ក្មេងអាយុ ៩-១២ឆ្នាំមានការលូតលាស់លឿនខ្លាំងណាស់ ហេតុនេះហើយពួកគេត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីជាជំនួយដល់ការលូតលាស់។ ប៉ុន្តែក្មេងអាយុចន្លោះនេះតែងមិនទទួលបានវីតាមីន និងជាតិរ៉ែគ្រប់គ្រាន់ ឬពួកគេអាចញ៉ាំអ្វីដែលមិនល្អសម្រាប់សុខភាពច្រើន។
១. ញ៉ាំកាល់ស្យូមមិនគ្រប់គ្រាន់
ក្មេងភាគច្រើនទទួលបានកាល់ស្យូមត្រឹមពាក់កណ្ដាលនៃកម្រិតត្រូវការប្រចាំថ្ងៃប៉ុណ្ណោះ។ ដូចនេះម៉ាក់ប៉ាគួរបន្ថែមអាហារដែលសម្បូរជាតិកាល់ស្យូមឲ្យកូនមានដូចជាទឹកដោះគោ យ៉ាអួ និងឈីសជាដើម។ តៅហ៊ូក៏សម្បូរកាល់ស្យូមដែរ ហើយទឹកសណ្ដែកដែលបន្ថែមកាល់ស្យូមក៏ជាប្រភពដ៏ល្អមួយសម្រាប់ក្មេងដែរ។ ក្មេងត្រូវការកាល់ស្យូម ១ ៣០០មិល្លីក្រាមក្នុងមួយថ្ងៃ។
២. ញ៉ាំកាឡូរីច្រើន
ក្មេងដែលទទួលបានកាឡូរីច្រើនគឺមកពីពួកគេផឹកទឹកផ្លែឈើ ឬភេសជ្ជៈមានជាតិផ្អែម។ ជំនួសភេសជ្ជៈមានជាតិផ្អែម ម៉ាក់ប៉ាគួរឲ្យក្មេងញ៉ាំទឹកត្រជាក់ ឬទឹកដោះគោ និងផ្លែឈើស្រស់វិញ។ ម៉ាក់ប៉ាគួរកាត់បន្ថយអាហារសម្រន់ដែលមិនផ្តល់សារធាតុចិញ្ចឹមដល់ក្មេងដូចជានំដំឡូងកញ្ចប់ នំឃុកគី និងនំខេក។ ក្មេងអាយុចន្លោះនេះត្រូវការកាឡូរីដើម្បីការលូតលាស់ពេលពួកគេពេញវ័យ ដូចនេះម៉ាក់ប៉ាគួរផ្តល់សារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ និងប្រាកដថាអាហារទាំងនោះមានសារធាតុចិញ្ចឹម និងមិនមានបន្ថែមជាតិស្ករ។
៣. មិនញ៉ាំគ្រាប់ធញ្ញជាតិសុទ្ធ
ម៉ាក់ប៉ាគួរឲ្យក្មេងញ៉ាំនំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិជំនួសនំប៉័ងធម្មតា និងចៀសវាងគ្រាប់ធញ្ញជាតិកែច្នៃដូចជាផាស្តា និងផលិតផលធ្វើពីម្សៅ។ ម៉ាក់ប៉ាអាចឲ្យកូនញ៉ាំអង្ករសម្រូបជំនួសអង្ករធម្មតា និងជ្រើសរើសផាស្តាដែលធ្វើពីស្រូវសាលីសុទ្ធ។
៤. ញ៉ាំអ្វីដែលពួកគេឃើញ
នៅពេលក្មេងឃ្លាន ពួកគេតែងញ៉ាំអ្វីដែលពួកគេឃើញដោយមិនបានគិតថារបស់ទាំងនោះល្អសម្រាប់សុខភាពឬអត់។ ក្មេងអាយុនេះគឺធ្វើសកម្មភាពច្រើន ដែលធ្វើឲ្យពួកគេឃ្លាន និងញ៉ាំអាហារសម្រន់មិនល្អច្រើន។ ដូចនេះដើម្បីបង្ការក្មេងមិនឲ្យញ៉ាំអាហារសម្រន់មិនល្អច្រើន ម៉ាក់ប៉ាគួរទិញផ្លែឈើស្រស់ទុកឲ្យកូន។ អាហារសម្រន់ដែលល្អមានផ្លែឈើ គ្រាប់ផ្លែឈើ (Nuts) យ៉ាអួ ផ្លែឈើក្រៀម បឺរសណ្ដែកដី និងពោតលីងដែលមានជាតិខ្លាញ់ទាប។
៥. ក្មេងមិនដឹងពីអ្វីដែលពួកគេត្រូវការ
ក្មេងគួរដឹងថាអាហារណាពួកគេគួរញ៉ាំ និងអាហារណាមិនគួរញ៉ាំ។ ហេតុនេះហើយម៉ាក់ប៉ាគួរផ្តល់ជម្រើសល្អៗដល់កូន។ ជាទូទៅ ក្មេងត្រូវការកាឡូរីប្រហែល ១ ៨០០កាឡូរីក្នុងមួយថ្ងៃ និងក្នុងរបបអាហារគួរមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ សាច់ និងពពួកសណ្ដែក។ ប្រសិនជាក្មេងញ៉ាំរើស ម៉ាក់ប៉ាអាចពិភាក្សាជាមួយគ្រូពេទ្យសម្រាប់អាហារបំប៉នផ្សេងទៀត។
[embed-health-tool-vaccination-tool]