មូសខ្លាញីជាភ្នាក់ចម្លងជំងឺគ្រុនឈាម ដែលវាអាចចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៀតតាមរយៈការខាំបឺតឈាម។ ជាធម្មតាចំណីអាហារសម្រាប់សត្វមូស គឺទឹកលម្អងផ្អែមចេញពីផ្កា ប៉ុន្តែមានតែមូសញីប៉ុណ្ណោះដែលត្រូវការឈាមដើម្បីឲ្យពងរបស់វាលូតលាស់។ តើមូសខ្លាញីចេញខាំញឹកញាប់នៅពេលណា? ហើយវាចូលចិត្តរស់នៅកន្លែងណាជាងគេ? មានរូបរាងដូចម្តេច?
បើតាមអង្គការសុខភាពពិភពលោក (WHO) អត្រាចម្លងជំងឺគ្រុនឈាមខ្ពស់នៅខាងក្រៅ និងនៅពេលថ្ងៃ ដែលជាពេលមូសខ្លាចេញខាំញឹកញាប់បំផុត។ មូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី ១៥០ម៉ែត្រ ពីទីកន្លែងកកើត។
មូសខ្លាចូលចិត្តបង្កបង្កើតកូនចៅនៅក្នុងសំបកកង់ឡាន និងសំបកកង់ម៉ូតូចាស់ៗ១១ដង ច្រើនជាងវត្ថុដាក់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗទៀត។ នេះបើយោងតាមការស្រាវជ្រាវផ្នែកបាណកសាស្ត្ររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។
ការសិក្សារបស់ស្ថាប័ននេះកន្លងមកបានបញ្ជាក់ថា ជំងឺគ្រុនឈាមក្នុងរដូវវស្សាកើនឡើងច្រើនជាង២ដង បើប្រៀបធៀបនឹងរដូវប្រាំង ហើយមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកត្តាអាកាសធាតុ ដូចជា កម្តៅ ចំនួនទឹកភ្លៀង និងសំណើម។
ចំពោះរូបរាងមូសខ្លាវិញ វាមានប្រវែងពី ២-៨ មិល្លីម៉ែត្រ ស្លាបខ្មៅថ្លាគ្មានស្នាម មានឆ្នូតសលើខ្នង មានអង់តែនធំ២លើក្បាល និងជើងមានឆ្នូតខ្មៅស ទាំងជើងមុខនិងជើងក្រោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]