គ្នាយើងដែលតែងជួបប្រទះបញ្ហារមាស់ស្បែកគឺមានការលំបាកក្នុងការគេង និងអាចមានអារម្មណ៍ថប់បារម្ភ។ ម៉្យាងទៀត នៅពេលអេះខ្លាំងអាចបង្កជាការដាច់រលាត់ងាយនឹងឆ្លងមេរោគផ្សេងទៀត។ មូលហេតុបង្កនៃអាការៈរមាស់នេះមានដូចជាសត្វល្អិតខាំ អាលែកហ្ស៊ី ស្ត្រេស និងជំងឺត្រអកជាដើម។ ប៉ុន្តែគ្នាយើងអាចបន្ធូរបន្ថយអាការៈបានដោយអនុវត្តតាមប៉ុន្មានវិធីនេះនៅផ្ទះដោយខ្លួនឯង។
វិធីដែលជួយបន្ថយអាការៈរមាស់បានលឿន និងងាយស្រួលគឺប្រើទឹកកក។ យើងអាចប្រើកន្សែងសើម ឬងូតទឹកត្រជាក់ព្រោះទឹកត្រជាក់ជួយបន្ថយអាការៈភ្លាមៗ និងជួយបញ្ឈប់ការហើមបង្កដោយកន្ទួលរមាស់ជាដើម។ សម្រាប់ការប្រើទឹកកកស្អំលើកន្លែងរមាស់ យើងគួរប្រើកន្សែងទ្រាប់លើស្បែក កុំប្រើទឹកកកស្អំដោយផ្ទាល់លើស្បែក។
ប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពប្រឆាំងការរលាក បាក់តេរី និងអុកស៊ីតកម្មផ្សេងៗ។ ជែលរបស់ប្រទាលកន្ទុយក្រពើអាចសម្រាលអាការៈរមាស់ និងការរលាកស្បែកបាន។ យកល្អគួរលាងសម្អាត និងសម្ងួតកន្លែងរមាស់មុននឹងប្រើប្រទាលកន្ទុយក្រពើ។ ម៉្យាងទៀត ប្រទាលកន្ទុយក្រពើអាចប្រើលាបលើស្បែកដោយផ្ទាល់បាន។
ការរុំកន្សែងសើមគឺយកកន្សែងត្រាំទឹក ឬស្បៃរុំរបួសត្រាំទឹករួចយកមករុំនៅកន្លែងដែលរមាស់។ ការរុំនេះជួយផ្តល់សំណើមដល់ស្បែក និងជារនាំងការពារមិនឲ្យយើងអេះបាន។ វិធីនេះគឺល្អជាពិសេសសម្រាប់កូនក្មេងតូចៗ។
៤. ប្រេងដូង
ប្រេងដូងអាចប្រើដើម្បីផ្តល់សំណើមដល់ស្បែកបាន ហើយក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងការរលាកដែរ។ យើងអាចយកប្រេងដូងមកលាបលើស្បែកត្រង់កន្លែងដែលរមាស់បាន។
យ៉ាងណាមិញ យើងគួរពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនជាមានអាការៈរមាស់ដូចខាងក្រោម៖
- អាការៈរមាស់យូរជាង២សប្ដាហ៍
- រមាស់ពេញខ្លួន
- មានកន្ទួលរមាស់ ដុំពក ឬហើម។