backup og meta

កំហុសទាំង ៧ ​ស្រីៗ​ភាគច្រើនតែងធ្វើខុស ពេលសម្អាតទ្វារមាស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 06, 2020

    កំហុសទាំង ៧ ​ស្រីៗ​ភាគច្រើនតែងធ្វើខុស ពេលសម្អាតទ្វារមាស

    បើ​ទ្វារ​មាស​របស់​យើង​មាន​បញ្ហា​រមាស់ នោះ​បាន​ន័យ​ថាយើង​​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ថែ​រក្សា​សុខភាព​របស់​វា​បាន​ល្អ​នោះ​ទេ។មនុស្សស្រី​យើង​​ជា​ច្រើន ជឿ​ថា​ទ្វារ​មាស​​ចេះ​សម្អាតដោយ​​ខ្លួន​ឯង​ ដែល​នេះ​គឺ​ជា​ការ​ពិត តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​ត្រូវ​តែ​ចាំ​បាច់​ថែ​រក្សា សម្អាត​វា​ដដែល។ ​ទទន្ទឹម​នឹង​នេះ​ដែរ ក៏​មាន​​មនុស្ស​ជា​ស្រី​ច្រើន សម្អាត​ទ្វារ​មាស​របស់​ខ្លួន​មិន​បាន​ត្រឹម​ត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន កើត​ឡើង​នៅ​កន្លែង​នោះ។

    បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​វេជ្ជ​បណ្ឌិត D. Pratima Thamke ជា​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្រ្តី បាន​បង្ហាញ​ថា កំហុស​ដែល​មនុស្ស​ស្រី ធ្វើ​ខុស​ពេល​សម្អាត​ទ្វារ​មាស​របស់​ខ្លួន នោះ​គឺ​ការ​បាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស (douching)។

    ដោយ​សារ​មនុស្ស​ជា​ច្រើន យល់​ថា​​ការ​បាញ់​ទឹក​លាង​បែប​នេះ គឺ​ជា​វិធី​ល្អ​ដើម្បី​សម្អាត​ទ្វារ​មាស តែ​ផ្ទុយ​ទៅ​វិញ​ វា​បាន​ធ្វើ​ឲ្យ​បាត់​បង់​តុល្យភាព​របស់​បាក់​តេរី​ល្អ​ៗ ក្នុង​ទ្វារ​មាស។

    ក្រៅ​ពី​ការបាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស លោក​ស្រី​វេជ្ជ​បណ្ឌិត Dr. Thamke បាន​លើក​ឡើង​អំពី​កំហុស​​ផ្សេង​ៗ ចំនួន ៧​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទ្វារ​មាស​របស់​មនុស្ស​ស្រី។

    ១-  យកដៃមិនស្អាតទៅប៉ះទ្វារមាស

    សម្អាត​ដៃ​ឲ្យ​ស្អាត​ មុន​ពេល​យក​ទៅ​ប៉ះ​ទ្វារ​មាស​របស់​ខ្លួន។ ដៃ​មិន​ស្អាត គឺជា​ប្រភព​នៃ​បាក់តេរី និង​វីរុស ទៅ​បំផ្លាញ​មេរោគ​ល្អ​ៗ​​ក្នុង​ទ្វារ​មាស​បាន។

    ២- មិននោមក្រោយពេលទើបរួមភេទរួច

    ពេល​យើង​នោម ក្រោយ​ពេល​រួម​ភេទ​រួច វា​​ជួយ​កាត់​បន្ថយ​ភាគ​រយ ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខជា​មួយ​ជំងឺ​រលាក​ផ្លូវ​បង្ហួរ​នោម និង​អាច​ទៅ​សម្អាត​បាក់តេរី​ ដែល​ជាប់​ក្នុង​ទ្វារ​មាស​ដូច​គ្នា។ ដោយ​សារ​ទ្វារ​មាស​មាន​ជាតិ​បាស ដូច​នេះ​វា​អាច​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​ក្នុង​ទ្វារ​មាស មា​នការ​ប្រែ​ប្រួល ទើប​បាន​ជាគេ​ណែ​នាំ​ឲ្យ​យើង​​ប្រញ៉ាប់​ទៅ​នោម​​ចេញ​ និង​សម្អាត​ទ្វារ​មាស​ថ្នម​ៗ ក្រោយ​ពេល​រួម​ភេទ​រួច។

    ៣- ញ៉ាំជាតិស្ករច្រើនពេក

    កម្រិត​ស្ករ​ច្រើន​ក្នុង​ឈាម ជា​សត្រូវ​សម្រាប់​សុខភាព​ទ្វារ​មាស​របស់​មនុស្ស​ស្រី ដែល​វា​អាច​បណ្ដាល​​ឲ្យ​មនុស្ស​ស្រី​កើត​ជំងឺ​ផ្សិត។ ដូច​នេះ ប្រសិន​បើ​យើង​​មាន​ជំងឺ​ទឹក​នោម​ផ្អែម យើង​​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។

    ៤- ស្លៀកខោ​ក្នុង​សាច់​រលោង (synthetic panties)

    វា​ជា​ការ​ពិត ដែល​មនុស្ស​ស្រី​ចូល​ចិត្ដ​ស្លៀក​ខោ​ក្នុង​ប្រភេទ​សាច់​រលោង ដោយ​សារ​តែ​វា​មើល​ទៅ​ឃើញ​ស្អាត និង​សិចស៊ី ប៉ុន្តែ​ខោ​ក្នុង​ប្រភេទ​នេះ មិន​អាច​ស្រូប​ជាតិ​ញើស​ជក់​បាន​ល្អ​នោះ​ទេ។ ​ញើស​គឺ​ជា​មូល​ហេតុ​ចម្បង ធ្វើ​ឲ្យ​មនុស្ស​ស្រី មាន​បញ្ហា​ជំងឺ​ផ្សិត នៅ​ត្រង់​តំបន់​ប្រដាប់​ភេទ​របស់​ខ្លួន។ ​ការ​ស្លៀក​ខោ​ក្នុង​រឹប​ខ្លាំង​ពេក ក៏​មិន​មែន​ជា​ការ​ល្អ​ដែរ ដោយ​សារ​តែ​វា​មិន​អាច​ឲ្យ​ញើស​ហូរ​ចេញ និង​ស្ងួត​បាន។ មនុស្ស​ស្រី​គួរ​តែ​ស្លៀក​ខោ​ក្នុង​ ដោយ​រើស​យក​សាច់​កប្បាស ជា​ពិសេស​ពេល​នៅ​រដូវ​ក្ដៅ។ បើ​យើង​​បែក​ញើស​ច្រើន សូម​កុំ​ប្រើ​ម្សៅ ​talcum នៅ​ត្រង់​ទ្វារ​មាស​ឲ្យ​សោះ ដោយ​សារ​តែ​ម្សៅ​ប្រភេទ​នេះ អាច​ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​ជា​មួយ​ការ​ចម្លង​រោគ​នៅ​ទ្វារមាស។

    ៥- ប្រើសាប៊ូ ឬ​ស្ព្រៃយ៍ មានក្លិនក្រអូប

    ប្រើ​សាប៊ូ ឬ​ស្ព្រៃយ៍ មាន​ក្លិន​ក្រអូប អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តុល្យភាព​របស់​​កម្រិត pH ក្នុង​ទ្វារ​មាស ដែល​វា​ជា​ហេតុ​អាច​បង្ក​ឲ្យ​មាន​ការ​ចម្លង​រោគ ដូច​ជា​មេរោគ chlamydia ជា​ដើម។

    ៦- លាងសម្អាតទ្វារមាសមិនត្រូវរបៀប

    ពេល​លាង​សម្អាត​ទ្វារ​មាស យើង​​ត្រូវ​សម្អាត​​ពី​ខាង​មុខ​ទៅ​ក្រោយ គឺ​សម្អាត​ពី​ទ្វារ​មាស ទៅ​រ​ន្ធ​គូទ។ បើ​យើង​​លាង​បញ្ច្រាស់ នោះ​ដូច​នាំ​ពពួក​បាក់តេរី​ពី​រន្ធ​គូទ ចូល​មក​ក្នុង​ទ្វារ​មាស​របស់អ៊ីចឹង​។

    ៧- ប្ដូរសំឡីអនាម័យ និងតំប៉ុង

    កុំ​ទុក​សំឡី​អនាម័យ ឬ​តំប៉ុង​ឲ្យ​នៅ​ក្នុង​ទ្វារ​មាស​ជោគ​ឈាម​រដូវ​យូរ​ពេក ដោយ​សារ​តែ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​រមាស់ និង​មាន​ការ​ចម្លង​រោគ។ ប្រសិន​បើ​យើង​​មាន​​ឈាម​រដូវ​មក​ច្រើន ​គួរ​ប្ដូរ​សំឡី​ក្នុង​រយៈ​ពេល ៤​ម៉ោង​ម្ដង។ បើ​ឈាម​រដូវ​ហូរ​មិន​សូវ​ច្រើន យើង​អាច​ប្ដូរ​សំឡី​ ៦ម៉ោង​ម្ដង​បាន។ សម្រាប់​តំប៉ុង​វិញ អ្នក​ត្រូវ​ប្ដូរ​វា​ចេញ ក្នុង​រយៈ​ពេល ៤ម៉ោង​ម្ដង។

    ស្រីៗ​យើង​​ត្រូវ​ស្វែង​យល់​អំពី​កំហុស​បន្តិច​បន្តួច​ទាំង​អស់​នេះ ហើយ​មិន​គួរ​ទិញ​ថ្នាំ​ផ្ដេស​ផ្ដាស់​មក​លេប ពេល​យើង​មាន​បញ្ហា​មិន​ស្រួល​នៅ​ត្រង់​ប្រដាប់​ភេទ​ជា​ដាច់​ខាត។ បើយើង​​សង្កេត​ឃើញ បញ្ហា​ណា​មួយ​មិន​ប្រក្រតី​អាច​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បានលឿន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម