បញ្ហាមុខមុន និងបញ្ហាស្បែកមុខផ្សេងៗទៀតគឺអាចបង្កដោយមូលហេតុច្រើនដូចជារបបអាហារ ឬការប្រើប្រាស់ផលិតផលខុសជាដើម។ ប៉ុន្តែក៏មានការព្យាបាលតាមបែបធម្មជាតិខ្លះអាចជួយឲ្យសុខភាពស្បែកកាន់តែល្អ និងស្បែកភ្លឺរលោងបានដែរ។
១. សម្រាប់ស្នាមខ្មៅក្រោមភ្នែក
ល្មៀតអាចកាត់បន្ថយស្នាមខ្មៅក្រោមភ្នែកបានដោយផលិតសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងការរលាក ដែលមានឥទ្ធិពលចំពោះស្បែក។ ម៉ាសល្មៀត និងទឹកម្នាស់ អាចធ្វើឲ្យស្បែកក្រោមភ្នែកទន់ និងរលោងជាមុន។
របៀបធ្វើ៖
- លាយម្សៅល្មៀត២ស្លាបព្រាកាហ្វេជាមួយនឹងទឹកម្នាស់២ស្លាបព្រាកាហ្វេឲ្យខាប់
- យកល្បាយនេះទៅលាបក្រោមភ្នែក និងទុកចោល១០នាទី
- ជូតចេញដោយប្រើកន្សែងទន់
- ធ្វើបែបនេះរាល់ថ្ងៃរហូតទាល់តែឃើញលទ្ធផល។
២. សម្រាប់ការរលាកស្បែកដោយកម្ដៅថ្ងៃ
ផ្លែបឺរផ្ទុកវីតាមីន A D និងE ដែលជួយសម្រាលការរលាកស្បែកដោយកម្ដៅថ្ងៃ ជំរុញការផលិតខូឡាជែន និងបន្ថយការរលាកស្បែក។ ម៉ាសបិទមុខធ្វើពីផ្លែបឺរអាចធ្វើតាមវិធីខាងក្រោម៖
- យកផ្លែបឺរកន្លះផ្លែទៅកិន
- ថែមទឹកក្ដៅ២ស្លាបព្រាកាហ្វេទៅក្នុងផ្លែបឺរដែលកិនហើយ និងលាយឲ្យសព្វ
- យកល្បាយនេះទៅលាបលើកន្លែងរលាកដោយប្រើជក់ និងទុកចោលរយៈពេល១០នាទី
- លាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗ។
ប្រសិនជាគ្នាយើងមានស្បែកស្ងួត និងងាយប្រតិកម្មគួរថែមទឹកឃ្មុំ១ស្លាបព្រាកាហ្វេទៅក្នុងម៉ាសនោះ។
៣. សម្រាប់ស្បែកឡើងពណ៌ (Hyperpigmentation)
ដំឡូងបារាំងផ្ទុកវីតាមីន និងរ៉ែជាច្រើនដែលមានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាស្បែកឡើងពណ៌ ស្មាមខ្មៅ និងស្នាមមុនជាដើម។ រីឯក្រូចឆ្មារមានអាស៊ីដ ស៊ីទ្រិក (Citric Acid) ដែលគេចាត់ទុកថាជាភ្នាក់ងារធ្វើឲ្យសបែបធម្មជាតិ។ យើងអាចធ្វើម៉ាសឲ្យស្បែកសដោយប្រើដំឡូងបារាំង និងក្រូចឆ្មារ។
របៀបធ្វើ៖
- យកដំឡូងបារាំងទៅក្រឡុក និងត្រងយកទឹកដំឡូងបារាំង
- លាយទឹកដំឡូងបារាំង៤ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្រូចឆ្មារ២ស្លាបព្រាកាហ្វេ
- យកល្បាយនេះមកលាបលើកន្លែងដែលឡើងពណ៌ដោយប្រើជក់ ឬសំឡី
- ក្រោយពីលាបម្ដងហើយទុកឲ្យស្ងួត ហើយលាបល្បាយនេះបន្ថែមពីរដងទៀត
- ទុកម៉ាសចោលមួយយប់ និងលាងសម្អាតជាមួយនឹងទឹកក្ដៅនៅពេលព្រឹក
- ធ្វើបែបរាល់ថ្ងៃរយៈពេលមួយសប្ដាហ៍។
ប្រសិនជាគ្នាយើងមានស្បែកស្ងួត និងងាយប្រតិកម្មអាចថែមទឹកឃ្មុំ១ស្លាបព្រាកាហ្វ និងទឹកកុលាប១ស្លាបព្រាកាហ្វេដើម្បីរក្សាជាតិទឹកនៅស្បែកកន្លែងឡើងពណ៌។ សម្រាប់ទឹកកុលាបអាចយកស្រទាប់ផ្កាកុលាបទៅរម្ងាស់ក្នុងទឹក។ សម្រាប់មុខខ្លាញ់វិញគួរបន្ថែមម្សៅអង្ករ២ស្លាបព្រាកាហ្វេទៅក្នុងម៉ាស។ ល្បាយនេះអាចរក្សាទុកបានក្នុងទូរទឹកកករយៈពេលពីរ៣ទៅ៤ថ្ងៃ។
៤. សម្រាប់មុខមុន
ទឹកខ្មេះផ្លែប៉ោម (Apple cider vinegar) ផ្ទុកអាស៊ីដអាសេទិក ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ទឹកខ្មេះផ្លែប៉ោមជាភ្នាក់ងារកម្ចាត់ជាតិពុល ប្រឆាំងនឹងបាក់តេរី និងផ្សិតដែលបញ្ចប់បញ្ហាមុខមុនបាន។
របៀបធ្វើ៖
- លាយទឹកខ្មេះផ្លែប៉ោម១ស្លាបព្រាកាហ្វេជាមួយនឹងទឹកចម្រោះ២ទៅ៣ស្លាបព្រាកាហ្វេ
- លាបល្បាយនេះទៅលើស្បែកដោយប្រើសំឡីក្រោយសម្អាតមុខ
- រង់ចាំទាល់តែស្ងួត បន្ទាប់ពីនេះយើងអាចប្រើផលិតផលថែរក្សាស្បែកផ្សេងទៀតបាន
- ប្រើទឹកនេះពីរដងក្នុងមួយថ្ងៃ ឬរាល់ពេលក្រោយពីលាងសម្អាតមុខរួច។
៥. សម្រាប់ព្យាបាលស្នាមមុន
តែបៃតងផ្ទុកសារធាតុ phenol ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាក ហើយផ្តល់ប្រយោជន៍ក្នុងការព្យាបាលស្នាមមុន។ វិធីនេះជួយកម្ចាត់ស្នាមមុនបាន និងអាចប្រើច្រើនដងក្នុងមួយថ្ងៃ។
របៀបធ្វើ៖
- ដាក់កញ្ចប់តែបៃតង២ កញ្ចប់ ឬប្រើស្លឹកតែ២ស្លាបព្រាកាហ្វេទៅក្នុងចានគោម
- ដាំទឹក៥០០មិល្លីលីត្រ និងចាក់ទៅក្នុងចាននោះ
- ចាំមួយសន្ទុះ និងយកកញ្ចប់តែ ឬកាកតែចេញ
- យកកន្សែងទន់ និងស្អាតដាក់ក្នុងចាននោះ ហើយរង់ចាំឲ្យទឹកតែជ្រាបចូលកន្សែង
- យកកន្សែងនោះមកគ្របលើមុខ និងទុកចោលរយៈពេល៥ទៅ១០នាទី។
៦. សម្រាប់កម្ចាត់ស្នាមជ្រួញ សូមប្រើប្រេងអូលីវ
ប្រេងអូលីវគឺជាប្រភពនៃវីតាមីន A និង E ដែលអាចប្រឆាំងនឹងការខូចខាតស្បែកបង្កដោយពពួករ៉ាឌីកាល់សេរី និងជួយបង្កើតកោសិកាស្បែកឡើងវិញ។ ដើម្បីពន្យារភាពចាស់ យើងអាចម៉ាស្សាដោយប្រើតែប្រេងអូលីវ ឬលាយជាមួយទឹកឃ្មុំ និងគ្លីសេរីន។
របៀបធ្វើ៖
- លាយប្រេងអូលីវ ២ទៅ៣តំណក់ជាមួយនឹងទឹកឃ្មុំ និងគ្លីសេរីន២ទៅ៣តំណក់
- យកល្បាយនេះទៅម៉ាស្សាលើស្បែក២ដងក្នុងមួយថ្ងៃ។
ដើម្បីការពារ និងកាត់បន្ថយស្នាមជ្រួញ យើងអាចម៉ាស្សាស្បែករបស់យើងជាមួយនឹងប្រេងដូង ប្រេងអាល់ម៉ុង ឬប្រេងវីតាមីន E។
៧. សម្រាប់បញ្ហាស្ទះរន្ធញើស សូមប្រើអំបិលសមុទ្រនិងទឹកឃ្មុំ
អំបិលមានផ្ទុករ៉ែ និងសារធាតុចិញ្ចឹមច្រើនដូចជាម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូម និងប៉ូតាស្យូមដែលអាចជួយរក្សាលំនឹងការផលិតខ្លាញ់លើមុខ កម្ចាត់កោសិកាស្បែកងាប់ និងជំរុញដល់ការផលិតកោសិកាថ្មី។ យើងអាចធ្វើប្រដាប់ខាត់ដោយប្រើអំបិលបានតាមវិធីខាងក្រោម៖
- លាយអំបិល ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ
- លាបល្បាយនេះទៅលើស្បែក និងម៉ាស្សាថ្នមៗ
- ទុកចោល១៥ នាទី និងលាងសម្អាតចេញ។
យើងអាចប្រើល្បាយនេះច្រើនដងក្នុងមួយសប្ដាហ៍។
អត្ថបទពាក់ព័ន្ធ៖
- វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក ៦ ប្រភេទផ្សេងគ្នា
- ស្បែកស្ងួតបណ្ដាលមកពីកត្តាទាំងនេះ តើត្រូវដោះស្រាយបែបណា?
- ស្ថានភាពស្បែក ៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួលថែទាំ
- វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក
- ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹងប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]