backup og meta

ប៉ាម៉ាក់បើធ្វើរឿងទាំងនេះច្រើន ដូច​កំពុងដាក់​សម្ពាធកាន់តែខ្លាំងលើកូន​

ប៉ាម៉ាក់បើធ្វើរឿងទាំងនេះច្រើន ដូច​កំពុងដាក់​សម្ពាធកាន់តែខ្លាំងលើកូន​

ការ​ដែល​ម៉ាក់ប៉ា​មាន​ការ​រំពឹង​ទុក​ខ្ពស់​ទៅលើ​កូន​អាច​ល្អ​សម្រាប់​កូន​មែន ប៉ុន្តែ​បើ​ម៉ាក់ប៉ា​ដាក់​សម្ពាធ​ដល់​កូន​ខ្លាំង​ពេក​អាច​បង្ក​ជា​ផល​លំបាក​វិញ។ ក្មេង​អាច​នឹង​ធ្វើ​បាន​តាម​ការ​រំពឹង​ទុក​ លុះត្រាតែ​ការ​រំពឹង​ទុក​នោះ​សម​ហេតុផល​ ព្រោះ​បើ​រំពឹង​ឲ្យ​ក្មេង​ធ្វើ​អ្វី​ដែល​ពួកគេ​មិន​អាច​ធ្វើ​បាន នឹង​​ធ្វើ​ឲ្យ​ពួកគេ​បោះបង់​ចោល​ទៅ​វិញ​។ ម៉ាក់ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ថា​ខ្លួន​បាន​ដាក់​សម្ពាធ​ខ្លាំង​ឲ្យ​កូន​ទេ ដូចនេះ​ហើយ​អត្ថបទ​នេះ​នឹង​លើកឡើង​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ម៉ាក់ប៉ា​កំពុង​ដាក់​សម្ពាធ​ដល់​កូន។

១. ស្តី​បន្ទោស​ច្រើន​ជាង​សរសើរ

ការ​ផ្ដោត​លើ​តែ​រឿង​ដែល​កូន​ធ្វើ​ខុស​មាន​ន័យ​ថា​យើង​មើល​រំលង​រឿង​ដែល​ពួកគេ​ធ្វើ​បាន​ល្អ។ ប៉ុន្តែ​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​រំលង​រឿង​ដែល​ល្អ​ព្រោះ​​​មិន​បាន​គិត​ថា​ក្មេង​គួរ​ទទួល​បាន​ការ​សរសើរ​សម្រាប់​ការ​ធ្វើ​បាន​ល្អ​ ផ្ទុយ​ទៅវិញ​ម៉ាក់ប៉ា​គិត​ថា​ក្មេង​ត្រូវការ​សម្ពាធ​ក្នុង​ការ​ក្លាយ​ជា​មនុស្ស​ពូកែ។ ការ​ស្តី​បន្ទោស​ច្រើន​មិន​បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ទេ​ ព្រោះ​គ្មាន​នរណា​ម្នាក់​ចូលចិត្ត​ស្តាប់​ពី​អ្វី​ដែល​ពួកគេ​ធ្វើ​ខុស​ទេ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៅ​លើ​អាកប្បកិរិយា​ល្អ និង​ផ្តល់​ការ​សរសើរ​ច្រើន​ជាង​ការ​ស្តី​បន្ទោស​ដល់​កូន។​

២. គ្រប់គ្រង​សកម្មភាព​របស់​កូន

ម៉ាក់ប៉ា​ដែល​ដាក់​សម្ពាធ​លើក​កូន​ខ្លាំង​តែង​គ្រប់គ្រង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​កូន​ដូចជា​ការ​ធ្វើ​កិច្ចការ​សាលា កិច្ចការ​ក្នុង​ផ្ទះ និង​ការ​លេង​ជាដើម​ ដើម្បី​ប្រាកដ​ថា​កូន​​ធ្វើ​បាន​ល្អ និង​ត្រឹមត្រូវ។ ការ​មាន​វត្តមាន​ក្នុង​ជីវិត​កូន​ពិត​ជា​សំខាន់​ ប៉ុន្តែ​ការ​ដែល​គ្រប់គ្រង​លើ​សកម្មភាព​គ្រប់​យ៉ាង​របស់​កូន អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​កូន​ដែរ​។ ជាធម្មតា​ប៉ាម៉ាក់​មិន​ចង់​ឲ្យ​កូន​​ធ្វើ​អ្វី​ខុស​នោះទេ តែវាក៏ជា​ការ​ណ៍​​ល្អមួយ​ដែរ ដែល​ប៉ាម៉ាក់​​គួរ​អនុញ្ញាត​ឲ្យ​កូន​មាន​កំហុស​ខ្លះ​ដើម្បី​ឲ្យ​ពួកគេ​រៀន​ពី​កំហុស​ទាំង​នោះ។

៣. គិត​ថា​គ្រប់​ស្ថានការណ៍​សុទ្ធ​តែ​ប៉ះពាល់​ដល់​ជីវិត

ប្រសិន​ជា​ម៉ាក់ប៉ា​សម្គាល់​ឃើញ​ថា​ឧស្សាហ៍​ប្រាប់​កូន​ថា​បើ​មិន​ធ្វើ​រឿង​នេះ​ទេ​អាច​នឹង​បរាជ័យ​​ ឬ​មាន​ឱកាស​តែ​ម្ដង​ក្នុង​ការ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​មានន័យ​ថា​ម៉ាក់ប៉ា​ដាក់​សម្ពាធ​ច្រើន​ទៅ​លើ​កូន​ហើយ។ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ទម្លាប់​ចាត់ទុក​គ្រប់​ការ​ប្រលង ឬ​ការ​ប្រកួតប្រជែង​មាន​ឱកាស​តែម្ដង​តែ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ យកល្អ​ព្យាយាម​រម្លឹក​ខ្លួន​ឯង និង​កូន​ថា​មាន​ឱកាស​ជា​ច្រើន​ដែល​អាច​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ និង​លទ្ធផល​របស់​ស្ថានការណ៍​មិន​មែន​សុទ្ធតែ​អាច​ផ្លាស់ប្ដូរ​ជីវិត​បាន​ទេ។

៤. ប្រៀបធៀប​កូន​ទៅ​នឹង​កូន​អ្នក​ដទៃ

ការ​និយាយ​ប្រៀបធៀប​កូន​ទៅ​នឹង​បង​ប្អូន ឬ​អ្នក​ដទៃ​អាច​ដាក់​សម្ពាធ​ដល់​កូន​ ហើយ​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​ការប្រកួតប្រជែង​មិន​ឈប់ឈរ​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ និង​មិន​បាន​គិត​ពី​បុគ្គលិកលក្ខណៈ​របស់​ពួកគេ។ ម៉្យាងទៀត នៅ​ពេល​ក្មេង​ទទួល​សម្ពាធ​ច្រើន​ពេក​ដោយ​ត្រូវ​បាន​ប្រៀបធៀប​នឹង​អ្នក​ដទៃ​ អាច​កាត់បន្ថយ​ឆន្ទៈ​​ក្នុង​ការ​ធ្វើ​កិច្ចការ​ដែល​ពួកគេ​មិន​ពូកែ ឬ​អាច​ធ្វើ​បាន​​ល្អ។ ម៉ាក់ប៉ា​គួរ​លើក​ទឹកចិត្ត​កូន​ឲ្យ​អភិវឌ្ឍ​ខ្លួន​ឯង​ដោយ​ការ​ប្រកួត​ប្រជែង​នឹង​ខ្លួនឯង និង​ប្រាប់​ពី​សារៈសំខាន់​នៃ​ការ​រៀន​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​ប្រសើរ​ជាងមុន​​ដោយ​មិន​គិត​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​គេ​ថា​ធ្វើ​បាន​ល្អ​យ៉ាង​ណា។

៥. ខឹង​ញឹកញាប់

ការ​ដាក់​សម្ពាធ​លើ​កូន​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​អារម្មណ៍​ទទួល​រង​សម្ពាធ​ដែរ។ នៅ​ពេល​កូន​មិនអាច​ធ្វើ​តាម​ការ​រំពឹង​ទុក​បាន​​អាច​បង្ក​ឲ្យ​ម៉ាក់ប៉ា​ខឹង។ បើសិន​ម៉ាក់ប៉ា​មិន​អាច​ទប់​កំហឹង​បាន​ព្រោះ​កូន​ធ្វើ​មិន​បាន​ល្អ ម៉ាក់ប៉ា​អាច​នឹង​ដាក់​សម្ពាធ​កាន់តែ​ច្រើន​លើ​កូន។ ម៉្យាងទៀត ការ​ដាក់​សម្ពាធ​លើ​កូន​ឲ្យ​ក្លាយ​ជា​អ្វី​ដែល​ពួកគេ​មិន​ចាប់​អារម្មណ៍​ អាច​បង្ក​ស្ត្រេស​ឲ្យ​ពួកគេ​កាន់តែ​ច្រើន។ ដូចនេះ ម៉ាក់ប៉ា​គួរ​រក​ដំណោះស្រាយ​ដែល​ល្អ​ដើម្បី​ជំរុញ​កូន​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ដោយ​មិន​បង្ខំ​ធ្វើ​ឲ្យ​បាន​តាម​ការ​រំពឹង​ទុក។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/signs-youre-putting-too-much-pressure-on-your-child-1094797

កំណែ​ប្រែបច្ចុប្បន្ន

14/09/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ឈប់ខឹងរឿងកូនគូសពេញជញ្ជាំងទៅ ក្មេងចូលចិត្តគំនូរ​នឹងបាន​ប្រយោជន៍ទាំងនេះ

ម៉ាក់ប៉ាធ្វើ ៥ វិធីនេះអាចជួយកូនមានជំនាញទំនាក់ទំនងកាន់តែល្អ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម