ជំងឺអេដស៍ គ្មានថ្នាំព្យាបាលជាដាច់នោះទេ បានត្រឹមលេបថ្នាំពន្យារប៉ុណ្ណោះ។ រឿងគួរឲ្យសោកស្ដាយ និងរន្ធត់ ជំងឺនេះ ឆ្លងទៅកុមាររាប់រយនាក់ នៅក្នុងក្រុង Ratodero ភាគអាគ្នេយ៍ប្រទេសប៉ាគីស្ថាន ហើយសូម្បីតតែកុមារអាយុ ១៦ខែ ក៏មានផ្ទុកជំងឺនេះដែរ។
មន្រ្តីសុខាភិបាលប៉ាគីស្ថាន បញ្ជាក់ថា គិតចាប់តាំងពីខែមេសា ២០១៩ មក មនុស្ស ៦៨១នាក់ បានតេស្ដឈាម និងពិនិត្យឃើញថា មានផ្ទុកជំងឺអេដស៍ នៅក្រុង Ratodero ដោយក្នុងនោះ ៥៣៧នាក់ ជាកុមារ។ ការផ្ទុះជំងឺដ៏កាចសាហាវនេះ សង្ស័យថា ដោយការប្រើម្ជុលសឺរ៉ាំង សាឡើងវិញ និងការបញ្ចូលឈាមដោយគ្មានការពិនិត្យឲ្យបានត្រឹមត្រូវ។
ពាក់ព័ន្ធនឹងការផ្ទុះជំងឺអេដស៍នេះ ប៉ូលិស បានចាប់ខ្លួនវេជ្ជបណ្ឌិតម្នាក់ ឈ្មោះ Muzaffar Ghanghro កាលពីចុងខែមេសា និងចោទពីបទឃាតកម្មដោយអចេតនា ក្រោយរកឃើញថា អ្នកជំងឺ ១២៣នាក់ បានឆ្លងមេរោគអេដស៍ បន្ទាប់ទទួលបានការព្យាបាលដោយវេជ្ជបណ្ឌិតរូបនេះ។ ប៉ូលិស បញ្ជាក់ថា វេជ្ជបណ្ឌិតរូបនេះ ជាមូលហេតុសំខាន់ នៅពីក្រោយការផ្ទុះជំងឺអេដស៍។
រឿងមិនគួរឲ្យជឿនោះ គឺទារក ១៦ខែ មានផ្ទុកជំងឺនេះដែរ។ លោក Nazeer ប៉ាប៉ារបស់ក្មេងនេះ វិនិច្ឆ័យហើយថា ខ្លួនគេផ្ទាល់មិនមានរោគនេះទាល់តែសោះ លើកឡើងថា “សម្រាប់ខ្ញុំ វាពិបាកស្រមៃឃើញណាស់។ ខ្ញុំនិយាយទៅកាន់ពេទ្យថា តើលោកកំពុងកំប្លែងជាមួយខ្ញុំ? តើកូនខ្ញុំ អាចផ្ទុកជំងឺអេដស៍ដោយបែបណា?“។ ពេលនេះ ក្មេងអាយុ ១៦ខែ កំពុងទទួលការព្យាបាល។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ពីមធ្យោបាយធ្វើតេស្ដរក HIV ខ្លួនឯង កុំចាំតែពេទ្យ
- អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យលែងឃើញមេរោគក្រោយព្យាបាល
ប៉ាគីស្ថាន ត្រូវប៉ាន់ស្មានថា មានអ្នកជំងឺអេដស៍ ប្រមាណ ១៦៣.០០០នាក់ តែមានអ្នកជំងឺ ២៥.០០០នាក់ប៉ុណ្ណោះ បានចុះឈ្មោះនៅក្នុងកម្មវិធីគ្រប់គ្រងជំងឺអេដស៍ នៅទូទាំងប្រទេស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]