ម៉ាក់ប៉ាសម័យនេះភាគច្រើនបញ្ជូនកូនទៅរៀនតាំងពីអាយុ ២-៣ ឆ្នាំឡើង ហើយព្រោះតែគ្មានពេលវេលាថែទាំដោយត្រូវបំពេញការងារប្រចាំថ្ងៃទៀតនោះ ទើបម៉ាក់ប៉ាតម្រូវឲ្យកូននៅសាលាតាំងពីព្រឹកដល់ល្ងាច។ ការឲ្យកូនរៀនពេញមួយថ្ងៃបែបនេះល្អចំពោះកូនអត់? កូនរៀនឆាប់ចេះមែនអត់?
ទាក់ទិននឹងបញ្ហានេះអ្នកគ្រូ លឹម មួយហ្គិច ជំនួយការគ្រូបរទេសនៅសាលាឯកជនក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា កូនវ័យប៉ុណ្ណេះរៀនតាំងពីព្រឹកទល់ល្ងាចក៏មិនជាល្អដែរ ព្រោះគ្នាគ្មានពេលសម្រាកបានគ្រប់គ្រាន់ ហើយបើទោះជាសាលាមានកន្លែងស្នាក់នៅពេលថ្ងៃត្រង់ ក៏ក្មេងគេងមិនសូវលក់ស្កប់ដូចនៅផ្ទះឡើយ ដោយសារមានក្មេងដទៃនៅក្បែរ ហើយពួកគេរំខាន។
អត្ថបទពាក់ព័ន្ធ៖ កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ
អ្នកគ្រូវ័យក្មេងខាងលើក៏បានបន្តទៀតថា កូននៅវ័យប៉ុណ្ណេះត្រូវការសម្រាកឲ្យបានច្រើន ដូចនេះហើយម៉ាក់ប៉ាគ្មានពេល ក៏គួរតែឆ្លៀតពេលបាយទទួលកូនចេញទៅផ្ទះ ហើយរៀបចំឲ្យកូនគេង ២ ម៉ោងទើបល្អចំពោះសុខភាព។
ចំណែករឿងរៀនចេះមិនចេះ វាមិនអាស្រ័យលើការរៀន ២ វេននោះទេ ព្រោះរយៈពេល ៦-៧ ម៉ោងនៅសាលា មិនមែនរៀនសុទ្ធសាធទាំងអស់ឡើយ តែមានជាសកម្មភាពហាត់ប្រាណ លេង ហែលទឹក និងការកម្សាន្តដទៃទៀត មិនមែនរាប់លេខអាន ឬសរសេរអក្សររហូតនោះទេ។ ក្មេងចងចាំ និងរៀនពូកែទៅបាន គឺអាស្រ័យលើតិចនិកបង្រៀនរបស់គ្រូ អាណាព្យាបាល បូករួមទាំងក្មេងមានចំណង់ទើបអាចឲ្យការសិក្សាបានរលូន។
មួយវិញទៀត បើពេលរៀនកូនងងុយរហូត ឬហូបចុកមិនឆ្អែតធ្វើឲ្យពួកគេគ្មានសមាធិផ្ចង់លើការសិក្សាដែរ។ សរុបមកវិញ អ្នកគ្រូ លឹម មួយហ្គិច បានបញ្ជាក់ថា ការរៀនតែ ១ វេន សម្រាប់ក្មេង ២-៥ ឆ្នាំ គឺល្អជាង តែសម្រាប់ម៉ាក់ប៉ារវល់ អាចជ្រើសរើសរៀន ២ វេន នេះបាន ឲ្យតែសាលាមានស្ដង់ដារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]