ការលូតលាស់ និងអាកប្បកិរិយា
៩ សប្តាហ៍ជាពេលដែលអូនតូចចេញកាយវិការ គួរឲ្យក្នក់ក្នាញ់ ហើយ កូនយើងអាចបែងចែកប្រភេទសំឡេងដែលស្រដៀងគ្នាបាន។ ម៉ាក់ប៉ាត្រូវបន្តនិយាយជាមួយកូនឲ្យបានច្រើន ព្រោះអាអូនអាចសម្លឹងមើលមាត់យើងពេលនិយាយ និងដឹងអំពីភាពអស្ចារ្យនៃការបញ្ចេញសំឡេង។ អាអូនមើលទៅគួរឲ្យស្រលាញ់ ពេលសើច ឬយំ ដើម្បីចង់បង្ហាញអារម្មណ៍របស់គេមកយើង។
មកដល់ពេលនេះកូនយើងអាច៖
– ញញឹមមកយើងវិញ
– អាចបែងចែកសំឡេងស្រដៀងគ្នា
– រកមើលប្រភពសំឡេង
– ស៊ាំជាមួយបរិយាកាសជុំវិញខ្លួន
– អាចយំ ឬនៅស្ងៀមស្ងាត់ពេលឮសំឡេងកណ្តឹង។
១- បង្រៀនកូនពីអី?
ម៉ាក់ប៉ាត្រូវបន្តព្យាយាមនិយាយទៅកូនឲ្យបានច្រើន វាហាក់បីដូចជាយើងនិយាយតែម្នាក់ឯង តែលទ្ធផលច្បាស់ជាស្មានមិនដល់ អាអូនលូតលាស់បានល្អ ព្រោះកូនរៀនតាមចលនាមាត់យើងពេលនិយាយ ឬសំឡេងស្រស់ស្រាយរបស់យើង។ ម៉ាក់ប៉ាច្បាស់ជាសប្បាយចិត្តពេលឃើញកូនបញ្ចញសំឡេងគ្រលរ សើច ឬញញឹមមករកយើង។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
ការពិនិត្យ និងណាត់ជួបប្រែប្រួលទៅតាមស្ថានភាពបេប៊ី ប៉ុន្តែយើងអាចទៅជួបគ្រូពេទ្យពិនិត្យរកមើលបញ្ហាមួយចំនួន ដើម្បីតាមដានការលូតលាស់របស់កូន។
– ថ្លឹងគីឡូ
– វាស់កម្ពស់ និងទំហំក្បាល
– ពិនិត្យសួត និងបេះដូង
– ពិនិត្យទ្រូង និងខ្នង
– ចាក់វ៉ាក់សាំងមួយចំនួន
៣- ត្រូវដឹងពីអីខ្លះ?
ការចាក់វ៉ាក់សាំង៖ គ្រូពេទ្យនឹងបញ្ជាក់ឲ្យបានច្បាស់ថាការចាក់វ៉ាក់សាំងផ្តល់ផលវិជ្ជមានដោយអាចការពារអូនតូចពីជំងឺងាយឆ្លងមួយចំនួនធំបាន។ ថ្វីត្បិតការចាក់វ៉ាក់សាំងបានការពារបេប៊ីរាប់ពាន់នាក់ជារៀងរាល់ឆ្នាំពិតមែន ប៉ុន្តែនៅតែមិនទាន់ល្អឥតខ្ចោះនៅឡើយ។ អូនតូចមួយចំនួនមានប្រតិកម្មជាមួយវ៉ាក់សាំង ឬអាចឈឺក្រោយពេលចាក់វ៉ាក់សាំងរួច ហើយមួយចំនួនអាចស្លាប់ក្នុងករណីកម្រ។ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់យើងត្រូវមានការប្រុងប្រយ័ត្នដូចជា៖
– រកមើលជំងឺធ្ងន់ធ្ងរដែលអាចកើតមានមុនចាក់វ៉ាក់សាំង
– អានពត៌មានអំពីវ៉ាក់សាំងដែលគ្រូពេទ្យនឹងចាក់ឲ្យកូន
– តាមដានស្ថានភាពកូន ៧២ ម៉ោង ក្រោយចាក់វ៉ាក់សាំង
– ទាក់ទងទៅគ្រូពេទ្យបើកូនមានបញ្ហាណាមួយកើតឡើង
– សួរគ្រូពេទ្យអំពីឈ្មោះក្រុមហ៊ុនផលិត និងលេខកូដថ្នាំ
– ប្រាប់ប្រតិកម្មដែលធ្លាប់កើតលើកូនមុនចាក់វ៉ាក់សាំង។
ទោះបីជាប្រតិកម្មធ្ងន់ធ្ងរជាករណីកម្រ តែយើងគួរតែប្រញាប់ទាក់ទងទៅគ្រូពេទ្យពេលកូនមានបញ្ហាដូចខាងក្រោម៖
– ក្តៅខ្លួនលើសពី ៤០ អង្សាសេ
– យំលើស ៣ម៉ោង
– ប្រកាច់ ឬកន្រ្តាក់ដៃជើង
– ហើមមុខមាត់ ពិបាកដកដង្ហើម ឬមានកន្ទួលរមាស់
– ល្ហិតល្ហៃ មិនឆ្លើយតប ឬគេងច្រើនលើសធម្មតា។
ការព្រួយបារម្ភ
៤- អ្វីខ្លះត្រូវបារម្ភ?
ឲ្យកូនបៅទឹកដោះគោ៖ ម្តាយជាច្រើនឲ្យកូនបៅទឹកដោះគោដោយសារអាចមានពេលទៅធ្វើកិច្ចការផ្សេងៗ ឬមកពីកូនមិនឡើងគីឡូពេលបៅទឹកដោះម្តាយតែមួយមុខ។ យកល្អគួរច្របាច់យកទឹកដោះយើងដាក់ក្នុងដប ទុកក្នុងទូរទឹកកកដើម្បីការពារបញ្ហាមួយចំនួនដូចជាកូនអាចបន្តបៅទឹកដោះម្តាយទោះបីជាយើងឈឺ ឬប្រើថ្នាំដែលប៉ះពាល់ដល់ទឹកដោះក្តី។ មិនបាច់ព្រួយរឿងទុកយូរខូចគុណភាព ប្រែប្រួលរសជាតិនោះទេ ដោយសារតែទឹកដោះម្តាយពេលយកទៅទុកក្នុងដបនៅតែរក្សារសជាតិដដែល ដូចអាអូនធ្លាប់បៅផ្ទាល់ពីដោះ។
បេប៊ីជាច្រើនមិនទម្លាប់បៅទឹកដោះដប ដូចនេះយើងគួរបន្តឲ្យបៅដោះយើងហូតដល់មានអាយុ ៣ សប្តាហ៍។ ការឲ្យកូនបៅដោះយើងមានភាពងាយស្រួល ចង់ឲ្យគេបៅពេលណាក៏បាន មិនចាំបាច់ខ្វល់ពីបរិមាណទឹកដោះដែលទារកត្រូវបៅ។ បើយើងដល់ពេលចូលធ្វើការវិញហើយ មិនអាចឲ្យកូនបៅដោះបានយើងគួរប្តូរឲ្យអាអូនបៅទឹកដោះគោវិញ ដោយឲ្យកូនបៅទឹកដោះគោបានយ៉ាងតិច ២ សប្តាហ៍មុនពេលចូលធ្វើការ។ បើចង់ឲ្យកូនបៅទឹកដោះយើង ត្រូវសម្អាតដបរួចច្របាច់ទឹកដោះចូលក្នុងដបដោយប្រុងប្រយ័ត្ន។
ស្នាមញញឹមដំបូង៖ មិនចាំបាច់បារម្ភថាកូនមិនញញឹមរកយើងទេ។ បេប៊ីខ្លះមិនអាចសើចរហូតអាយុ ៦ ឬ ៧ សប្តាហ៍ ទោះបីជាអាអូនសប្បាយចិត្តក្តី។ យើងអាចដឹងថាមួយណាជាស្នាមញញឹមពិត ឬគ្រាន់តែជាការសើចចោលដោយមើលទឹកមុខរបស់កូន មិនមែនមើលតែមាត់នោះទេ។ ចង់ឲ្យកូនឆាប់ចេះសើច ម៉ាក់ប៉ាត្រូវនិយាយ លេងសើច និងថ្នាក់ថ្នមកូនឲ្យបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]