កង្វះអាហារូបត្ថម្ភមិនត្រឹមតែធ្វើឲ្យកុមារមានរូបរាងស្គមស្គាំង និងកម្ពស់មិនត្រូវស្តង់ដារប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យកុមារជួបផលលំបាកសុខភាព និងបាត់បង់ឱកាសសំខាន់ៗក្នុងជីវិតរស់នៅនាពេលអនាគតទៀតផង។ នេះបើតាមការបកស្រាយរបស់លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller International។
នាយករងអង្គការរូបនោះបានបន្តទៀតថា មូលហេតុដែលធ្វើឲ្យកុមារខ្វះអាហារូបត្ថម្ភមានច្រើនយ៉ាងដូចជា អាណាព្យាបាលខ្វះចំណេះដឹង ខ្វះការថែទាំ កុមាររើសចំណី និងជីវភាពក្រីក្រជាដើម។ រីឯកុមារដែលខ្វះអាហារូបត្ថម្ភមានរូបរាងស្គមស្គាំង ស្លេកស្លាំង ឈឺញឹកញាប់ពិសេសរាក និងគ្មានកម្លាំងកំហែង ហើយចំពោះផលប៉ះពាល់យូរអង្វែងដែលកុមារខ្វះអាហារូបត្ថម្ភ ត្រូវបាត់បង់រឿងសំខាន់ទាំងខ្លួនឯង និងប្រទេសជាតិដូចខាងក្រោមនេះ៖
១- កុមារខ្វះអាហារូបត្ថម្ភ លទ្ធផលសិក្សាក៏មិនល្អដែរ បើធៀបទៅនឹងកុមារទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ។
២- ពេលធំពេញវ័យចេញធ្វើការរកប្រាក់ចំណូលបានតិចជាង ២២% អ្នកធ្លាប់ទទួលបានអាហារូបត្ថម្ភត្រឹមត្រូវកាលនៅក្មេង។
៣- សម្រាប់សេដ្ឋកិច្ចវិញ ប្រទេសជាតិដែលមានអាហារូបត្ថម្ភមិនសូវល្អ ធ្វើឲ្យប្រជាជនរកបានប្រាក់ចំណូលតិច ធ្វើឲ្យប៉ះពាល់ដល់ថវិកាជាតិចំនួន ១១% បើធៀបទៅនឹងប្រទេសមានអាហារូបត្ថម្ភល្អ។
៤- ធ្វើឲ្យប្រជាជនខាតប្រាក់ចំណូល ២២ % សម្រាប់ធ្វើការព្យាបាលកូន និងសមាជិកគ្រួសារ។
អាហារូបត្ថម្ភ គឺជាសារជាតិចិញ្ចឹមដែលមាននៅក្នុងរបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ (ត្រី សាច់ បន្លែ ផ្លែឈើ) ដើម្បីទ្រទ្រង់រាងកាយឲ្យមានសុខភាពល្អ លូតលាស់ មានថាមពលក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ។
អត្ថបទពាក់ពាក់៖ ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]