នៅពេលម៉ាក់ៗបំបៅដោះកូន ម៉ាក់ៗជួយបំពេញជាតិទឹកដល់កូនព្រោះទឹកដោះមានជាតិទឹកប្រហែល៩០%។ ទោះបីជាការសិក្សាបានបង្ហាញថាស្ត្រីបំបៅដោះកូនមិនចាំបាច់ផឹកទឹកច្រើនជាងធម្មតាក៏ដោយ ក៏អ្នកជំនាញនៅតែណែនាំឲ្យផឹកប្រហែល ៣,៧លីត្រក្នុងមួយថ្ងៃ។ ការបំពេញជាតិទឹកគឺមិនមែនសំដៅទៅលើទឹកតែមួយមុខទេ គឺរួមទាំងទឹកដោះគោ ទឹកផ្លែឈើ ផ្លែឈើ និងបន្លែជាដើម។
ការសិក្សាទៅលើឥទ្ធិពលនៃការផឹកទឹកបន្ថែមសម្រាប់ម៉ាក់ៗបំបៅដោះកូនទៅលើការផលិតទឹកដោះ បានឲ្យដឹងថាការផឹកទឹកច្រើនជាងធម្មតាមិនបានបង្កើនការផលិតទឹកដោះទេ។ ប៉ុន្តែការផឹកទឹកមិនគ្រប់គ្រាន់អាចធ្វើឲ្យថយចុះនៃការផលិតទឹកដោះបាន ដោយសារថាទឹកដោះផលិតចេញពីជាតិទឹកបានពីក្នុងខ្លួនម៉ាក់ៗ។ ប្រសិនជាម៉ាក់ៗផឹកទឹកមិនគ្រប់គ្រាន់ ម៉ាក់ៗអាចនឹងមានបញ្ហាខ្វះជាតិទឹក និងមានផលប៉ះពាល់ដូចជា៖
- ទល់លាមក
- វិលមុខ
- បបូរមាត់ស្ងួត និងប្រេះ
- អស់កម្លាំង
- ឈឺក្បាល
- អារម្មណ៍ឡើងចុះ
- រមួលក្រពើ
- ចង្អោរ។
ក្រៅពីផឹកទឹក ម៉ាក់ៗក៏អាចបំពេញជាតិទឹកបានយ៉ាងងាយស្រួលតាមរយៈជម្រើសផ្សេងៗមានដូចជា៖
- ទឹកដោះគោ
- ទឹកបន្លែ ឬទឹកផ្លែឈើ
- ផ្លែឈើដូចជាផ្លែក្រូច ផ្លែឪឡឹក និងពពួកបឺរី
- ស៊ុប
- បន្លែដូចជាផ្លែប៉េងប៉ោះ ត្រសក់ និងសាលាដ។
យ៉ាងណាមិញ អ្នកជំនាញក៏បានណែនាំឲ្យចៀសវាងភេសជ្ជៈមួយចំនួនពេលបំបៅដោះកូន៖
- ភេសជ្ជៈមានជាតិស្ករដូចជាទឹកសូដា (soft drink)
- ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
- គ្រឿងស្រវឹង។
គួរបញ្ជាក់ដែរថា ការផឹកទឹកច្រើនពេកក៏អាចប៉ះពាល់ដល់ការផលិតទឹកដោះដែរព្រោះរាងកាយនឹងរក្សាតុល្យភាពអេឡិចត្រូលីតដោយបញ្ចេញជាតិទឹកដែលលើសពីក្នុងសុដន់ដែរ ដែលនេះអាចបន្ថយការផលិតទឹកដោះ។
[embed-health-tool-vaccination-tool]