សម័យនេះ អាយផេត ស្មាតហ្វូន ទូរទស្សន៍ធំប៉ុនៗជញ្ជាំង ស្ទើរតែមានគ្រប់ផ្ទះ ក្មេងៗវិញ ធំមិនទាន់ទេចេះប្រើរបស់ទំនើបខ្ទេច ខុសពីក្មេងៗសម័យឆ្នាំ ៨០ ឆ្នាំ៩០ ឆ្ងាយណាស់។ ប៉ុន្តែសម័យនេះ ក្មេងៗមិនទាន់រៀនចប់អនុវិទ្យាល័យផង ក៏ពាក់វ៉ែនតាសឹងគ្រប់គ្នាអស់ហើយ ហេតុនេះ ប៉ាម៉ាក់ ឬក្មេងសម័យទំនើប បើមិនចង់ឆាប់ពាក់វ៉ែនតាទាំងក្មេងទេ ត្រូវញ៉ាំអាហារណែនាំក្នុងអត្ថបទនេះ ឲ្យបានច្រើនបន្តិចទេ ព្រោះល្អខ្លាំងចំពោះសុខភាព ពិសេសភ្នែកយើងតែម្តង។
១- បន្លែស្លឹកពណ៌បៃតង
ញ៉ាំបន្លែបៃតង គឺដើម្បីការពារភ្នែកពីជំងឺខូចបាតភ្នែក (ខូចស្រទាប់រ៉េទីន ធ្វើឲ្យមើលលែងឃើញបន្តិចម្តងៗ) ដោយបន្លែពណ៌បៃតងចាស់ ដូចជា ខាត់ណា ពពួកស្ពៃខ្មៅ សាលាដ សុទ្ធតែជាបន្លែត្រូវមានលើតុអាហារប្រចាំ ដោយសារវាសម្បូរទៅដោយសារធាតុ Lutein និង Zeaxanthin ដែលជាសារធាតុសំខាន់ ប្រឆាំងអុកស៊ីតកម្មក្នុងខ្លួន និងការពារការខូចខាតកោសិកា។
បន្លែស្លឹកពណ៌បៃតងនេះ ក៏សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជួយភ្នែកមានសុខភាពល្អផងដែ រួមមាន វីតាមីន C ប្រឆាំងជំងឺខូចស្រទាប់បាតភ្នែកពេលចាស់ និងភ្នែកឡើងបាយ និងសារធាតុបេតាកូរ៉ូទែន (Beta carotene) ដែលជាទម្រង់មួយរបស់វីតាមីន A ជួយការពារជំងឺខូចស្រទាប់បាតភ្នែកពេលវ័យកាន់តែចាស់ និងភ្នែកឡើងបាយ ក៏ដូចជា ជំងឺខ្វាក់មាន់ ផងដែរ។
សារធាតុ Lutein និង Zeaxanthin សុទ្ធតែសំខាន់សម្រាប់សុខភាពភ្នែក ព្រោះវាមានច្រើននៅក្នុងស្រទាប់បាតភ្នែក និងស្រទាប់សម្រាប់ទទួលគំហើញកណ្តាលទៀតផង។
ជាងនេះទៅទៀតសារធាតុ Lutein មាននៅក្នុងសារធាតុពណ៌នៃស្រទាប់បាតភ្នែក (Macular) ជួយការពារគំហើញកណ្តាល និងជួយស្រូបយកពន្លឺពណ៌ខៀវ ហើយសារធាតុ Zeaxanthin វិញ មាននៅក្នុងស្រទាប់រ៉េទីន។
២- ដំឡូងជ្វា
បន្លែ និងផ្លែឈើ ពណ៌ទឹកក្រូចស្រស់ ជាពិសេសដំឡូងជ្វាពណ៌ទឹកក្រូច គឺបញ្ជាក់ថា សម្បូរសារធាតុ បេតាកូរ៉ូទែន ដែលជាសារធាតុដើមនៃវីតាមីន A ជំនួយដល់សុខភាពភ្នែក។ ពពួកអាហារនេះ ជាប្រភពដ៏ល្អនៃវីតាមីន A និង C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារភ្នែកពីជំងឺខូចបាតភ្នែកពេលចាស់ទៅ និងជំងឺភ្នែកឡើងបាយ។
៣- អាស៊ីដខ្លាញ់អូមេហ្កា ៣
វាជាពពួកសារធាតុខ្លាញ់ សម្បូរនៅក្នុងត្រីមានខ្លាញ់ច្រើន ដូចជា ត្រីសាល់ម៉ុន ត្រីសាឌីន ត្រីធូណា និងត្រីស្បៃកា។ អូមេហ្គា ៣ មានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពយើង ក៏ដូចជា សុខភាពភ្នែកផងដែរ។ ក្រៅពីត្រី អាស៊ីដខ្លាញ់ល្អប្រភេទនេះ ក៏មាននៅក្នុងគ្រាប់ Walnut ដូចគ្នា ខណៈគ្រាប់ធញ្ញានេះ មានសារធាតុសេលេញ៉ូម ជួយប្រឆាំងអុកស៊ីតកម្ម និងអាស៊ីដខ្លាញ់អូមេហ្កា ៣ ជួយសម្រួលក្នុងការចម្លងចរន្តប្រព័ន្ធប្រសាទ ក្នុងស្រទាប់បាតភ្នែក។
៤- ផ្លែស្វាយ
ដូចបន្លែផ្លែឈើពណ៌លឿងផ្សេងទៀត ស្វាយសម្បូរទៅដោយវីតាមីន A និង E ជួយបន្ថយសម្ពាធក្នុងគ្រាប់ភ្នែក។
៥- សណ្តែកដី
សណ្តែកដី មិនត្រឹមតែជាអាហារសម្រន់ឈ្ងុយឆ្ញាញ់នោះទេ ថែមទាំងសម្បូរដោយវីតាមីន E និងស័ង្កសី អាចជួយទប់ការវិវត្ត និងជំនួយដល់គំហើញ ចំពោះក្មេងៗ និងមនុស្សពេញវ័យ ដែលខូចស្រទាប់បាតភ្នែក។
៦- ផ្លែប៉ោម
ផ្លែប៉ោម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុពណ៌ Quercitin ជួយការពារភ្នែកពីកាំរស្មីព្រះអាទិត្យ និងជាតិ Rutin ជួយការពារការលេចជ្រាបសរសៃឈាមតូចក្នុងស្រទាប់បាតភ្នែក។
៧- ពោត
ពោត សម្បូរទៅដោយសារធាតុ Lutein ជាសារធាតុពណ៌លឿងមាននៅក្នុងស្រទាប់ភ្នែក (Macula) ជួយការពារបញ្ហាខូចខាតស្រទាប់បាតភ្នែក និងជួយការពារកោសិកាក្នុងស្រទាប់បាតភ្នែកពីរ៉ាឌិកាល់សេរី ដែលបង្កឡើងដោយកាំរស្មី UV។
៨- ផ្កាខាត់ណាខៀវ (ប្រូខូលី)
គ្នាយើងជាច្រើន មិនចូលចិត្តបន្លែពណ៌បៃតងទេ តែបន្លែពណ៌នេះ មានផ្ទុកសារធាតុរ៉ែ មានប្រយោជន៍ និងជួយដល់ភ្នែកច្រើនណាស់។ សារធាតុទាំងនោះ រួមមាន Lutein, Zeaxanthin សេលេញ៉ូម Alpha lipoic acid (ក៏មាននៅក្នុងស្ពៃពុយឡេង ជួយផលិតថាមពលក្នុងកោសិកា និងប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលតែងធ្វើឲ្យខូចកោសិកា) សារធាតុ CoQ10- coenzyme Q10 (ជួយបំបែកអាហារទៅជាថាមពល មានក្នុងស្ពៃពុយឡេង) វីតាមីន C, E និងអាស៊ីដហ្វូលិក។
ពពួកបន្លែទាំងនេះ ត្រូវគេដឹងថា អាចជួយការពារយើងពីជំងឺមហារីក និងជំងឺបេះដូងបាន ហើយកាត់តែសំខាន់នោះ ល្អសម្រាប់សុខភាពភ្នែកតែម្តង។
៩- គ្រាប់អាល់ម៉ុន
អាល់ម៉ុន មានសារធាតុម៉ាញ៉េស្យ៉ូម ជួយបន្ធូរសាច់ដុំរលោង នៅផ្នែកខាងក្នុងគ្រាប់ភ្នែក និងជួយការពារការកន្រ្តាក់ជាប់សាច់ដុំ។ គ្រាប់ធញ្ញជាតិនេះ ក៏មានវីតាមីន E និងវីតាមីន B2 (Riboflavin) ជួយស្រទាប់បាតភ្នែកទទួលពន្លឺបានល្អ។
[embed-health-tool-bmr]