អាការៈអស់កម្លាំងគឺជារឿងធម្មតាសម្រាប់គ្នាយើងមួយចំនួន ប៉ុន្តែនេះអាចបង្ហាញពីមូលហេតុដែលរំខានដល់ដំណេកបាន។ យ៉ាងណាមិញយើងអាចបន្ថែមថាមពលនៅពេលព្រឹកបានតាមរយៈប៉ុន្មានវិធីខាងក្រោម។
១. ផឹកទឹក
គ្នាយើងដែលផឹកទឹកពេលក្រោកពីគេងអាចជួយរក្សាជាតិទឹកដល់រាងកាយ។ ការផឹកទឹកនេះក៏ជួយកម្ចាត់អាការៈងងុយគេងដែលបណ្ដាលមកពីការបាត់បង់ជាតិទឹកកម្រិតស្រាល ហើយអាការៈទូទៅនៃការបាត់បង់ជាតិទឹកគឺអាការៈអស់កម្លាំងនេះឯង។ ម៉្យាងទៀត នៅពេលយើងផឹកទឹកគឺអាចជួយជំរុញសរីរាង្គផ្សេងៗដំណើរការ និងដាស់ស្មារតី។
២. ហាត់ប្រាណបែបពត់ពែនខ្លួន
ការហាត់ប្រាណបែបពត់ពែនខ្លួនត្រឹមតែ៥នាទីនៅពេលព្រឹកអាចជួយកម្ដៅសាច់ដុំ និងបង្កើនលំហូរឈាមក្នុងរាងកាយដែលនេះជួយដាស់ស្មារតីនៅពេលព្រឹកផងដែរ។
៣. ហាត់ប្រាណ
ការហាត់ប្រាណនៅពេលព្រឹកហាក់ដូចជាមានការពិបាក ប៉ុន្តែការហាត់ប្រាណនៅពេលព្រឹកអាចជួយឲ្យឈាមរត់ល្អ និងជួយឲ្យយើងមានស្មារតីល្អដែរ។ ការហាត់ប្រាណនេះមិនចាំបាច់ប្រើកម្លាំងខ្លាំងទេ យើងអាចដើរ រាំ ឬលោត (Jumping sacks) បាន។
៤. ងូតទឹកត្រជាក់
ងូតទឹកត្រជាក់ពេលព្រឹកធ្វើឲ្យយើងមានថាមពល ខណៈងូតទឹកក្ដៅឧណ្ហៗជួយបន្ធូរអារម្មណ៍។ ប៉ុន្តែងូតទឹកត្រជាក់អាចជួយដាស់ស្មារតីយើងបាន។ ការសិក្សាចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ North American Journal of Medical Sciences បានបង្ហាញថាទឹកត្រជាក់អាចបង្កឲ្យសរសៃឈាមរីកធំដែលបង្កើនចង្វាក់បេះដូង និងលំហូរឈាម។ ដូចនេះទឹកត្រជាក់អាចជួយដាស់ស្មារតី និងធ្វើឲ្យយើងមានថាមពល។
៥. ញ៉ាំអាហារពេលព្រឹក
អាហារពេលព្រឹកគឺសំខាន់ណាស់ព្រោះអាចជួយឲ្យរាងកាយមានថាមពល ប៉ុន្តែយើងមិនគួរញ៉ាំអាហារពេលព្រឹកដែលសម្បូរកាបូអ៊ីដ្រាត និងកាឡូរីច្រើនទេ ព្រោះអាចធ្វើឲ្យយើងអស់ថាមពលដោយសាររាងកាយប្រឹងធ្វើការរំលាយអាហារ។ ជម្រើសអាហារពេលព្រឹកដែលល្អគឺបបរ ស៊ុត បន្លែ និងផ្លែឈើ។
៦. ទម្លាប់នៃការគេង
ដើម្បីជួយឲ្យមានថាមពលនៅពេលព្រឹក យើងត្រូវយកចិត្តទុកដាក់លើទម្លាប់នៃការគេង។ ទម្លាប់ល្អនៃការគេងមានដូចជា៖
- គេងឲ្យបាន៧-៩ម៉ោងក្នុងមួយយប់
- ចៀសវាងការលេងទូរស័ព្ទ ឬកុំព្យូទ័រមុនចូលគេង
- ចូលគេង និងងើបនៅម៉ោងដដែលរាល់ថ្ងៃ
- ចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន ឬហាត់ប្រាណជិតម៉ោងចូលគេង។
[embed-health-tool-bmr]