backup og meta

៤ ចំណុច ទស្សនៈ​យល់​ច្រឡំ​ពី​ថ្នាំពន្យារ​កំណើត ស្រីៗ​គួរ​តែ​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 01, 2019

    ៤ ចំណុច ទស្សនៈ​យល់​ច្រឡំ​ពី​ថ្នាំពន្យារ​កំណើត ស្រីៗ​គួរ​តែ​ដឹង

    ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ពេញ​និយម​ជាងគេ​ក្នុង​ចំណោម​ស្រីៗ ម្លោះ​ហើយ ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គេ​តែងតែ​ឮ​ការ​លើក​ឡើង​មួយ​ចំនួន​អំពី​ថ្នាំ​ពន្យារ​កំណើត។ ថ្ងៃ​នេះ Hello គ្រូពេទ្យ​នឹង​ស្រាយ​ចម្ងល់​អំពី​ការ​លើក​ឡើង​ទាំង​នោះ​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។

    សំណួរ ទី១៖ លោកស្រី​វេជ្ជបណ្ឌិត មានការ​លើក​ឡើង​ថា ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ឲ្យ​ស្រីៗ​យើង​ធ្វើ​ទុក្ខ អ្នក​ខ្លះ​ធ្លាក់​ឈាម​មិន​ឈប់ ស្គម​រីងរៃ ឬ​ធាត់ជ្រុល តើ​ពិតទេ?

    ចម្លើយ៖ មិន​ពិត​នោះ​ទេ ស្រីៗ​មួយ​ចំនួន​​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត​អាច​មាន​ផល​រំខាន​មួយ​ចំនួន​មែន តែ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​ប្រើ​បាន​មួយ​រយៈខ្លី។ ការ​ធ្វើ​ទុក្ខ​ដូចជា​ធ្លាក់​ឈាម​ខ្លាំង ធ្វើ​ឲ្យ​រាងកាយ​ស្គម​រីងរៃ ឬ​ធាត់ជ្រុល​អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​របស់​ស្រីៗ​យើង​ច្រើន​ជាង ឯ​ករណី​ខ្លះ​ទៀត​បណ្តាល​មក​ពី​ស្រីៗ​លេប​ថ្នាំ​មិន​បាន​ទៀង​ទាត់់ជារៀងរាល់ថ្ងៃ ដោយ​អ្នក​ខ្លះ​ភ្លេច​លេប ១ថ្ងៃ ២ថ្ងៃ នោះ​បញ្ហា​ក៏​កើត​មាន។

    សំណួរ ទី២៖ ស្រដៀង​គ្នា​នឹង​សំណួរទី១ គេថា ស្រីៗ​ដែល​លេប​ថ្នាំ ឬចាក់​ពន្យារ​កំណើត​យូរ​ទៅ អាច​ធ្វើ​ឲ្យរដូវ​មក​មិនទៀង ឬ​អត់​រដូវ​តែ​ម្តង?

    ចម្លើយ៖ មុន​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ គេ​បាន​សិក្សា​ច្បាស់​លាស់ អំពី​គុណ​ប្រយោជន៍​របស់​វា ដូចគ្នា​នេះ​ដែរ​មធ្យោបាយពន្យារកំណើត​មិនមែន​ជា​មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​រាំង​រដូវ​នោះ​ទេ បញ្ហា​នេះ​មក​ពី​សុខភាព​របស់​ស្រីៗ​ខ្លួន​ឯង ឬ​ក៏គាត់​សម្រេច​ជ្រើស​រើស​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ដោយ​មិន​បាន​ពិនិត្យ​សុខភាព ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    សំណួរ ទី៣៖ តើ​អាច​ទេ ប្រើ​ថ្នាំ​ពន្យារ​កំណើត​យូរ​ពេក អត់កូន?

    ចម្លើយ៖ ជា​ទស្សនៈយល់​ច្រឡំ​ទាំង​ស្រុង ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ប្រភេទ​ណា​ក៏​ដោយ ផលិត​ឡើង​ក្នុង​បំណង​ដើម្បី​តែ​ពន្យារ​កំណើត​ប៉ុណ្ណោះ មិនមែន​បញ្ឈប់​កំណើត​ដូចជា​ការ​ចង​បំពង់​មេជីវិត​ឈ្មោល ឬ​ចងដៃ​ស្បូន​នោះ​ទេ។ ថ្នាំគ្រាប់ ថ្នាំចាក់ កង​ដាក់​ក្រោម​ស្បែក នៅ​ពេល​ដែល​យើង​ឈប់​លេប ឈប់​ចាក់ ឬ​ដក​ចេញ​ពី​ស្បែក នោះ​នឹង​មាន​កូន​ធម្មតា​វិញ។

    សំណួរ ទី៤៖ ស្រី​មួយ​ចំនួន​យក​ថ្នាំ​ពន្យារ​កំណើត​ទៅ​ព្យាបាល​មុន តើ​ថ្នាំ​ពន្យារ​កំណើត​ពិត​ជា​អាច​ព្យាបាល​មុន​ជា​មែន​ទេ លោក​ស្រី​វេជ្ជបណ្ឌិត?

    ចម្លើយ៖ គោល​បំណង​សំខាន់​បំផុត ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ផលិត​ឡើង​ដើម្បី​ការពារ​ការ​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ ដូច្នេះ​គេ​មិន​អាច​យក​ថ្នាំ​ពន្យារ​កំណើត​ទៅ​ព្យាបាល​មុន​នោះ​ទេ។ ការ​លើកឡើង​ថា ថ្នាំ​ពន្យារ​កំណើត​អាច​ព្យាបាល​មុន​នេះ អាច​ជា​ផល​ប្រយោជន៍​បន្ទាប់​បន្សំ​ប៉ុណ្ណោះ ព្រោះ​ថ្នាំ​ពន្យារកំណើត​ផលិត​ឡើង​ពី​អ័រម៉ូន ហើយ​ក្នុង​ករណី​ដែល​អ័រម៉ូន​នោះ​ត្រូវ​ជាមួយ​អ័រម៉ូនស្រីៗ​ដែល​ប្រើ ពិសេស​ស្រីៗ​វ័យក្មេង នាំ​ឲ្យមុខ​លែង​សូវ​មាន​មុន ស្បែកស្អាត ដូច្នេះ​ហើយ​ទើប​មាន​ការ​យល់​ច្រឡំ​បែប​នេះ។

    អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម