ស្រីៗមួយចំនួនអាចនឹងធ្លាប់មានជំងឺត្រអក (Eczema) និងតែងមានស្ថានភាពធ្ងន់ធ្ងរអំឡុងពេលមានផ្ទៃពោះ ខណៈម៉ាក់ៗមួយចំនួនទៀតអាចនឹងមានជំងឺត្រអកលើកដំបូងអំឡុងពេលពពោះ និងអាចបន្តមានក្រោយពេលសម្រាលទៀត។ ម៉ាក់ៗទើបសម្រាលហើយមានជំងឺនេះអាចនឹងមានចម្ងល់ថាតើអាចបំបៅដោះកូនបានដែរទេ?
ជំងឺត្រអកគឺជាបញ្ហាស្បែកដែលមិនចម្លងទៅមនុស្សផ្សេងទៀតទេ និងមានអាការៈដូចជារមាស់ ស្បែកឡើងគ្រើមស្បែកឡើងក្រហម និងស្ងួតខ្លាំង។ ជំងឺត្រអកតែងឡើងនៅតាមដៃជើង ក មុខ និងសុដន់ទោះបីជាករណីកម្រកើតមានក៏ដោយ។ ទោះបីជាជំងឺនេះមិនទាន់មានវិធីព្យាបាលឲ្យជាដាច់ក៏ដោយ ប៉ុន្តែវាអាចបាត់ទៅដោយខ្លួនឯងដែរ។ សម្រាប់ស្រ្តីបំបៅដោះកូនវិញទោះជាកើតជំងឺនេះក៏នៅតែអាចបំបៅដោះកូនបានដូចគ្នា ដោយគ្រាន់តែយើងត្រូវសម្អាតថ្នាំដែលលាប ករណីកើតលើសុដន់ ឲ្យបានស្អានមុននឹងបំបៅដោះកូន។
សម្រាប់មូលហេតុបង្ក គេក៏មិនទាន់ដឹងច្បាស់ទេ ប៉ុន្តែអាចមកពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ និងភាគច្រើនកើតមានលើអ្នកមានបញ្ហាប្រព័ន្ធភាពស៊ាំ ជំងឺហឺត ស្ត្រេសខ្លាំង ស្បែកស្ងួត និងកត្តាបរិស្ថានផ្សេងៗ។ សម្រាប់គ្នាយើងមួយចំនួនអាចមានអាការៈជំងឺនេះរហូត និងគ្នាយើងមួយចំនួនអាចមានជំងឺក្នុងពេលណាមួយដូចជាពេលពពោះជាដើម។ ជំងឺត្រអកតែងកើតមាននៅអំឡុងពេលពពោះត្រីមាសទី១ និងទី២។ ប៉ុន្តែដោយសារជំងឺប្រភេទនេះក៏អាចបង្កដោយកត្តាបរិស្ថាន និងកត្តាខាងក្នុងរបស់រាងកាយ(ប្រព័ន្ធភាពស៊ាំ) ដែលនេះអាចនឹងមានការពិបាកក្នុងការដឹងថាពេលណាជំងឺនេះអាចកើតមានអំឡុងពេលពពោះ ឬក្រោយពេលសម្រាលកូនរួច។
ក្នុងករណីដែលអាការៈនៅតែបន្តមានក្រោយសម្រាលរួច ការបន្តការព្យាបាលគឺរឿងចាំបាច់ណាស់។ ការព្យាបាលសម្រាប់ស្ត្រីបំបៅដោះកូនគឺស្រដៀងទៅនឹងអំឡុងពេលពពោះដែរដោយនៅតែអាចបន្តប្រើថ្នាំលាបបន្ថែមសំណើមដល់ស្បែក (emollient) និង ប្រើថ្នាំលាបពពួក ស្តេរ៉ូអ៊ីត (Topical steriod) ហើយការងូតទឹកដោយប្រើពេលតិច និងចៀសវាងសាប៊ូដែលកាត់ខ្លាំងអាចធ្វើឲ្យស្បែកស្ងួត គឺសុទ្ធតែជួយបន្ថយអាការៈផងដែរ រួមទាំងមានការកំណត់មិនឲ្យប្រើប្រាស់ថ្នាំមួយចំនួនព្រោះអាចប៉ះពាល់ដល់ទារក។ ក្នុងករណីស្ត្រីបំបៅដោះកូនមានជំងឺត្រអកនៅសុដន់អាចប្រើថ្នាំលាបបន្ថែមសំណើម (emollient) និងថ្នាំលាបពពួក ស្តេរ៉ូអ៊ីត នៅនឹងសុដន់ពេលមុនបំបៅដោះកូន និងគួរធ្វើការសម្អាតឲ្យបានល្អមុននឹងបំបៅដោះកូនម្ដងទៀត។ យ៉ាងណាមិញ សម្រាប់ការប្រើប្រាស់ថ្នាំលាប ឬថ្នាំលេបផ្សេងៗ យកល្អគួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិនដើម្បីសុវត្ថិភាពទារក។
[embed-health-tool-vaccination-tool]