មុខឡើងខ្លាញ់ កោសិកាងាប់ ធូលី និងបាក់តេរីសុទ្ធតែអាចកកស្ទះនៅរន្ធញើស និងធ្វើឲ្យរន្ធញើសកាន់តែរីកធំ។ ការថែរក្សាស្បែកមុខគឺសំខាន់ ប៉ុន្តែបើថែរក្សាខ្លាំងពេកក៏មិនល្អ និងអាចប៉ះពាល់ដល់រន្ធញើសទៀតផង។ តើទម្លាប់អ្វីខ្លះដែលធ្វើឲ្យរន្ធញើសកាន់តែរីកធំ?
១. ការប្រើក្រដាសផ្ដិតខ្លាញ់
ក្រដាសផ្ដិតខ្លាញ់លើមុខអាចជាជម្រើសល្អអំឡុងពេលថ្ងៃក្ដៅហើយស្បែកបញ្ចេញខ្លាញ់ច្រើន និងមានញើស។ ប៉ុន្តែការប្រើប្រាស់ញឹកញាប់ពេកអាចធ្វើប៉ះពាល់ដល់ស្បែក។ តាមពិតទៅស្រទាប់ខ្លាញ់ស្ដើងៗគឺសំខាន់សម្រាប់ស្បែក ហើយបើយើងជូតចេញមិនឈប់អាចធ្វើឲ្យស្បែកផលិតខ្លាញ់បន្ថែមដែលនាំឲ្យកកស្ទះនៅរន្ធញើស និងធ្វើឲ្យរន្ធញើសរីកធំ។
២. ការញេចមុន
ការញេចមុនទាំងមុនមិនទាន់មានមុខអាចធ្វើឲ្យបាក់តេរីនៅលើស្បែកឆ្លងទៅក្នុងស្រទាប់ខាងក្នុងរបស់ស្បែក។ នេះអាចបណ្ដាលឲ្យមានការរលាករាលដាល រួមទាំងរន្ធញើសរីកធំ និងមានស្នាមទៀតផង។
អត្ថបទពាក់ព័ន្ធ:
- មានស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរបន្ថែមវីតាមីនមួយនេះក្នុងរបបអាហារ
- វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យចាស់ជាងវ័យ
- ស្បែកស្ងួតបណ្ដាលមកពីកត្តាទាំងនេះ តើត្រូវដោះស្រាយបែបណា?
៣. ការប្រើប្រដាប់ខាត់មុខ
ការប្រើប្រដាប់ខាត់មុខអាចជួយកម្ចាត់ធូលី កោសិកាងាប់ និងខ្លាញ់ដែលកកនៅរន្ធញើស។ សកម្មភាពនេះអាចជួយឲ្យស្បែកមានអារម្មណ៍ស្រស់ស្រាយ និងធ្វើឲ្យរន្ធញើសរួមតូច។ ប៉ុន្តែយកល្អយើងគួរធ្វើ១ទៅ២ដងក្នុងមួយសប្ដាហ៍បានហើយ។ ការប្រើប្រដាប់ខាត់មុខញឹកញាប់អាចបណ្ដាលឲ្យស្បែកស្ងួត និងរីករន្ធញើស។ បន្ថែមពីនេះទៀត ការលាងសម្អាតមុខច្រើនជាង២ដងក្នុងមួយថ្ងៃអាចធ្វើឲ្យបាត់បង់ស្រទាប់ខ្លាញ់ធម្មជាតិដែលបង្កឲ្យស្បែកងាយប្រតិកម្មនឹងធូលីដី និងអាចឈានទៅមានការរលាក និងមុន។
៤. ការទុកឲ្យស្បែកស្ងួត
ស្បែកស្ងួតអាចបង្កឲ្យមានស្នាមជ្រួញ និងមើលទៅចាស់ជាងវ័យ។ ម៉្យាងទៀត ស្បែកស្ងួតធ្វើឲ្យរន្ធញើសមើលទៅធំជាងមុន។ ប៉ុន្តែយើងអាចបង្ការបានដោយជ្រើសរើសទឹកជូត និងទឹកផ្តល់សំណើម (moisturizer) ឲ្យត្រូវនឹងប្រភេទស្បែកមុខរបស់យើង។
៥. ការប្រើប្រាស់ផលិតផលដែលអាចកកនៅរន្ធញើស
ផលិតផលថែរក្សាស្បែកមួយចំនួនគឺមិនគួរប្រើប្រាស់លើស្បែកមុខ។ ជាពិសេសផលិតផលដែលមានសារធាតុបឺរកាកាវ (cocoa butter) ប្រេងដូង និងគ្រីម lanolin ដែលអាចកកស្ទះក្នុងរន្ធញើសបាន។ សារធាតុទាំងនេះអាចជួយផ្ដល់សំណើមដល់ស្បែក ប៉ុន្តែក៏អាចបង្កឲ្យមានមុន និងធ្វើឲ្យធូលីជាប់ក្នុងរន្ធញើស។
៦. ការបន្ថែមគ្រឿងសម្អាងញឹកញាប់
អំឡុងពេលថ្ងៃគ្រឿងតុបតែងមុខអាចនឹងរលុបខ្លះៗ ហើយការបន្ថែមឡើងវិញគឺមិនបង្កជាបញ្ហាអ្វីទេ។ ប៉ុន្តែយើងមិនគួរធ្វើញឹកញាប់ពេកទេ ព្រោះស្បែកយើងនឹងផលិតខ្លាញ់បន្ថែម ហើយការបន្ថែមគ្រឿងតុបតែងមុខម្ដងហើយម្ដងទៀតអាចបង្កើតជាស្រទាប់ខ្លាញ់ ធូលី និងគ្រឿងសម្អាងដែលទាំងនេះអាចបង្កបញ្ហាមុនបាន។
៧. របបអាហារ
ផលិតផលធ្វើពីទឹកដោះគោ គ្រឿងស្រវឹង អាហារដែលមានជាតិស្ករកែច្នៃខ្ពស់ អាហារបំពង ឬអាហាររសជាតិហឹរអាចប៉ះពាល់ដល់ស្បែក។ អាហារទាំងនេះអាចបង្កការរលាកក្នុងរាងកាយ និងធ្វើឲ្យស្បែកងាយឡើងមុន។ មុនធ្វើឲ្យក្រពេញខ្លាញ់ចុះខ្សោយ និងបើកឫសរោមដែលបង្កឲ្យរន្ធញើសកាន់តែធំ។
៨. មិនប្រើឡេការពារកម្ដៅថ្ងៃ
ការត្រូវកម្ដៅថ្ងៃច្រើនអាចប៉ះពាល់ដល់ស្បែកដូចជាបាត់បង់ខូឡាជែន ភាពយឺត និងទឹកពីស្បែក រួមទាំងបង្កឲ្យមានការរួញជាលិកាទៀត។ ទាំងនេះបង្កឲ្យរន្ធញើសរីក និងស្បែកយារ។ ដូចនេះការលាបឡេការពារកម្ដៅថ្ងៃគឺចាំបាច់ណាស់។
[embed-health-tool-due-date]