ការលូតលាស់ និងអាកប្បកិរិយា
អារម្មណ៍ដំបូងរបស់កូនយើងអាចខ្លាចមនុស្សមិនស្គាល់ យំនៅពេលអ្នកទាំងនោះព្យាយាមប៉ះ ឬព។ ប៉ុន្តែការខ្លាចនេះមិនមានន័យថា ម៉ាក់ប៉ាដាច់ខាតមិនឲ្យកូនជួប ឬលេងជាមួយអ្នកខាងក្រៅនោះទេ។ ការដែលឲ្យកូនបានជួប ឬលេងជាមួយមនុស្សដទៃច្រើនអាចធ្វើឲ្យកូនទទួលអ្វីល្អៗច្រើនជាងនៅជាមួយយើង ឬសមាជិកគ្រួសារសុទ្ធ។ យើងត្រូវចាំថាក្មេងៗ ត្រូវការភាពអត់ធ្មត់ និងការយោគយល់ពីម៉ាក់ប៉ា ដើម្បីឆ្លងកាត់ដំណើរការលូតលាស់សំខាន់ៗរបស់ខ្លួនជាច្រើនទៀត។
នៅសប្តាហ៍ទី ២២ នេះ កូនយើងនឹងអាច៖
– រមៀលនៅក្នុងទិសមួយ
– ទ្រនឹងទម្ងន់ធ្ងន់លើជើង
– និយាយពាក្យមួយចំនួនដែលមានការផ្សំព្យញ្ជនៈ និងស្រះ
– បញ្ចេញសំឡេងបែបកំប្លែងជាមួយការលេងទឹកមាត់
– ងាកទៅរកប្រភពនៃសំឡេង។
១- បង្រៀនកូនពីអីខ្លះ?
ម៉ាក់ប៉ាគួរតែមានទំនាក់ទំនងល្អជាមួយកូនពេលញ៉ាំអាហារ ពីព្រោះអូនតូចអាចមើលការញ៉ាំរបស់យើង ហើយអាអូនក៏ញ៉ាំអាហារបានច្រើនជាងមុន។
នៅវ័យនេះកូនយើងអាចចេះអង្គុយបានខ្លះៗ ដូចនេះម៉ាក់ប៉ាគួរតែនៅជិតកូនដើម្បីជួយទប់ ទោះបីមានដាក់ខ្នើយពីខាងក្រោមក៏ដោយ ដើម្បីកុំឲ្យកូនអស់អារម្មណ៍ក្នុងការអង្គុយ ធ្វើឲ្យងាយដួល។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
ជារឿងមួយប្រពៃដែលយើងថែទាំកូនបានល្អ មិនមានបញ្ហាធ្ងន់ធ្ងរនៅវ័យនេះ ផ្ទុយមកវិញម៉ាក់ប៉ាអាចនឹងមិនដឹងថាកូនយើងលូតលាស់ដូចម្តេចឡើយ ដូច្នេះគួរតែត្រៀមសំណួរសម្រាប់ជួបគ្រូពេទ្យ ហើយកុំស្ទាក់ស្ទើរក្នុងការទាក់ទងគ្រូពេទ្យភ្លាមៗ នៅពេលឃើញសញ្ញាមិនប្រក្រតីនៅលើកូន។
៣- ត្រូវដឹងពីអីខ្លះ?
ទល់លាមក៖ ការទល់លាមកកើតឡើងនៅពេលលាមកក្នុងពោះវៀនព្យាយាមពន្យារចលនាពោះវៀន។ខាងក្រោមនេះជារោគសញ្ញាដែលសង្ស័យថាកូនទល់លាមក៖
– លាមករឹង ស្ងួត ឬមានឈាម
– មិនមានចលនាពោះវៀនលើសពី ៣ ថ្ងៃ
– បង្ហាញកាយវិការចលនាពោះវៀនមិនស្រួល។
អូនតូចដែលម៉ឹមដោះម្តាយ កម្រមានបញ្ហាទល់លាមកណាស់។ ការទល់លាមកអាចកើតមានចំពោះក្មេងបៅទឹកដោះគោម្សៅមួយចំនួន ដូចនេះយើងគួរសុំយោបល់ពីគ្រូពេទ្យដើម្បីផ្លាស់ប្តូរម៉ាកទឹកដោះគោកូនបៅ។ បបរម្សៅក៏ជាមូលហេតុអាចឲ្យទារកមានបញ្ហាទល់លាមកដែរ ព្រោះវាផ្ទុកនូវសារជាតិសរសៃតិច។ ដូចនេះយើងគួរតែបន្ថែមផ្លែឈើ ឬបន្លែដែលមានជាតិសរសៃទៅក្នុងអាហារកូន។
ការទល់លាមកក៏អាចបណ្តាលមកពីកង្វះសារធាតុចិញ្ចឹមមួយចំនួន ឬកង្វះជាតិទឹកដូចនេះយើងគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ប្រសិនបើអាអូនកំពុងស្ថិតក្នុងវ័យផ្តាច់ទឹកដោះ យើងគួរតែលាយទឹកផ្លែឈើសុទ្ធ ៣០ មិល្លីលីត្រ និងទឹកសុទ្ធ ៣០ មិល្លីលីត្រ ជាមួយទឹកដោះគោម្សៅ ឬទឹកដោះម្តាយឲ្យកូនញ៉ាំ។
ខាងក្រោមនេះជាវិធីសាស្រ្ត ដើម្បីឲ្យកូនមានសុខភាពល្អក្រោយផ្លាស់ប្តូររបបអាហារ៖
– ធ្វើចលនាជើងកូនថ្នមៗពេលកំពុងគេង
– ម៉ាស្សាពោះក្រោមផ្ចិតថ្មមៗ
– ពេលបន្ទោរបង់កូនមានអារម្មណ៍តានតឹង គួរយកទៅត្រាំក្នុងទឹកក្តៅឧណ្ហៗ ដើម្បីឲ្យសាច់ដុំរលា។
យើងអាចប្រើប្រាស់ថ្នាំសុលគូទ ក្លីសេរីន ឬដាក់ប្រដាប់វាស់កម្តៅលាបជាមួយប្រេងចូលក្នុងរន្ធគូទដើម្បីឲ្យរអិល នេះសម្រាប់ការប្រើប្រាស់បណ្តោះអាសន្ន ប៉ុន្តែត្រូវតែមានការយល់ព្រមពីគ្រូពេទ្យ។ គ្រូពេទ្យនឹងណែនាំយើងឲ្យប្រើថ្នាំបន្ទន់លាមកប្រសិនវិធីខាងលើនេះពុំមានប្រសិទ្ធភាព។
ធ្វើពុតក្អក៖ ចាប់ពីអាយុ ៥ ខែទៅទារកនឹងដឹងរឿងមួយចំនួនដូចនេះការក្អកតិចតួចរបស់អាអូនអាចគ្រាន់ជាការធ្វើពុតដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីយើងតែប៉ុណ្ណោះ។ ម៉ាក់ប៉ាមិនគួរព្រួយបារម្ភពេកទេ ប្រសិនបើកូនមើលទៅមានសុខភាពល្អធម្មតា។ អាអូននឹងឈប់ធ្វើក្អកនៅពេលធុញ។
ការព្រួយបារម្ភ
៤-រឿងអីខ្លះត្រូវបារម្ភ?
មានរឿង ២ ដែលម៉ាក់ប៉ាត្រូវព្រួយ គឺ របបអាហារ និងការគេងរបស់កូន មិនដឹងធ្វើម៉េចត្រឹមត្រូវនោះទ។ តែមិនបាច់គិតច្រើនទេ យើងមកស្វែងយល់រឿងនេះទាំងអស់គ្នា។
របបអាហារកូន៖ ចង់ឲ្យលូតលាស់បានល្អទាំងរាងកាយ និងបញ្ញាស្មារតី ម៉ាក់ប៉ាចាំបាច់ត្រូវគិតគូរអំពីរបបអាហាររបស់កូនឲ្យបានល្អិតល្អន់។ ខាងក្រោមនេះគឺជាសមាសធាតុដែលគួរតែមានក្នុងរបបអាហារទារក៖
– សម្បូរប្រូតេអ៊ីន
– អាហារដែលមានជាតិកាល់ស្យូម
– គ្រាប់ធញ្ញជាតិដែលមានជាតិម្សៅ
– បន្លែ និងផ្លែឈើពណ៌បៃតង ឬពណ៌លឿង
– អាហារដែលមានវីតាមីនសេ
– អាហារដែលមានជាតិខ្លាញ់
– អាហារដែលមានជាតិដែក
– អាហារដែលមានអំបិល និងទឹក
– អាហារបំប៉នវីតាមីន។
ការគេងរបស់កូន៖ ទោះបីជាកូនយើងមានអាយុ ៥ ខែក៏ដោយ នៅនៅតែគេង ៣-៤ ដង/ថ្ងៃ។ទារកខ្លះនឹងគេងទៅវិញក្នុងចន្លោះពេល ២០ នាទីម្តង ចំណែកខ្លះទៀតអាចគេងតែ ២ ដងប៉ុណ្ណោះប៉ុន្តែមានរយៈពេលយូរប្រហែល ១ ម៉ោងកន្លះ ទៅ ២ ម៉ោង/១ថ្ងៃ។ ជាធម្មតាទារកគេងថ្ងៃ និងយប់ដូចគ្នា តែយើងគួរតែព្យាយាមធ្វើឲ្យកូនអ្នកគេងបានយូរតាមវីធីខាងក្រោមនេះ៖
– រៀបចំកន្លែងឲ្យកូនមានផាសុកភាព
– សីតុណ្ហភាពមិនក្តៅ ឬត្រជាក់ពេក
– ស្លៀកពាក់ឲ្យកូនបានសមរម្យ
– គេងឱ្យទៀងពេល
– កុំដាក់កូនគេងពេលក្រពះទទេ
– កុំឲ្យកូនគេងទាំងកន្ទបសើម
– មិនត្រូវមានសំឡេងរំខាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]