិន​មាន​មានជីវិត​ញីទុំធ្លាក់​ យើង​មិន​អាច​បង្ក​កំណើត​បានទេ។ ជំងឺ​ប្រភេទ​នេះ​ជា​មូល​ហេតុ​មួយក្នុង​ចំណោម​មូល​ហេតុ​ផ្សេងៗ​ទៀត​ធ្វើ​ឲ្យ​ស្រីៗ​មិន​អាច​មាន​កូន​បាន​។​
    • ជំងឺមេតាបូលិក អាច​មាន​រហូត​ដល់​៨០ភាគ​រយ ស្រីៗ​កើត​ជំងឺ​នេះ​វិវត្ត​ទៅជា​លើស​ទម្ងន់ ឬ​ជំងឺធាត់។ ការ​មាន​ទាំង​ជំងឺធាត់ និង​ជំងឺដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ នឹង​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម សម្ពាធ​ឈាម​ឡើង​ខ្ពស់ កូលេស្តេរ៉ូល​ល្អ​ធ្លាក់​ចុះ និង​កើត​ឡើង​កូលេស្តេរ៉ូល​មិន​ល្អ​ជំនួស​វិញ។ កត្តា​ទាំង​នេះ​បញ្ចូល​គ្នា​គេ​ហៅ​ថា ជំងឺមេតាបូលិក និង​នាំ​ឲ្យមាន​ហានិភ័យ​ខ្ពស់​ដល់​ការ​ការ​ជំងឺ​បេះ​ដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។
    • មហារីក​ផ្នែក​ខាងក្នុង​នៃ​ស្បូន ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្លាក់​ចុះ​នៃ​ការ​មក​រដូវ​ជញ្ជាំង​ស្បូន​ក៏​ដាច់​ធ្លាក់​​ចុះ​ ហើយ​ប្រសិន​ជា​ស្រីៗ​យើង​​មិន​មាន​រដូវ​ទៀង​ទាត់​នោះ​ជញ្ជាំង​ស្បូន​នឹង​ឡើង​ក្រាស់ ដែល​ការ​ឡើង​ក្រាស់​នេះ​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​មហារីក​ផ្នែក​ខាងក្នុង​នៃ​ស្បូន។​
    • ជំងឺ​ដេក​បាត់​ដង្ហើម ជំងឺ​នេះ​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អាការៈ​បាត់​ដង្ហើម​ញឹកញាប់ នៅ​ពេល​ដេក នាំឲ្យ​រំខាន​ដល់​ដំណេក។ ជំងឺ​ដេក​បាត់​ដង្ហើម​ ច្រើន​កើត​លើ​ស្រីៗ​ដែល​លើស​ទម្ងន់​ ពិសេស​អ្នក​មាន​ជំងឺដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ។

    . វិធី​ព្យាបាល

    មិន​មាន​ការ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​នោះ​ទេ តែ​មាន​វិធីព្យា​បាល​លើ​រោគ​សញ្ញា។ បើ​គ្នា​យើង​មាន​ជំងឺ​នេះ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​លើ​រោគ​សញ្ញា​បាន​ត្រឹម​ត្រូវ។ ការ​សម្រក​ទម្ងន់ ការ​ញ៉ាំ​អាហារ​សុខភាព ការ​ប្រើ​ប្រាស់​ថ្នាំ ឬ​ក៏​ការ​វះកាត់​ សុទ្ធ​តែ​អាច​ជួយ​សម្រាល​រោគ​សញ្ញា​ជំងឺ​នេះ​បាន។​ ឆ្លង​កាត់​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ ស្រីៗ​ភាគ​ច្រើន​អាច​មាន​ផ្ទៃ​ពោះ​បាន​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម