កូនតូចប្រព័ន្ធការពាររាងកាយមិនទាន់រឹងមាំល្អដូចមនុស្សធំឡើយ ដូចនេះងាយនឹងឈឺបន្តិចហើយ។ តែដើម្បីកាត់បន្ថយបញ្ហានេះ ម៉ាក់ៗគួរតែអនុវត្តវិធី ៤ យ៉ាង ដែលចែករំលែកដោយម៉ាក់ៗមានបទពិសោធថែរក្សាកូនមិនឲ្យងាយឈឺ។
១- កុំឲ្យអ្នកដទៃពកូនច្រើនពេក
បើតាមការឲ្យដឹងរបស់ម៉ាក់ៗ ទី លីកា កាលកូនដំបូង អ្នកនាងមិនដឹងពីបញ្ហានោះឡើយ គិតថាឲ្យតែមានអ្នកពកូន បានន័យថាគេស្រលាញ់កូន ឲ្យប្រឡែងលេងបានតាមចិត្ត និងបានធូរកម្លាំងផង។ អតីតបុគ្គលិកផ្នែកលក់ឡាន បានបន្តថា កូនខ្លួនឧស្សាហ៍ក្ដៅខ្លួន ផ្ដាសាយ ហៀរសំបោរដោយមិនដឹងមូលហេតុណាស់ តែក្រោយទៅជួបពេទ្យទើបដឹងមូលហេតុ ហើយពេទ្យបានប្រាប់ថា មនុស្សធំដែលឈឺជំងឺទាំងនោះ ពេលខ្លះអាការៈមិនធ្ងន់ ទើបយើងមើលមិនដឹង តែសម្រាប់ក្មេងងាយឆ្លងខ្លាំងណាស់ ព្រោះប្រព័ន្ធការពាររាងកាយមិនរឹងមាំដូចមនុស្សធំ។ កូនទី ២ របស់ស្រ្តីវ័យ ២៨ ឆ្នាំរូបនេះ មិនឲ្យអ្នកដទៃក្រៅពីសាច់ញាតិកាន់កូនឡើយ ព្រោះមិនដឹងថានរណាមានជំងឺអ្វីខ្លះ ហើយអ្នកដែលកាន់គឺត្រូវលាងសម្អាតដៃជាមុនសិន បើអ្នកខ្លះទៀត គឺតម្រូវឲ្យពាក់ម៉ាស់តែម្ដង ដើម្បីការពារកូន។
២- កុំនាំទៅកន្លែងមានមនុស្សច្រើន
«បើស្រលាញ់កូន កុំឲ្យសោះនាំកូនតូចទៅកន្លែងមានមនុស្សច្រើនដូចជាផ្សារទំនើប ឬកន្លែងណាដែលជុំៗមនុស្សកកកុញ។ ទង្វើបែបនេះងាយធ្វើឲ្យកូនឆ្លងមេរោគផ្សេងៗណាស់ ព្រោះមនុស្សទាំងនោះមានជំងឺណាមួយជាប់ខ្លួនហើយ»។ នេះជាការរៀបរាប់មនុស្សអ្នកស្រី នូ ស្រីពេជ្រ ដែលមានកូន ៣ នាក់រួចមកហើយ។
អ្នកលក់ដូរអីវ៉ាន់ចាប់ហួយនៅផ្ទះបានឲ្យដឹងថា កាលពីកូនដំបូង និងកូនទី ២ មិនដែលចេះឈឺផ្ដេសផ្ដាសឡើយ ព្រោះអ្នកនាងមិនធ្លាប់ទៅណា តែដល់កូនទី៣ ស្ត្រីវ័យ ៣៦ ឆ្នាំថា ឧស្សាហ៍ឡើងទៅលេងផ្សារទំនើបគេទើបបើកថ្មី និងកន្លែងតាំងពិព័រណ៍ ហើយពេលមកវិញកូនតូចឈឺរហូត។ បន្ទាប់ពីកូនឈឺច្រើនដង ស្រីពេជ្រ ក៏ឈប់នាំកូនតូចដើរលេង ហើយក៏លែងឈឺទៀត ទើបដឹងថាមកពីការដើរលេងទាំងនោះមានទាំងបើកម៉ាស៊ីនត្រជាក់ មនុស្សប្រជ្រៀតគ្នា ឬហប់ក្ដៅជាដើម។
៣- កុំនាំកូនដើរលេងខេត្តឆ្ងាយៗ
សម្រាប់អ្នកមានកូនតូច ៦ ខែចុះក្រោម អ្នកនាង ចូវ លាងស៊ីម បានណែនាំមិនឲ្យយកកូនទៅដើរលេងឡើយ ព្រោះថាការធ្វើដំណើរផ្លូវរលាក់ អាកាសធាតុត្រជាក់ ក្ដៅ ឬដីហុយ សុទ្ធតែធ្វើឲ្យកូនឈឺបានទាំងអស់។ ស្ត្រីកូន ៣ រូបនេះបានបន្តទៀតថា បើម៉ាក់ៗណាដើរលេង អាចរកកន្លែងជិត និងការពារកូនកុំឲ្យត្រូវខ្យល់ ឬភ្លៀងអី ព្រោះពេលនេះអាកាសធាតុកំពុងត្រជាក់កូនងាយហៀរសំបោរ ក្ដៅខ្លួន តឹងច្រមុះ។ បុគ្គលិកផ្នែកទីផ្សារ ក្រុមហ៊ុនភេសជ្ជៈរូបនោះ បន្តទៀតថា កូនតូចត្រូវការសម្រាកបានច្រើន ការធ្វើដំណើរផ្លូវឆ្ងាយមិនងាយស្រួលឲ្យទារកសម្រាកឡើយ ដូចនេះផ្អាកសិនបានក៏ល្អ ព្រោះពេលកូនឈឺអ្នកលំបាកមានតែយើងហ្នឹងហើយ។
៤- របបអាហារ
អ្នកស្រី លាង សុខា អាជីវករមួយរូបនៅផ្សារព្រែកតាមាក់ បានឲ្យដឹងថា ចង់ឲ្យកូនសុខភាពល្អត្រូវតែយកចិត្តទុកដាក់ចំពោះអាហារកូន។ ម៉ាក់ៗវ័យក្មេងរូបនេះបន្តទៀតថា កូនអ្នកនាងមិនឲ្យញ៉ាំចំណីកញ្ចប់ ឬអាហារគេលក់ឡើយកាលពីអាយុក្រោម ២ ឆ្នាំ ព្រោះថា ក្រពះពោះវៀនកូនមិនទាន់រឹងមាំល្អ អាចទប់ទល់នឹងអាហារវេចខ្ចប់ដែលមានផ្ទុកសារធាតុគីមី។ មួយវិញទៀតចំណីអាហារដែលទិញពីគេ មិនប្រាកដថាធ្វើឡើងមានអនាម័យ គ្រឿងផ្សំវត្ថុធាតុដើម និងសម្អាតសម្ភារៈបានត្រឹមត្រូវឡើយ។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាសម័យនេះចូលចិត្តប្រើកាបូបស្ពាយកូន តើជួយបានអីខ្លះ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]