ការលូតលាស់ និងអាកប្បកិរិយា
ឈានចូលសប្តាហ៍ថ្មីនេះ អាអូនប្រែប្រួលយ៉ាងណាទៅ? មិនប្រាប់ក៏ម៉ាក់ប៉ាអាចដឹងថា កូនចេះជាងមុន ថែមទាំងរពឹសចាប់មិនចង់ឈ្នះ។ ក្នុងសប្តាហ៍ទី ៣៧ នេះ កូនយើងអាចនឹង៖
– ឈោងយករបស់លេងនៅឆ្ងាយពីដៃ
– រកមើលរបស់ដែលជ្រុះបាត់។
១- បង្រៀនកូនរបៀបណា?
បើម៉ាក់ត្រូវធ្វើដំណើរតាមខេត្ត ឬដើរកម្សាន្តជាមួយមិត្តភក្តិ ក្រុមការងារ ដោយយកកូនទៅជាមូយ អាចនឹងពិបាកបន្តិច ព្រោះអាអូនខ្លាចមនុស្សប្លែកមុខ តាមតែយើងតែម្នាក់។ ទោះយ៉ាងណាយើងអាចដោះស្រាយបញ្ហាទាំងនេះ ដោយប្រាប់មិត្តភក្តិដែលចង់លេងជាមួយកូនយើងឲ្យចូលមកជិតបន្តិចម្តងៗ ហើយចាំឲ្យកូនយើងជាអ្នកនាំលេង។
នៅវ័យនេះ អូនតូចពុំទាន់យល់ពីការធ្វើដំណើរទេ តែពួកគេដឹង និងស្គាល់ថាវាជាកន្លែងថ្មី ឬកន្លែងប្លែក ដូច្នេះយើងគួរត្រៀមរបស់លេងមានសំឡេង សៀវភៅរូបភាព និងរបស់ដែលគេចូលចិត្តទុកជិតខ្លួន ដើម្បីលួងកូន ព្រោះអាអូនឆាប់មួម៉ៅ មិនងាយតាមអ្នកណាទេ យកល្អកុំឲ្យកូននៅជាមួយអ្នកមិនស្គាល់ច្រើនពេក ធ្វើឲ្យកូនខ្លាច។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
គ្រូពេទ្យមានតិចនិចក្នុងការពិនិត្យអាអូនផ្សេងៗពីគ្នា ហើយរបៀបនិងបែបបទក្នុងការពិនិត្យក៏ទៅតាមក្មេងនីមួយៗដែរ។
– ថ្លឹងទម្ងន់ វាស់កម្ពស់ និងទំហំក្បាល
– សួរសំណួរពីការថែទាំកូន និងរបបអាហារ
– សួរពីការគេង និងការលូតលាស់ -ល-។
៣- ចំណុចត្រូវដឹង?
ជំងឺផ្តាសាយ៖ ក្មេងៗភាគច្រើនមានជំងឺនេះ ៨-១០ ដង/២ ឆ្នាំដំបូង។ អ្វីដែលយើងគួរធ្វើដើម្បីឲ្យកូនឆាប់ជាគឺ ៖
– ឲ្យកូនគេងគ្រប់គ្រាន់ (អាអូនត្រូវការគេងច្រើនជាងធម្មតា)
– ដាក់កន្សែងកល់ក្បាលកូនឲ្យខ្ពស់បន្តិច ដើម្បីស្រួលដកដង្ហើម
– មុជទឹកក្តៅឧណ្ហៗឲ្យកូន
– ឲ្យកូនបៅទឹកដោះ និងញ៉ាំទឹកឲ្យបានច្រើន
– បន្តក់សេរ៉ូមប្រៃ ហើយយកសឺរ៉ាំងបូមស្លេស្សចេញពីច្រមុះកូន
– ដាក់ម៉ាស៊ីនចំហាយទឹកក្នុងបន្ទប់ ឬ
– យកកូនទៅមុជទឹកក្នុងបន្ទប់ឆ្ពង់ប្រហែលជា ១៥ នាទី។
ត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនពេលឲ្យថ្នាំលេប ឬថ្នាំបាញ់ច្រមុះកូន។ មិនត្រូវឲ្យពពួកថ្នាំ Aspirin Ephedra Ephedrine ឬថ្នាំដែលមានលាយជាតិទាំងអស់នេះ។ យើងអាចឲ្យថ្នាំ Acetaminophen និង Ibuprofenតែត្រូវប្រយ័ត្នពីបរិមាណដែលត្រូវប្រើ បើមិនច្បាស់ សូមសួរគ្រូពេទ្យជាមុន។
សួរគ្រូពេទ្យភ្លាមបើរោគសញ្ញាកូនធ្ងន់ជាងមុនក្នុងរយៈពេល ៥ ថ្ងៃ ឬឈឺយូរ ១០-១៤ ថ្ងៃហើយមិនជា។ ត្រូវនាំកូនទៅជួបគ្រូពេទ្យភ្លាម បើសំឡេងដង្ហើមកូនឮងឺតៗ ពិបាកដកដង្ហើម យំពេលបញ្ចុកអាហារ ឬពេលដាក់ឲ្យគេង យកដៃទាញត្រចៀក ឬមានកម្តៅលើសពី ៣៨,៣ អង្សាសេ។
ដើម្បីការពារកុំឲ្យមានជំងឺផ្តាសាយត្រូវលាងដៃយើង និងកូនឲ្យបានទៀងទាត់ ហើយកុំភ្លេចប្រាប់អ្នកផ្សេងឲ្យលាងដៃមុនពេលប៉ះកូន។ កុំយកកូនទៅជិតអ្នកឈឺ ឬអ្នកជក់បារីឲ្យសោះ។ បើអាអូននៅម៉ឹមដោះ គួរតែបន្តបំបៅដោះកូនរហូតដល់ជា។
ការគេង៖ ទោះបីកូនគេងបានច្រើនម៉ោងប៉ុនណាក៏ដោយ បើអាអូនងើបឡើងហើយមួម៉ៅយំក៏មិនល្អដែរ គួរលួងកូនឲ្យគេងបន្ថែមទៀតទោះបីមិនចង់គេងក៏ដោយ។ វិធីជួយឲ្យកូនឆាប់គេងលក់ យើងត្រូវដាក់កូនឲ្យគេងក្នុងបន្ទប់ងងឹត ហើយចាក់បទភ្លេងតិចៗ ទោះកូនមិនព្រមគេង ក៏ព្យាយាមធ្វើបែបនេះឲ្យបានយូរបន្តិចទៅ ព្រោះឲ្យក្មេងគេងពេលថ្ងៃពិបាកបន្តិចហើយ។
ការព្រួយបារម្ភ
៤- រឿងអ្វីខ្លះត្រូវបារម្ភ?
បញ្ចុកកូននៅតុអាហាររួម៖ មិនមែនជារឿងចម្លែកទេ ម៉ាក់ប៉ាគួរតែឲ្យកូនតូចចូលញ៉ាំបាយជុំគ្នាជាមួយមនុស្សចាស់ ដោយរៀបចំតុ កៅអីតូចឲ្យកូន និងអាហារដែលកូនអាចចាប់ញ៉ាំបាន។ ធ្វើបែបនេះអូនតូចនឹងមានឱកាសនិយាយ ឬស្តាប់សំឡេងពីសមាជិកគ្រួសារបានគ្រប់ៗគ្នា។
មិនចង់បៅដោះ៖ បើកូនមិនចង់បៅដោះទៀតទេ អាចជិតដល់ពេលផ្តាច់ហើយ ប៉ុន្តែយើងអាចព្យាយាមធ្វើតាមវិធីខាងក្រោមនេះ៖
– បំបៅកូននៅកន្លែងស្ងាត់ ឱប បបោសអង្អែលកូនថ្នមៗ
– មុនទៅធ្វើការ ត្រូវឆ្លៀតបំបៅដោះកូន
– ក្រោយពីភ្ញាក់ពីគេងត្រូវបំបៅដោះកូនម្តងទៀត
ម៉ាក់ៗគ្រប់រូបគួរតែបូមទឹកដោះឲ្យកូនបៅឲ្យបានយ៉ាងហោចណាស់ ១ ឆ្នាំ តែបើមិនចង់បូមទេអាចប្រើទឹកដោះគោកំប៉ុងក៏បានដែរ។ ទឹកដោះម្តាយអាចដាក់ក្នុងដបទឹកដោះគោបាន ប៉ុន្តែយកល្អយើងគួរតែដាក់កែវវិញ ព្រោះកូនយើងដល់វ័យរៀនប្រើកែវហើយ។
ឥលូវកូនយើងអាយុ ៣៧ សប្តាហ៍ហើយ ជួបគ្នាក្នុងសប្តាហ៏ទី ៣៨បន្តទៀត!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]