backup og meta

អាយុ ១៩ សប្តាហ៍៖ ដឹងអត់ ពេលនេះបេប៊ីចូលចិត្តអីជាងគេ?

អាយុ ១៩ សប្តាហ៍៖ ដឹងអត់ ពេលនេះបេប៊ីចូលចិត្តអីជាងគេ?

ការលូតលាស់ និងអាកប្បកិរិយា

ទោះ​ជាអូនតូច​​យក​ការ​យំ​ជា​ទំនាក់​ទំនង​ជាមួយ​យើង​ក្តី ក៏​គេចាប់​ផ្តើម​ចេះ​សើច​ព្រមគ្នា​ដែរ។ កូន​យើង​អាច​សើច​ពេល​ភ្ញាក់​ផ្អើល ដូច​ជា​ការ​លេង​ពួន​បិទ​មុខ តុក្កតា​លោត​ចេញ​ពី​ប្រអប់​ជា​ដើម។ ម៉ាក់ប៉ា​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​​កូន​ឲ្យ​សើច ញញឹម​​បាន​ច្រើន​ដោយ​ធ្វើ​មុខ​កំប្លែង​ៗ​ឲ្យ​អាអូន​មើល។ ម្យ៉ាងវិញ​ទៀត ក្មេងតូច​ក៏​ចូល​ចិត្ត​ស្តាប់​សំឡេង​ប្លែកៗ ដូច​ជា​សំឡេងក្តក់ ហួច ឬ​ត្រាប់​សំឡេង​សត្វ​ជាដើម។

នៅ​សប្តាហ៍​ទី ១៩​ កូន​យើង​អាច៖

– អង្គុយ​ត្រង់​ខ្នង

– ក្រឡាប់

– ចាប់​អារម្មណ៍​សំឡេង ពិសេស​សំឡេងម្តាយ

– និយាយ​ពាក្យ​ងាយ​បាន​ខ្លះៗ

– ចេះ​វារ។

១- បង្រៀនកូនពីអីខ្លះ?

អត់​មាន​អី​ពិបាក​ទេ ម៉ាក់ប៉ា​គ្រាន់​តែ​នាំ​កូនឲ្យ​សើច​ជាមួយ​យើង ឬ​ធ្វើ​មុខ​កំប្លែងៗ​ដាក់​កូន បង្ហាញ​អាអូន​ឲ្យ​បាន​ឃើញ ឬ​លេង​របស់​ថ្មីៗ ប្លែកៗ​ឲ្យ​បាន​ច្រើន។ តែ​កុំ​ភ្លេច​ណា ពេល​នេះ​អូន​តូច​ក៏​ចូល​ចិត្ត​ស្តាប់​សំឡេង​ដែរ យើង​អាច​ត្រាប់​តាម​សំឡេង​សត្វចាប សត្វ​មាន់ ឲ្យ​កូន​ស្តាប់​ផង។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូ​ពេទ្យ​នឹង​ប្រើ​វិធី​ផ្សេង​ៗ​គ្នា​ដើម្បី​ពិនិត្យ​សុខភាព​កូនយើង​ទៅតាម​ស្ថានភាព​ជាក់​លាក់ ហើយគ្រូ​ពេទ្យ អាច​នឹង​តាមដាន​សុខភាព​អាអូន​ទាំង​អស់ ឬ​គ្រាន់​តែ​ចាក់​ថ្នាំ​បង្ការ​លើក​ទី ២ បើសិន​ជា​កូន​យើង​មាន​សុខភាព​ល្អ។ មុន​ពេល​ចាក់​ថ្នាំ​បង្ការ​​កុំ​ភ្លេច​ប្រាប់​គ្រូពេទ្យ បើសិន​ជា​អាអូន​មាន​ប្រតិកម្ម​អ្វី​មួយ​ពេល​ចាក់​ថ្នាំ​លើក​មុន។

៣- ត្រូវដឹងពីអីខ្លះ?

ទាំង​នេះ​ជា​បញ្ហា​ខ្លះ​ៗ​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង ដើម្បី​ជា​ចំណេះដឹង​ក្នុង​ការ​ថែទាំ​កូន​បាន​ល្អ ជៀស​ផុស​ពី​គ្រោះថ្នាក់​ទាំង​ឡាយ។

មេរោគ​រលាក​ផ្ហូវ​ដង្ហើម (Acute respiratory virus) ៖ វាត្រូវ​ស្គាល់​ថា ជាវីរុស​នៅ​ប្រព័ន្ធផ្លូវ​ដង្ហើម ដែល​មាន​សញ្ញា​ប្រ​ហែល​នឹង​គ្រុន​ផ្តាសាយ។ វីរុស​នេះ​តែ​ឯង​មិន​បង្ក​ជំងឺទេ តែ​សម្រាប់​អាអូន​ដែល​មាន​ការ​បង្ក​រោគ​នៅ​ត្រចៀក រលាក​ទង​សួត រលាក​សួត​ស្រាប់​នោះ វីរុស​អាច​ជំរុញ​ឲ្យ​ក្មេង​វិវត្ត​ទៅ​ជា​ជំងឺ​ហឺត​ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត​បាន។ បញ្ហា​នេះ​ងាយ​កើត​មាន​លើ​ក្មេង​ក្រោម​អាយុ ២ ឆ្នាំ​ ហើយ​គ្រោះ​ថ្នាក់​ចំពោះ​ក្មេង​អាយុ​ក្រោម ៦​ខែ ក្មេង​មាន​បញ្ហា​សុខភាព កើត​មិន​គ្រប់​ខែ ឬ​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ។

ពី​ដំបូង​អូនតូច​អាច​នឹង​គ្មាន​បញ្ហា​អ្វី​ទេ តែ ២-៣ ​ថ្ងៃ​ក្រោយ ជំងឺ​អាច​ប្រែ​ជា​ធ្ងន់​ធ្ងរ និង​បណ្តាល​ឲ្យ​ពិបាក​ដក​ដង្ហើម។ សញ្ញាដែ​ល​បង្ហាញ​ថា​ក្មេង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​រួម​មាន រន្ធ​ច្រមុះ​រីក​ធំ ប៉ោង​ទ្រូង សាច់​ដុំ​ពោះ​រឹង​ ដក​ដង្ហើម​ឮ​សូរ ដង្ហើម​ខ្លីៗ និង​ញាប់ បបូរ​មាត់ និង​ក្រចក​​ពណ៌ស្វាយ ពិបាក​ក្នុង​ការ​ញ៉ាំ។

យើង​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ជាមាន​សញ្ញា​ដូច​ខាង​លើ។ គ្រូ​ពេទ្យ​អាច​នឹង​ឲ្យ​ថ្នាំ​ពង្រីក​ទង​សួត ដើម្បី​សម្រួល​ការ​ដក​ដង្ហើម។ នៅ​ផ្ទះ​យើង​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​​បាន​គ្រប់គ្រាន់ នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី ហើយ​គួរ​ប្រើ​ថ្នាំ​បន្តក់ ​ឬ​ស្រ្ពៃ​បាញ់​ច្រមុះ​ដើម្បី​ឲ្យ​កូន​ដក​ដង្ហើម​បាន​ស្រួល ពេល​គេង​គួរ​ដាក់​ក្បាល​អាអូន​ខ្ពស់​ជាង​ខ្លួន។

ម៉ាក់ប៉ា​អាច​ឲ្យ​កូន​​ញ៉ាំ​ពួក​ថ្នាំ​ប៉ា​រ៉ា​សេ​តាម៉ុល​តាម​ការ​ប្រាប់​របស់​គ្រូពេទ្យ​បើ​សិន​ជា​អាអូន​ក្តៅ​ខ្លួន។ ក្មេង​កើត​មិន​គ្រប់​ខែ ក្មេង​មាន​ជំងឺ​សួត ឬ​បេះ​ដូង​ គួរ​ចាក់​ថ្នាំ​បង្ការ​ពេល​ដល់​រដូវ​ផ្ទុះ​ជំងឺ​នេះ។

សំឡេង​បេះដូង​មិន​ប្រក្រតី៖ បេះ​ដូង​ជា​សរីរាង្គ​ដ៏​សំខាន់​ ដូច​នេះ​បញ្ហា​បេះដូង​​គ្រោះ​ថ្នាក់​ណាស់​ជា​ពិសេស​ចំពោះ​ក្មេងៗ។ តែ​កុំ​បារម្ភ​អី ភាគច្រើន​នៃ​បញ្ហា​សំឡេង​បេះ​ដូង​មិន​ប្រ​ក្រ​តី​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​អាអូន​ធំ។ វា​កើត​ឡើង​ដោយ​សារ​លំហូរ​ឈាម​ក្នុង​បេះដូង​​មិន​ប្រក្រតី ហើយ​គ្រូពេទ្យ​អាច​រក​មូល​នៃ​សំឡេង​នេះ​ឲ្យ​យើង​ដឹង​។ ស្ទើរ​គ្រប់​ពេល​ដែល​ក្មេង​មាន​សំឡេង​​បេះដូង​មិន​ប្រក្រតី គឺ​ដោយ​សារ​បេះ​ដូង​មាន​រូប​រាង​មិន​ធម្មតា​ គ្រូពេទ្យ​អាច​ពិនិត្យ​ដោយ​ស្តេ​តូ​ស្កុប​ ហើយ​វា​មិន​មាន​គ្រោះ​ថ្នាក់ ឬ​ត្រូវ​ការ​ការ​ព្យាបាល​អ្វី​ឡើយ។ ក្មេង​មួយ​ចំនួន​មាន​សំឡេង​នេះ​ពេញ​កុមារ​ភាព​​ តែ​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​បេះ​ដូង​​លូតលាស់​ពេញ​លេញ។ បើ​យើង​មាន​កង្វល់​ចំពោះ​បញ្ហា​នេះ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ច្បាស់​ពី​ស្ថាន​ភាព ​និង​ការ​វិវត្តទៅ​អនាគត​នៃ​បេះ​ដូង​កូន​យើង។

ការព្រួយបារម្ភ

៤- អ្វីខ្លះត្រូវបារម្ភ?

ការ​ម៉ាស្សាខ្លួន៖ ​ការ​ម៉ាស្សា​មិន​មែន​សម្រាប់​តែ​មនុស្ស​ធំ​នោះ​ទេ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់​មាន​ការ​និយម​លើ​ក្មេងៗ វាជា​ការ​ព្យាបាល​ដ៏​ល្អ​ចំពោះ​សុខភាព។ ការ​ម៉ាស្សា​នឹង​ជួយ​ឲ្យ​កូន​យើង​​ធំ​លឿន គេង និង​ដក​ដង្ហើម​​បាន​ស្រួល និង​រវៀស​ជាង​មុន។

បើ​សិន​ជា​ម៉ាក់ប៉ា​ចង់​ចេះ​ពី​របៀប​នៃ​ការ​ម៉ាស្សា​កូន យើង​អាច​រៀន​តាម​សៀវ​ភៅ​ មើលតាម Youtubeនិង​ទៅ​រៀន​ជា​មួយ​អ្នក​ជំនាញ​ម៉ាស្សា​ក៏​បាន។ Hello គ្រូពេទ្យនឹង​បង្ហាញ​ជា​ជំហានៗ​សម្រាប់​ម៉ាក់ប៉ា​ដែល​មាន​បំណង​ម៉ាស្សា​ឲ្យ​កូន មាន​ដូច​ខាង​ក្រោម​នេះ៖

–  រក​ពេល​វេលា​សមរម្យ​សម្រាប់​យើង និងកូន

–  រក​កន្លែង​ដែល​មាន​ផាសុកភាព

–  ប្រើ​សារធាតុ​រម្អិល បើ​សិន​ជា​យើង​ចង់

–  មើល​ការ​ឆ្លើយ​តប​របស់​កូន តើ​ពេញ​ចិត្ត​អត់?

តេស្ត​ចលនា៖ ជាទូទៅ​ក្មេងៗ​ចូល​ចិត្ត​ការ​ប៉ះ​ថ្មមៗ។ ទាំង​នេះ​ជា​គំនិត​ខ្លះៗ ដែល​យើង​អាច​ចាប់​ផ្តើម​ម៉ាស្សា​បាន៖

– ដាក់​ដៃ​ទាំង ទប់​ក្បាល​កូន ២-៣ ​វិនាទី

– យក​ដៃ​ទៅ​អង្អែល​មុខ រួច​បន្ត​ទៅ​ខ្លួន និង​ចុង​ជើង

– ប៉ះ​ទ្រូង​កូន​ថ្នម​ពី​ក្នុង​មក​ក្រៅ

– រឹត​​ពោះ​ចុះ​ឡើងៗ ហើយ​សង្កត់​ម្រាម​ដៃ​យើង​លើ​ពោះ​កូន​តិចៗ

– ញី​ដៃ និង​ជើង​កូន

– លើកជើង​កូន​ចុះ​ឡើង​ៗ​ម្តង​ទៀត ហើយ​ម៉ាស្សា​បាត​ជើង​កូន

– ដាក់​កូន​ឲ្យគេង​ផ្កាប់ ហើយ​ម៉ាស្សា​ខ្នង​ពី​ម្ខាង​ទៅ​ម្ខាង ពី​លើ​ទៅ​ក្រោម

– ​ច្រៀង ឬ​និយាយ​ជាមួយ​កូន​ពេល​កំពុង​ម៉ាស្សា

– យើង​នឹង​ភ្ញាក់​ផ្អើល​ពេល​​ឃើញ​កូន​មាន​ប្រ​តិកម្ម​

– ម៉ាស្សា​ជា​រង្វង់​ដោយ​ម្រាម​ដៃ​យើង​ដាក់​ត្រង់​ក្បាល​កូន រួច​យក​ដៃ​ទៅ​ប៉ះ​ថ្នមៗ​ត្រង់​ថ្ងាស​ពី​ចំណុច​កណ្តាល​មក​ក្រៅ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 289-309.

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម