backup og meta

ចង់ស្រក​គីឡូ កា​ម៉ាប់ៗ​លែងពិបាក​ហើយ! សិង្ហបុរី កំពុងបង្កើត​ថ្នាំ​សម្រក​ទម្ងន់​ពិសេស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 25, 2019

    ចង់ស្រក​គីឡូ កា​ម៉ាប់ៗ​លែងពិបាក​ហើយ! សិង្ហបុរី កំពុងបង្កើត​ថ្នាំ​សម្រក​ទម្ងន់​ពិសេស

    បច្ចុប្បន្ន ស្រុក​ទេស​កាន់​តែ​សម្បូរសប្បាយ របស់​ញ៉ាំក៏​កាន់​តែ​​ច្រើន ថែម​ទាំងច្រើន​ជម្រើស​ទៀត តែ​បើ​ញ៉ាំ​មិន​ចេះ​គិត ឡើង​គីឡូ​ស្រឺតៗ កាន់​តែ​ងាយ ហើយ​ចង់ស្រក​វិញ កាម៉ាប់ៗគ្នា​យើង ពិបាក​បន្តិច​ហើយ។ ប៉ុន្តែ​ឈប់​បារម្ភ​ទៀត ទ្រាំ​តែ​តិចទៀត លែង​ពិបាក​ដូច​យើង​គិត​ហើយ ព្រោះសិង្ហបុរីកំពុង​រៀបចំ​ផលិត​ថ្នាំសម្រកទម្ងន់​ពិសេស​សម្រាប់​យើង។

    អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang និង​សាកលវិទ្យាល័យ​ជាតិ​ប្រព័ន្ធ​សុខាភិបាល ប្រទេស​សិង្ហបុរី បង្កើត​ថ្នាំគ្រាប់ ១​ប្រភេទ ដើម្បី​ឲ្យ​អ្នកលេប មាន​អារម្មណ៍​ឆ្អែត អាច​ជួយ​គ្រប់គ្រង​ទម្ងន់​បានល្អ។ ថ្នាំ​គ្រាប់​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ អង់ដូភីល មាន​ប្រវែង ៣​សង់ទីម៉ែត្រ ដោយ ១​សង់ទីម៉ែត្រ ជា​ប៉ោងប៉ោង អាចរីកដោយ​ខ្លួន​ឯង ជាមួយ​នឹង​មេដែក​មួយ នៅ​ក្នុង​ពោះវៀន ក្រោយ​លេប​ថ្នាំនេះ។ ថ្នាំ​នេះ អាច​ផឹកជាមួយ​ទឹក ដូចថ្នាំទូទៅ។

    លោកសាស្ត្រាចារ្យ Louis Phee ព្រឹទ្ធបុរស​ផ្នែក​វិស្វកម្ម នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ពន្យល់​ថា វាមានប្រតិកម្មគីមីមួយក្នុងថ្នាំ ជាមួយ​នឹង​ឧស្ម័ន។ លោក​បញ្ជាក់​ថា “យើង​មាន​សន្ទះ​បិត-បើក​មួយ ភ្ជាប់​ទៅ​​មេដែក​នៅ​ក្នុង​ថ្នាំ ដោយម្ខាងសម្រាប់ផ្ទុក​អាស៊ីដ​ ក្នុង​នោះ​មាន​ទាំង​អាស៊ី​ស៊ីទ្រីកផងដែរ ដោយ​ម្ខាង​ទៀត​មាន ប៉ូតាស្យូមប៊ីកាបូណា ហើយ​ពេលផ្សំ​សារធាតុ​គីមី ២ ​នេះ​ចូល​គ្នា នឹង​ផលិត​ជាកាបូន​ឌីអុកស៊ីត“។ ​សារធាតុ​គីមីក្នុងថ្នាំ គឺ​ផ្សំ​ធម្មជាតិ ដែល​ប្រើប្រាស់​រាល់ថ្ងៃនៅ​តាមផ្ទះ ដូចជា ទឹកក្រូច និង​ភេសជ្ជៈ​ផ្អែម​ជាដើម។

    ក្រោយ​លេបថ្នាំ​ហើយ អ្នកសិក្សា ប្រើ​មេដែក​ខាង​ក្រៅ ១​ទៀត ដើម្បី​បង្កើត​ប្រតិកម្ម​គីមី ផលិត​ឱស្ម័ន ធ្វើឲ្យ​ប៉ោងប៉ោង រីកធំ​នៅ​ក្នុង​ពោះវៀន។ បន្ទាប់​មក ប៉ោងប៉ោង នឹង​ចល័ត​ទៅ​ផ្នែកខាង​លើ​នៃ​ពោះវៀន។ ផ្នែក​ខាងលើ​នៃ​ពោះវៀន ជា​អ្នក​កំណត់​ការ​ឃ្លាន​ចំណីអាហារ ដូច្នេះ​ពេល​ប៉ោងប៉ោង ចល័ត​ទៅ​ខាងលើ វា​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត។ ប៉ោងប៉ោង អាច​រីកបាន​ទំហំ ១២០ ​មីល្លីលីត្រ ឬប៉ុន​ដំឡូងបារាំង​តូច​មួយ។

    អ្នកស្រាវជ្រាវ ​អះអាង​ថា ប៉ោងប៉ោង ស្ថិតនៅ​ក្នុង​រាងកាយ​មនុស្ស ២-៤​ សប្ដាហ៍ បន្ទាប់​មក​វា​នឹង​រួមមាឌ​វិញ ហើយ​ចេញពី​ខ្លួន​តាម​ធម្មជាតិ។

    អត្ថបទពាក់ព័ន្ធ៖

    សម្រាប់​បញ្ហា​ប្រឈម​វិញ វាពាក់ព័ន្ធ​នឹង​ការ​រីក​ប៉ោងប៉ោង​នៅ​ក្នុង​ពោះវៀន។ បើ​វារីក​លឿនពេក វា​នឹង​ធ្វើ​ឲ្យ​ផ្នែក​ភ្ជាប់​បំពង់​អាហារ និង​ពោះវៀន (Oesophagus) បែកធ្លាយ ខណៈក្នុងករណី​​រីកលឿន​ពេក​​ក្នុង​ពោះវៀន​តូច និង​បណ្ដាល​ឲ្យ​រាំងស្ទះ​។

    ទោះយ៉ាងណា ថ្នាំនេះ ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ​ទេ។ អ្នកស្រាវជ្រាវ តេស្ដសាកល្បង​ថ្នាំ​នេះ លើ​អ្នកស្ម័គ្រចិត្ត​ម្នាក់ និង​សត្វជ្រូកជាច្រើន​ក្បាល។ សត្វជ្រូក ផឹកថ្នាំ​នេះ ស្រក ១,៥ ​គីឡូក្រាម នៅ​សប្ដាហ៍​បន្ទាប់។ ចំណែក​អ្នកស្ម័គ្រចិត្ត​វិញ ប៉ោងប៉ោង រីកធំ​ក្នុង​ពោះវៀន ដោយ​ពុំបង្ក​របួស ឬ​បញ្ហា​នោះទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម