កូនតូចចូលចិត្តលេងរបស់របរក្មេងលេង ហើយប៉ាម៉ាក់មួយចំនួនតែងបារម្ភថាការលេងរបស់របរក្មេងលេងច្រើនអាចមិនល្អសម្រាប់កូនតូច។ ប៉ុន្តែរបស់របរក្មេងលេងភាគច្រើនផ្ដល់ឱកាសឲ្យក្មេងបានស្វែងយល់ និងរៀនអ្វីថ្មីៗ ប្រសិនជាប៉ាម៉ាក់ជ្រើសរើសប្រភេទរបស់របរក្មេងលេងឲ្យបានត្រឹមត្រូវទៅតាមអាយុរបស់កូនតូច។
១. កូនតូចអាយុក្រោមមួយឆ្នាំ
អំឡុងពេលនេះកូនតូចមានភាពចង់ដឹងចង់ឃើញនូវអ្វីៗនៅជុំវិញខ្លួនគេ។ ដូចនេះរាល់ទម្រង់ រូបរាង ពណ៌ រសជាតិ និងសំឡេងសុទ្ធតែជាបទពិសោធន៍នៃការរៀនរបស់កូនតូច។ ការឲ្យរបស់របរក្មេងលេងដែលមានសុវត្ថិភាពដល់កូនតូចអាចរំញោចដល់ការដឹងរបស់ពួកគេ។ ជាពិសេសរបស់របរក្មេងលេងមានសំឡេង ឬចម្រៀងគឺសុទ្ធតែជារបស់របរដែលកូនតូចចូលចិត្ត។ រីឯរបស់របរក្មេងលេងមានពណ៌ផ្សេងៗគ្នាជួយរំញោចដល់គំហើញរបស់កូនតូច។ នៅពេលកូនតូចធំឡើង ពួកគេអាចប្រើរបស់របរក្មេងលេងទាំងនេះដើម្បីស្វែងរកពីទំនាក់ទំនងរវាងហេតុ និងផល ហើយរបស់របរក្មេងលេងដូចជាប្រដាប់ប្រដាសាងសង់ជារូបផ្សេងៗក៏អាចជួយដល់ការធ្វើចលនាសាច់ដុំក៏ដូចជាជួយការគ្រប់គ្រងចលនាភ្នែក តាមកាយវិកាដៃបានកាន់តែប្រសើរ។
របស់របរក្មេងលេងសម្រាប់កូនតូចអាយុក្រោយមួយឆ្នាំមានដូចជាតុក្កតាទន់ៗ សៀវភៅមានរូប ប្រដាប់លេងដែលមានសំឡេង ប្រដាប់សង់រូប និងកូនបាល់ទន់ៗជាដើម។
២. កូនតូចអាយុចាប់ពី១ដល់៣ឆ្នាំ
កូនតូចស្ថិតក្នុងចន្លោះអាយុនេះអាចលេងរបស់របរបានច្រើនប្រភេទជាងកាលពីពួកគេនៅតូច។ របស់របរលេងដូចជាប្រដាប់សង់រូបផ្សេងៗដែលពួកគេលេងពីតូចអាចនឹងផ្តល់ចំណេះដឹងថ្មីៗដល់ពួកគេ ប៉ុន្តែអូនៗត្រូវការរបស់លេងឲ្យត្រូវតាមអាយុដែរ។ ការឲ្យកូនតូចចន្លោះអាយុនេះលេងរបស់របរលេងដូចជាការរៀបប្រដាប់លេងឲ្យត្រូវទៅតាមទៅរូបរាងអាចបង្រៀនឲ្យកូនតូចដឹងពីភាពខុសគ្នា និងភាពស្រដៀងគ្នារបស់វត្ថុផ្សេងៗ និងផ្តល់ឱកាសដល់ប៉ាម៉ាក់ដើម្បីបង្រៀនកូនតូចពីឈ្មោះទម្រង់ និងវត្ថុផ្សេងៗ។ ចំណែកឯប្រដាប់សង់រូបអាចជួយឲ្យកូនតូចស្វែងយល់ពីពណ៌ផ្សេងៗ និងភាពសមគ្នាក៏ដូចជាអភិវឌ្ឍដល់ការធ្វើចលនាសាច់ដុំរបស់អូនៗដែរ។
ប៉ាម៉ាក់អាចឲ្យរបស់របរក្មេងលេងដល់កូនតូចមានដូចជាល្បែងប្រាជ្ញា ប្រដាប់សង់រូប ល្បែងបែងចែកតាមពណ៌ ទំហំ និងរូបរាង តុក្កតា គ្រឿងជិះសម្រាប់កូនតូច ខ្មៅដៃពណ៌ ឧបករណ៍ភ្លេង និងសៀវភៅមានរូបប៉ុន្តែលម្អិតជាងមុនជាដើម។
៣. កូនតូចមុនចូលសាលា
នៅពេលកូនតូចដល់អាយុត្រៀមចូលសាលា នេះជាពេលដែលកូនតូចត្រូវរៀនពីអក្សរ លេខ និងជំនាញភាសាដូចជាការស្តាប់ និងការនិយាយ។ របស់របរក្មេងលេងជាច្រើនអាចជួយជំរុញដល់ការរៀនសូត្ររបស់កូនតូចបានរួមមានល្បែងប្រាជ្ញាសម្រាប់អក្ខរក្រម។ នេះអាចជាការចាប់ផ្ដើមណែនាំទៅលើអ្វីដែលអូនតូចៗត្រូវរៀននៅសាលា។ ចំណែកអូនៗដែលកំពុងរៀននៅសាលា របស់របរក្មេងលេងអាចជួយឲ្យបំពេញបន្ថែមការរៀនរបស់អូនៗ។ នេះអាចឲ្យឱកាសអូនៗអនុវត្តនូវអ្វីដែលពួកគេរៀនដោយសប្បាយរីករាយ ហើយក៏ជួយបង្កើនការចងចាំរបស់ពួកគេដែរ។ ប៉ាម៉ាក់អាចបន្តឲ្យកូនលេងរបស់របរក្មេងលេងដូចជាល្បែងប្រាជ្ញា ប្រដាប់សង់រូប ល្បែងបែងចែកតាមពណ៌ ទំហំ និងរូបរាង និងសៀវភៅរូបភាព ឬមានអក្សរច្រើនជាងមុន។
កូនតូចអាចរៀនពីអ្វីជាច្រើនពីការលេង បើប៉ាម៉ាក់ជ្រើសរើសរបស់របរក្មេងលេងឲ្យបានត្រឹមត្រូវ និងលេងជាមួយកូនៗ។ ការធ្វើបែបនេះក៏អាចជួយឲ្យប៉ាម៉ាក់មានទំនាក់ទំនងល្អជាមួយកូនតូចដែរ។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ
- វ័យកូនចេះដើរ រពឹសខ្លាំង ធ្វើម៉េចកុំឲ្យងាយឆ្លងមេរោគ?
- ម៉ាក់ប៉ាគួរផ្ដល់ឱកាសឲ្យកូនសម្រេចចិត្តរឿង ៤ យ៉ាងតាំងពីក្មេង
- ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយអភិវឌ្ឍផ្នែកខួរក្បាលកូនៗបានល្អ
- ហេតុអ្វីកូនតូចចូលចិត្តសួរសំណួរមិនចេះអស់មិនចេះហើយ? ប៉ាម៉ាក់គួរឆ្លើយបែបណា?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]