ចំណេះដឹងអំពីការប្រើប្រាស់ និងទុកដាក់ថ្នាំពិតជាសំខាន់ណាស់ ព្រោះបើធ្វេសប្រហែសអាចនាំគ្រោះថ្នាក់ចំពោះខ្លួនឯង។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ថាដោយមើលឃើញពីរបៀបទិញ លក់ថ្នាំលើទីផ្សារនៅមានភាពមិនត្រឹមត្រូវតាមក្បួនខ្នាតខ្លះៗ អ្នកជំងឺមួយចំនួនអាចទិញថ្នាំលេបតាមចិត្តឯងគ្មានការប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជាមុននោះ លោកក៏បានណែនាំពីគន្លឹះសំខាន់ពីរបៀបប្រើប្រាស់ថ្នាំបានត្រឹមត្រូវ និងសុវត្ថិភាព។
– មិនត្រូវប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ តែប្រសិនបើប្រើប្រាស់ថ្នាំដែលមិនចាំបាច់វេជ្ជបញ្ជា (OTC) សូមពិនិត្យមើល និងស្ដាប់ការណែនាំឲ្យបានត្រឹមត្រូវ
– ត្រូវមើលកាលបរិច្ឆេទលើសំបកថ្នាំ ទីកន្លែងផលិត និងលេខបញ្ជីការ
– ត្រូវដឹងថាខ្លួនឯងមានប្រវត្តិប្រតិកម្មថ្នាំ ឬមានជំងឺប្រចាំកាយដែរឬទេ
– គួរប្រើប្រាស់ថ្នាំតាមកាលកំណត់ មិនត្រូវបញ្ឈប់ដោយចិត្តឯងនោះទេ
– ត្រូវស្គាល់ប្រភេទ និងកម្រិតថ្នាំឲ្យច្បាស់ ចំពោះថ្នាំដែលប្រើប្រាស់ជាប្រចាំថ្ងៃ (ឧទាហរណ៍ ថ្នាំទឹកនោមផ្អែម លើសសម្ពាធឈាម..)
– ត្រូវចេះសង្កេតថា ក្រោយប្រើហើយតើអាការៈប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរទៅៗ
– មិនត្រូវបន្ថយ ឬបន្ថែមកម្រិតថ្នាំដោយចិត្តឯងនោះទេ
– ពុំគួរប្រើថ្នាំដែលរួមបញ្ចូលគ្នាច្រើនមុខ (ឧទាហរណ៍ថ្នាំផ្សំ) លើកលែងតែមានវេជ្ជបញ្ជា
– ត្រូវប្រាប់គ្រូពេទ្យករណីប្រើថ្នាំបន្ថែមលើថ្នាំប្រចាំថ្ងៃ
– ថ្នាំប្រើប្រចាំថ្ងៃគួរដាក់ជាប់ខ្លួនជានិច្ច (ឧទាហរណ៍ថ្នាំបញ្ចុះសម្ពាធឈាម បេះដូង..)
– មិនគួរលេបថ្នាំជាមួយនឹងស្រា កាហ្វេ តែ ទឹកដោះគោ ទឹកផ្លែឈើ…គឺត្រូវលេបជាមួយនឹងទឹកសតែមួយមុខគត់។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា បើក្រោយប្រើថ្នាំហើយមានអាការៈក្ដៅខ្លួន រាគ ក្អួត ឡើងកន្ទួលរមាស់ កន្ទាលត្រអាក ហើមមុខបបូរមាត់ អណ្ដាត និងបំពង់ក បែកគ្រាប់ឈាមលើស្បែក វិលមុខ ឈឺក្បាល ឈឺខ្លួន ខ្សោយកម្លាំង ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះខ្លាំងទាំងនេះជាអាចជាសញ្ញាប្រាប់ថា យើងអាចមានប្រតិកម្មថ្នាំហើយ ត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។
[embed-health-tool-heart-rate]