backup og meta

ផល​វិបាក​​​ប្ដី​ប្រពន្ធ​ប្រញាប់​យក​កូន ទាំង​គ្មាន​ផែនការច្បាស់លាស់

ផល​វិបាក​​​ប្ដី​ប្រពន្ធ​ប្រញាប់​យក​កូន ទាំង​គ្មាន​ផែនការច្បាស់លាស់

សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​ការ​យក​កូន ទោះ​មាន ឬ​គ្មាន​ផែនការមិន​ចោទ​ជា​បញ្ហា​សម្រាប់​គ្រួសារ​គេ​ឡើយ។ តែ​ប្រសិនបើ​គ្នាយើង​មួយ​ចំនួន​ខ្វះខាត ការ​មាន​កូន​ដោយ​គ្មាន​រៀប​គម្រោង ឬ​ដាក់​គោលដៅ​ជាមុន អាច​ជា​ធ្វើឲ្យ​ស្ថានភាព​គ្រួសារ​រឹតតែ​ដុនដាប​ជាង​មុន ហើយ​ដើម្បី​ឲ្យ​ស្រី​ៗ​យើង​ដឹង​ពី​ផល​លំបាក​ទាំង​នេះ Helloគ្រូពេទ្យ បាន​ស្វែង​រក​អ្នក​មាន​បទ​ពិសោធ​បែប​នោះ មក​ចែក​រំលែក​ជា​ចំណេះដឹង។

១- គ្មាន​ប្រាក់​បម្រុង​ទុក

តាម​បទ​ពិសោធ កែ សុវណ្ណី ជា​អតីត​បុគ្គលិក​ក្នុង​រោងចក្រ​នៅ 7NG ផ្នែក​គណនេយ្យ វ័យ ២១ ឆ្នាំ និង​ទើប​តែ​សម្រាល​កូន​រួច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​រៀបការ​រួច​នៅ​ចុង​ឆ្នាំ ២០១៨ នាង​ក៏​មាន​ផ្ទៃពោះ​តែម្ដង ដោយ​មិន​ខ្វល់​រឿង​គម្រោង​ការទៅ​ថ្ងៃ​អនាគត​អ្វី​ទេ។ វណ្ណី បាន​បន្ត​ថា​រយៈពេល ៣ ខែ​ដំបូង នាង​មាន​អាការៈ​ចាញ់​ខ្លាំង ញ៉ាំ គេង ធ្វើ​អ្វី​ក៏​មិន​បាន ក៏​សម្រេច​ចិត្ត​បោះបង់​ការងារ ដោយ​ពឹង​ផ្អែក​លើ​ស្វាមី​ទាំងស្រុង ហើយ​ពេល​កូន​បាន ៦- ៧ ខែ​តម្រូវ​ការ​ហូបចុក សម្ភារៈ​ផ្សេង​ៗ​ទុក​ឲ្យ​កូន និង​ម្ដាយ​កាន់តែ​ច្រើន​ឡើង​ៗ តែ​ហិរញ្ញ​វត្ថុ​ចូល​តាម​ច្រក​តែមួយ​ដដែល។ ដូចនេះ​មិន​មាន​អ្វី​សេសសល់​ជា​ដុំកំភួន​ឡើយ សម្រាប់​ពេល​សម្រាល ហើយ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​ដល់​ពេល​សម្រាល មិន​អាច​តាម​ធម្មជាតិ​បាន ដូចនេះ​តម្រូវ​ឲ្យ​វះកាត់ ព្រោះ​មិន​គ្មាន​កម្លាំង​ប្រឹង វិធី​ចុងក្រោយ​គឺ​សម្រាល​តាម​វះកាត់។

អ្នក​ម្ដាយ​វ័យ​ក្មេង​បាន​បន្ថែម​ថា ប្រាក់​ដែល​មាន​បន្តិច​បន្តួច​ទុក​សម្រាប់​ពេទ្យ គឺ​មិន​គ្រាន់​ឡើយ ហើយ​រឿង​កាន់តែ​យ៉ាប់យ៉ឺន​គឺ​គ្មាន​ទឹកដោះ​បំបៅ​កូន ទើប​ធ្វើឲ្យ​ការ​ចំណាយ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ក្រោយ​ពេល​ឆ្លង​កាត់​បញ្ហា​នេះ ស្រ្តី​មេផ្ទះ​ម្នាក់​នេះ បាន​តាំងចិត្ត​ថា ពេលមាន​កូន​លើក​ក្រោយ​ត្រូវតែ​​គិតគូរ​ជាមុន​សិន ព្រោះ​ឥឡូវ គ្មាន​សេសសល់​អ្វី​ក្រៅ​ពី​កូន​ឡើយ ហើយ​ពេល​កូន​ដល់​អាយុ​ចូលរៀន​ក៏​ប្រហែល​ជា​មិន​អាច​បញ្ជូន​ទៅ​សាលា​ល្អ​ៗ​ដែរ ដោយសារ​តែ​គ្មាន​ថវិកា​គ្រប់គ្រាន់។

២- គ្មាន​លទ្ធភាព​ទិញ​របស់​លេង​ឲ្យ​កូន

“ខ្ញុំ​រាងចាល​ហើយ​រឿង​យក​កូន​តាម​ចិត្ត​គ្មាន​គិត​មុខ​ក្រោយ​នេះ ព្រោះ​វា​ជា​ការ​ធ្វើ​បាប​កូន​ទៅ​វិញ” នេះ​ជា​ការ​លើកឡើង​របស់​អ្នកស្រី មេសា មាន​កូន ៣ នាក់ និង​មាន​វ័យ ៣៣ ឆ្នាំ។ កាល​ពី​កូន​ដំបូង​ស្ថិត​ក្នុង​ជីវភាព​ខ្វះខាត ព្រោះ​ទើប​​ឈប់​រៀន ហើយ​រៀបការ​តែ​ម្ដង ដោយ​ជឿ​តាម​ចាស់​ៗ​ថា ការ​ហើយ​យក​កូន​សិន​ទៅ ព្រោះ​ខ្លាច​ពន្យារ​កំណើត​យូរ​ពេក ទៅ​ជា​គ្មាន​កូន។

យកកូនដោយគ្មានផែនការណ៍Hello_គ្រូពេទ្យ
(រូបតំណាង)

អ្នក​ស្រុក​ចម្ការ​លើ​រូប​នេះ បាន​បន្ត​ទៀត​ថា ដំបូង​ៗ​ពេល​ដឹង​ថា​មាន​កូន​ពិតជា​រំភើប​ណាស់ តែ​ពេល​កូន​កើត​មក គ្មាន​លុយ​គ្រប់គ្រាន់ ទុក​ផ្គត់ផ្គង់​កូន​ពេល​ចេះ​លេងនេះ​លេង​នោះ គ្មាន​លុយ​ទុក​បង្ការ​ពេល​កូន​មាន​ជំងឺ និង​ទិញ​ចំណីចំណុក​ល្អ​ៗ​ឲ្យ​កូន​ញ៉ាំ ដើម្បី​ការ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ ទើប​ជា​ការ​ស្ដាយក្រោយ ព្រោះ​ពេល​ងាក​ទៅ​ឃើញ​កូន​អ្នក​ដទៃ​មាន​អ្វី​លេង ហើយ​កូន​យើង​ទារ​ដែរ តែ​គ្មាន​លទ្ធភាព​ទិញ​ឲ្យ។

ក្រោយ​ជួប​ការ​លំបាក​ពេល​មាន​កូន​ដំបូង​ អ្នក​ស្រុក​ពារាំង​រូប​នេះ ក៏​ចេះ​គិត​ពី​ផែនការណ៍​ជីវិត និង​ចេះ​រក​ស៊ី ដើម្បី​ទុក​សន្សំ​កូន​បន្ទាប់​ៗ ព្រោះ​ការ​ពឹងផ្អែក​លើ​ឪពុក​ម្ដាយ និង​ប្ដី គឺ​មិន​គ្រប់គ្រាន់​ទេ ព្រោះ​ត្រូវ​ត្រៀម​តាំងពី​មុន​កូន​កើត កូន​កើត​ហើយ កូន​ធំ​បន្តិច កូន​ចូលរៀន។

៣- សុខភាពការចិញ្ចឹម​ និង​អប់រំ​កូន​មិន​បាន​ល្អ

អ្នកស្រី សេថា ​វ័យ ៣៦ ឆ្នាំ និង​ជា​មេផ្ទះ បាន​រៀបរាប់​បទ​ពិសោធ​ខ្លួន​ថា៖ “ខ្ញុំ​មាន​កូន ៦ នាក់ កូន​ឲ្យ​ញឹក​ស្អេក​ជាប់​​គ្នា ហើយ​បើ​មាន​កូន​មួយ​ណា​ឈឺ​វិញ គឺ​ឈឺ​ទាំងអស់​តែ​ម្ដង។ បើ​និយាយ​ពី​មើល​ថែទាំ​វិញ​គឺ​មិន​បាន​ដិតដល់​ទេ កូនខ្លះ​ប្រឡូកប្រឡាក់​ដី ខោអាវ​មិនបាន​បោក​គក់​យក​មក​ស្លៀក​ឡើង​វិញ ស៊ី​ចុក​មាន​អី​ស៊ី​ហ្នឹង”។ អ្នក​ខេត្ត​កំពត​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​ប្រកប​របប​ធ្វើ​ចម្ការ​ស្រែ​តិចតួច ហើយ​ក៏​មិន​សូវ​យល់​ដឹង​ពី​វិធី​ពន្យារ​កំណើត​អ្វី​ទេ រឹតតែ​មិន​ដឹង​ថា​គួរ​គិត​ពី​អនាគត​កូន​យ៉ាង​ម៉េច ដឹង​ត្រឹម​ខំ​រក​ទៅ​មាន​ប៉ុនណាក៏​ចាយ​ប៉ុណ្ណឹង​ចុះ។

ងាក​មក​ពី​ការ​បង្រៀន​កូន​វិញ ស្ត្រី​វ័យ​កណ្ដាល​រូប​នេះ​ថា មិន​សូវ​មាន​ពេល​ប៉ុន្មាន​ដែរ ឲ្យតែ​កូន​ទៅ​រៀន ហើយ​ការ​ប្រដែប្រដៅ​វិញ​ក៏​មានតែ​ខុស​វ៉ៃ​ៗ មិន​ដឹង​និយាយ​ម៉េច​ជាមួយ​កូន​ៗ។

ផល​លំបាក​មិនមែន​មាន​តែ ៣ ចំណុច​នេះ​ទេ តែ Helloគ្រូពេទ្យ បាន​សាកសួរ​ពី​គ្រួសារ​អ្នក​គ្មាន​ផែនការយក​កូន​មួយ​ចំនួន​ធំ ហើយ​ភាគច្រើន​លើក​ឡើង​ពី​រឿង​ទាំង​នេះ។

អត្ថបទ​ពាក់ព័ន្ធម៉ាក់ប៉ា​មាន​ទម្លាប់​អាក្រក់ ៤ យ៉ាង​នេះ ធ្វើ​កូន​ខូច​តាំង​ពី​តូច

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម