ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ
ជាធម្មតា ស្រុកខ្មែរយើង ចាប់ពីខែនេះទៅ អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ និងមានសំណើមតិច ដោយបាតុភូតនេះ បណ្ដាលឲ្យស្បែករបស់យើងស្ងួត របក ឬអាចប្រែជាបែកស្រកាផងដែរ។

១. ម៉េចបានស្បែកស្ងួត?
តាមពិតទៅ នៅពេលស្បែករបស់យើង ពុំមានប្រេងការពារគ្រប់គ្រាន់ទេ សំណើមលើស្បែក ក៏លែងមានដែរ។ ពេលលែងមានជាតិទឹកគ្រប់គ្រាន់នៅស្រទាប់ស្បែកខាងក្រៅ វាបណ្ដាលឲ្យស្ងួតស្បែក ហើយបញ្ហានេះ កើតឡើងច្រើន អំឡុងរដូវត្រជាក់ ធ្លាក់ខ្យល់ ដែលសំណើមក្នុងបរិស្ថាន មានកម្រិតទាប។
ក្រៅពីនេះ ក៏មានកត្ដាផ្សេងទៀត បណ្ដាលឲ្យស្បែកស្ងួត ដូចជា ការប្រើប្រាស់សាប៊ូ ឬទឹកក្តៅច្រើនពេក ការប៉ះពាល់ជាមួយសារធាតុគីមី ជំងឺស្បែក និងការវិវត្តវ័យ។ បញ្ហាស្បែកស្ងួតនេះ អាចបណ្ដាលឲ្យរមាស់ ប្រេះស្បែក រលាកស្បែក និងងាយឆ្លងមេរោគផងដែរ។
២. វិធីព្យាបាលស្បែកស្ងួត
ជំហានដំបូង ដើម្បីព្យាបាលស្បែកស្ងួត គឺត្រូវកំណត់មូលហេតុបង្ក តែបញ្ហាអាកាសធាតុត្រជាក់ ជាមូលហេតុចម្បងមួយ ដែលបណ្ដាលឲ្យស្បែកស្ងួត។ ក្នុងករណីស្បែករបស់យើងស្ងួតខ្លាំង យើងគួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាល។
អត្ថបទពាក់ព័ន្ធ៖
ខាងក្រោមនេះ ជាវិធីមួយចំនួន ដែលយើងអាចប្រើ ដើម្បីដោះស្រាយបញ្ហាស្បែកស្ងួត៖
- ងូតទឹកក្នុងរយៈពេលខ្លី ត្រឹម ១០នាទី ឬតិចជាងនេះ ហើយប្រើទឹកឧណ្ហៗបានហើយ
- ប្រើសាប៊ូ ឬទឹកអនាម័យលាងដៃតិចតួចបានហើយ ព្រោះការប្រើផលិតផលទាំងនេះច្រើនពេក ក៏បណ្ដាលឲ្យស្ងួតស្បែកដែរ
- ប្រើផលិតផលរក្សាសំណើមស្បែក ព្រោះវាអាចជួយព្យាបាល និងការពារស្បែកស្ងួត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕