ក្លិនខ្លួនអាចបង្កមកពីកត្តាផ្សេងៗដូចជាកត្តាហ្សេន សុខភាព និងអនាម័យផ្ទាល់ខ្លួន។ ប៉ុន្តែអាហារដែលយើងញ៉ាំមួយចំនួនក៏អាចប៉ះពាល់ដល់ក្លិនខ្លួនបានដែរ។ នេះអាចមកពីការធ្វើមេតាបូលីសអាហារដែលយើងញ៉ាំ។ តើអាហារណាខ្លះដែលប៉ះពាល់ដល់ក្លិនខ្លួនរបស់យើង?
១. ពពួកបន្លែ Cruciferous
ពពួកបន្លែ Cruciferous មានដូចជាស្ពៃក្ដោប ផ្កាខាត់ណា និងផ្កាខាត់ណាខៀវជាដើម អាចប៉ះពាល់ដល់ក្លិនខ្លួនដោយសារសារធាតុ ស៊ុលផួ (sulfur) មានក្នុងពពួកបន្លែនេះ។ សារធាតុនេះត្រូវបានស្រូបក្នុងរាងកាយ និងបញ្ចេញមកក្រៅតាមរយៈញើស។ តាមពិត ក្លិនខ្លួនយើងនឹងផ្លាស់ប្ដូរក្រោយពីញ៉ាំពពួកបន្លែនេះរយៈពេល១ម៉ោង។ ដើម្បីបន្ថយឥទ្ធិពលនេះ យើងអាចស្រុសបន្លែ និងដាក់អំបិលបន្តិច។
២. ពពួកសាច់ក្រហម
យោងតាមការសិក្សារបស់ National Center of Biotechnology Information សហរដ្ឋអាមេរិក បានឲ្យដឹងថាក្លិនខ្លួនរបស់អ្នកដែលញ៉ាំបន្លែគឺមានក្លិនល្អជាងអ្នកដែលញ៉ាំពពួកសាច់ក្រហម។ នេះមកពីការរំលាយសាច់ក្នុងរាងកាយ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថាយើងអាចបន្ថយក្លិនមិនល្អមកពីការញ៉ាំសាច់ច្រើននេះបាន ដោយបន្ថែមបន្លែទៅក្នុងរបបអាហារប្រចាំថ្ងៃ។
៣. គ្រឿងស្រវឹង
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ California ជាទូទៅគ្រឿងស្រវឹងត្រូវធ្វើមេតាបូលីសនៅក្នុងថ្លើម ហើយបំលែងទៅជាអាស៊ីដអាសេទិច ខណៈចំណែកខ្លះត្រូវបានបញ្ចេញតាមរយៈញើស និងប្រព័ន្ធផ្លូវដង្ហើម។ ក្រោយពីផឹកគ្រឿងស្រវឹងហើយ មិនត្រឹមតែដង្ហើមទេដែលមានក្លិនមិនល្អ សូម្បីតែរាងកាយក៏មានក្លិនមិនល្អដែរ។
៤. ផ្លែប៉េងប៉ោះ
យោងតាមការសិក្សាចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ Medical Hypotheses ផ្លែប៉េងប៉ោះអាចផ្តល់ផលប៉ះពាល់ដល់ក្លិនខ្លួន។ នេះមកពីសារធាតុគីមី terepenes ដែលបង្កឲ្យមានក្លិនមិនល្អនៅពេលយើងបែកញើស។
៥. ខ្ទឹមស
ការសិក្សាចេញផ្សាយក្នុងព្រឹត្តិបត្រ Food Science បានឲ្យដឹងថាខ្ទឹមសអាចបង្កក្លិនស្អុយចេញពីស្បែកដោយសារសារធាតុ allicin ដែលជាបណ្ដុំសារធាតុ sulphur ម្យ៉ាង ដែលបញ្ចេញនៅពេលយើងកិន ឬកាត់ខ្ទឹមស។ សារធាតុ Allicin មានការបំបែកលឿនក្រោយពីញ៉ាំហើយ និងបំលែងទៅជាសារធាតុផ្សេងទៀតដែលបង្កដោយបាក់តេរី លាយជាមួយនឹងញើស ហើយនេះបង្កជាក្លិនខ្លួនមិនល្អ។
[embed-health-tool-bmr]