ផ្លែចេក ជាប្រភេទផ្លែឈើឆ្ងាញ់ ញ៉ាំទៅជំនួយសុខភាពច្រើន ដោយវាមានផ្ទុកកាកសរសៃ សារធាតុបំប៉នសំខាន់ៗ ដូចជា ប៉ូតាស្យូម និងវីតាមីន C ជាដើម។ តែជាធម្មតា ពេលញ៉ាំចេក យើងតែបោះសំបកចោល ដោយពុំសូវដឹងពីអត្ថប្រយោជន៍របស់វា។
គ្នាយើងខ្លះ ប្រហែលជាដឹងហើយ សំបកចេក ជួយដល់ស្បែក ជាពិសេសកាត់បន្ថយស្នាមជ្រួញ ឬខ្មៅ នៅលើស្បែក។ ក្រៅពីនេះ សំបកចេក នៅមានអត្ថប្រយោជន៍ផ្សេងជាច្រើនទៀត ជួយដល់សុខភាពសក់ ធ្វើឲ្យធ្មេញស និងការសង្គ្រោះបឋម។
១. សំបកចេកជួយដល់ការថែទាំស្បែក
- ការយកសំបកចេក ជូតលើផ្ទៃមុខ ជួយឲ្យស្បែកភ្លឺថ្លា និងកាត់បន្ថយស្នាមជ្រួញ
- ការបិទសំបកចេកលើភ្នែក ជួយកាត់បន្ថយបញ្ហាហើមភ្នែក ឬមុខ
- សំបកចេក ជួយរក្សាសំណើមលើស្បែក
- ការបិទសំបកចេកលើមុន អាចជួយឲ្យមុន រួមតូចវិញ
- សំបកចេក អាចយកទៅព្យាបាលជំងឺស្បែក Psoriasis ដោយការបិទលើរាងកាយ ដែលកើតជំងឺនេះ ដើម្បីរក្សាសំណើម និងបំបាត់រមាស់
- សំបកចេក ក៏ជួយព្យាបាលជំងឺឫសផងដែរ ដោយការបិទសំបកចេកលើឬស រាល់យប់
២. សំបកចេក ជួយសុខភាពសក់
សំបកចេក ត្រូវប្រើធ្វើជាសារធាតុមួយ ក្នុងក្រែមលាបសក់ (Hair Mask) ដោយវាជួយឲ្យសក់កាន់តែទន់ និងភ្លឺរលោង។ នេះដោយសារក្នុងសំបកចេក មានសារធាតុប្រឆាំងអុកស៊ីដកម្ម ដែលបញ្ឈប់ដំណើរការពពួករ៉ាឌីកាល់សេរី ហើយជួយឲ្យសក់រឹងមាំ និងមានសុខភាពល្អ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកចូលចិត្តតិចអត់ដឹងអត្ថប្រយោជន៍ ត្រយូងចេក ចំពោះសុខភាព
- ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង
៣. សំបកចេក ជួយឲ្យធ្មេញស
តាមការសិក្សានៅឆ្នាំ២០១៥ សំបកចេក មានសកម្មភាពប្រឆាំងបាក់តេរី ដូចជា បាក់តេរី A. actinomycetemcomitans និង P. gingivalis ដែលវាបង្កជាជំងឺអញ្ចាញធ្មេញ (Periodontal Diseases)។ ជាមួយគ្នានេះ ការយកសំបកចេក ជូតធ្មេញ ជួយឲ្យធ្មេញ និងអញ្ចាញ មានសុខភាពល្អ ហើយបើធ្វើរាល់ថ្ងៃ វាថែមទាំងជួយឲ្យធ្មេញសផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]