ឃើញកូនយើងសម្លឹងមើលអ្វីមួយ ដឹងអត់អាអូនអាចមើលបានចម្ងាយប៉ុន្មាន? ការមើលឃើញរបស់ទារកក្នុងវ័យនេះ អាចដូចនឹងមនុស្សធំក្នុងចំណុចខ្លះហើយ ជាពិសេសការមើលឃើញក្នុងចម្ងាយជិតរបស់ពួកគេបានល្អណាស់ តែការមើលក្នុងចម្ងាយឆ្ងាយកំពុងវិវត្តនៅឡើយ ដូចនេះអាអូនអាចត្រឹមមើលឃើញមនុស្ស ឬវត្ថុនៅក្នុងបន្ទប់តែប៉ុណ្ណោះ។
ក្មេងៗឆាប់មើលឃើញរបស់លេងលឿនទោះបីវានៅក្រៅបន្ទប់ក៏ដោយ ហើយប្រឹងវារទៅរក។ ចំពោះពណ៌ភ្នែករបស់កូននៅពេលនេះ ប្រហែលជាពណ៌ដែលអាចនឹងមានពេញមួយជីវិត ទោះបីជាយើងអាចឃើញការផ្លាស់ប្ដូរតិចតួចនៅពេលក្រោយក៏ដោយ។

ក្នុងសប្តាហ៍ទី ៣ នៃខែទី ៨ នេះ កូនយើងអាចចេះ៖
– មើលឃើញច្បាស់ជាងមុន
– វារ ឬលូន
– ព្យាយាមងើបឈរក្រោយពេលដាក់អង្គុយ
– ចេះប្រើមេដៃ និងម្រាមដៃយករបស់
– ចេះហៅ ម៉ាម៉ា… ប៉ាប៉ា…។
១- បង្រៀនកូនដោយរបៀបណា?
គង់មានថ្ងៃណាមួយ កូនយើងនឹងខ្លាចសំឡេង ឬរបស់ដែលគេមិនយល់ ឬមិនស្គាល់ ដូចជាសំឡេងកាំជ្រួច កណ្តឹងទ្វារ កំសៀវទឹកពុះ ដែលពីមុនមិនមែនជាបញ្ហា តែឥឡូវអាចឲ្យកូនភ័យខ្លាចបាន។ ទោះអ្វីក៏ដោយ បើកូនភ័យខ្លាច ម៉ាក់ប៉ាត្រូវផ្តល់ភាពកក់ក្តៅ ហើយព្យាយាមពន្យល់កូនយល់ថា មានយើងនៅក្បែរកុំភ័យខ្លាច មិនអីទេ ហើយកុំភ្លេចឱបកូនពេលកំពុងលួងផង ធ្វើបែបនេះកូនយើងនឹងមានភាពកក់ក្តៅ។
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
គ្រូពេទ្យភាគច្រើនមិនណាត់ជួបដើម្បីពិនិត្យរាងកាយ និងសុខភាពកូនយើងក្នុងខែនេះទេ តែបើមានបញ្ហាមិនបាច់ចាំខែក្រោយទេ ណាត់ជួបពេទ្យពេលនេះក៏បាន។
៣- ចំណុចត្រូវដឹង
នៅសប្តាហ៍នេះយើងនឹងដឹងពីបញ្ហាក្អក និងការវារលូនរបស់ក្មេងៗវិញម្តង តើម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ទៅលើចំណុចទាំង ២ នេះដូចម្តេចខ្លះ?
ក្អក៖ និយាយទៅទោះបីក្មេងសុខភាពល្អប៉ុនណា ក៏អាចក្អកដែរ។ ការពិតទៅ ការក្អកអាចជួយក្មេងៗដកដង្ហើមបានស្រួល ដោយបានសម្អាតសំបោរ ឬស្លេស្សពីផ្លូវដង្ហើម។ ជួនកាលការក្អកយូរអាចកើតមានបន្ទាប់ពីរោគសញ្ញាជំងឺបានជាបាត់ទៅ ប៉ុន្តែមិនមែនទាំងអស់ទេ ដូចជា៖
-ដង្ហក់៖ ក្មេងៗពិបាកដកដង្ហើម ឬដង្ហក់ វាជារោគសញ្ញាជំងឺរលាកទងសួតដែលបណ្តាលមកពីវីរុសឈ្មោះ Respiratory syncytial virus (RSV)។
-ក្អកឥតដាច់៖ ក្មេងៗក្អកខ្លាំងដែលយើងតែងនិយាយថាក្អកដូចឆ្កែព្រុស វាជារោគសញ្ញាជំងឺរលាកបំពង់កដែលបណ្តាលមកពីឆ្លងពពួកវីរុសតាមផ្លូវដង្ហើមខាងលើ។
-ត្រជាក់ហើយក្អកតែយប់៖ ក្មេងៗមើលទៅដូចជាត្រជាក់ខ្លួនយូរ ហើយក្អករ៉ាំរ៉ៃនៅពេលយប់ វាអាចជារោគសញ្ញាប្រតិកម្មនឹងអ្វីមួយ ឬការរលាកភ្នាសប្រអប់រន្ធច្រមុះ។
-ក្អកឥតហេតុផល៖ ក្មេងៗនៅសុខៗក្អក ឬក៏ក្អករ៉ាំរ៉ៃដែលមិនមានអាការៈផ្តាសាយ វាអាចជាជំងឺហឺត ឬស្លាក់វត្ថុអ្វីមួយ។
-ក្អករ៉ាំរ៉ៃ៖ ក្មេងៗក្អករ៉ាំរ៉ៃ ពិបាកដកដង្ហើម គ្រុនក្តៅ គ្រុនរងារ អាចជាជំងឺរលាកសួត។
-ក្មេងៗក្អកមិនឈប់រយៈពេល ២០-៣០ វិនាទី ហើយសំឡេងពេលដកដង្ហើមជ្រៅដូចសំឡេងមាន់រងាវ វាអាចជាជំងឺក្អកមាន់។
-ក្មេងៗក្អកមានស្លេស្សច្រើនមកជាមួយ ធ្វើឲ្យពិបាកដកដង្ហើម គួរនាំទៅជួបពេទ្យព្រោះវាអាចជាជំងឺ Cystic Fibrosis (ជំងឺសួតកើតពីតំណពូជម្យ៉ាងដែលអាចបណ្តាលឲ្យសួតរងការបង្ករោគញឹកញាប់)។
ចូរកុំផ្តល់ពពួកថ្នាំដែលបន្ថយសកម្មភាព (Suppressant) ថ្នាំសម្រួលការដកដង្ហើម ឬពពួកថ្នាំប្រឆាំងការបញ្ចេញអ៊ីស្តាមីន ទៅកូន ដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យ។ប៉ុន្តែយើងអាច៖
-លាងសម្អាតសំបោរដើម្បីបន្ថយការតឹងច្រមុះ ដោយប្រើថ្នាំបន្តក់បន្ថយការតឹងច្រមុះដាក់ចំហុយក្នុងបន្ទប់នៅពេលយប់។
-ពកូនទៅនៅក្នុងបន្ទប់ទឹកចំហុយ ដើម្បីមានអារម្មណ៍ធូរជាងមុន និងជួយឲ្យដកដង្ហើមបានស្រួលជាងមុន។
-បើយើងគិតថាការក្អករ៉ាំរ៉ៃរបស់កូនបណ្តាលមកពីប្រតិកម្មរបស់ក្នុងបន្ទប់ ដូច្នេះត្រូវសម្អាត និងយកពពួកតុក្កតាប្រភេទសំឡី ឬភួយចេញពីបន្ទប់គេង និងទុកសត្វចិញ្ចឹមឲ្យនៅក្រៅបន្ទប់។
ត្រូវច្បាស់ថាកូនយើងមិនបានស្រូបផ្សែងបារីពីក្នុងផ្ទះ ឬក្នុងឡាន។
យើងគួរតែប្រុងប្រយ័ត្ន និងទាក់ទងទៅគ្រូពេទ្យ ប្រសិនបើកូនយើងក្អកលែងញ៉ាំ ឬគេង និងមានរោគសញ្ញាមួយចំនួនខាងក្រោម៖
– ក្អកធ្លាក់ឈាម ពិបាកដកដង្ហើម
– គ្រុនក្តៅ ចង្វាក់បេះដូងលោតញាប់
– អស់កម្លាំង ទន់ល្ហិតល្ហៃ និងក្អួត។
– ក្អកលើសពី ១ សប្តាហ៍។
ការវារលូន៖ ដរាបណាកូនយើងព្យាយាមវារ ឬលូនដោយខ្លួនឯង នោះវាមិនមែនជាបញ្ហាដែលយើងគួរព្រួយបារម្ភនោះទេ។ តែអ្វីដែលយើងត្រូវព្រួយនោះ គឺកូនមិនអាចសម្របសម្រួលដៃជើងទៅតាមខ្លួនរបស់គេ។ យើងអាចនិយាយបានថា កូនមិនអាចរំកិល ឬរុញដៃជើងក្នុងពេលតែមួយបាន។ នេះអាចបង្ហាញពីរោគសញ្ញាពិការភាពហើយការព្យាបាលទាន់ពេលគឺជារឿងចាំបាច់។

៤- អ្វីខ្លះត្រូវបារម្ភ?
អានសៀវភៅបែបណាល្អចំពោះកូន? នេះជាចំណុចដែលម៉ាក់ប៉ាតែងតែព្រួយបារម្ភជារឿយៗ។ ការអានសៀវភៅមានសារសំខាន់ណាស់សម្រាប់ក្មេងៗក្នុងវ័យនេះ។ ទោះបីជាកូនយើងមិនទាន់ស្គាល់អ្វីទៅជាសៀវភៅ ប៉ុន្តែវាអាចឲ្យក្មេងៗចាប់អារម្មណ៍ ចង់ដឹងចង់ឃើញ។ អានសៀវភៅជាវិធីល្អប្រសើរសម្រាប់ជួយដល់ការលូតលាស់របស់កូនយើង។ ខាងក្រោមនេះជាគន្លឹះក្នុងការចាប់ផ្តើមខ្លះៗក្នុងការអានសៀវភៅ៖
– អានឮៗឲ្យកូនបានស្តាប់
– ប្រមូលផ្តុំសៀវភៅក្មេងៗ
– រៀនអានលើកដាក់សំឡេងយឺតៗ
– ទម្លាប់អាននៅពេលមុនចូលគេង
– ឲ្យកូនរើសសៀវភៅសម្រាប់អាន។
គន្លឹះទាំងនេះវាអាចជួយឲ្យមានអារម្មណ៍រំភើប និងសប្បាយចិត្ត ហើយពួកគេទន្ទឹងឲ្យតែដល់ពេលអានសៀវភៅទេ។ សាកមើល៍ ម៉ាក់ប៉ាប្រាកដជាភ្ញាក់ផ្អើលជាមិនខាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 386-414.
កំណែប្រែបច្ចុប្បន្ន
23/01/2019
អត្ថបទដោយ Ros Khemary
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
គឹម កាណែល