លើសឈាម បើជ្រុលកើតហើយ គឺត្រូវរ៉ាំរ៉ៃអស់មួយជីវិត។ អ្នកលើសឈាម ត្រូវលេបថ្នាំលើសឈាម (បញ្ចុះឈាម) ជាប្រចាំជារៀងរហូត។ “Hello គ្រូពេទ្យ’ នឹងលើកយកថ្នាំបញ្ចុះឈាមប្រភេទ Alpha Blockers ឲ្យគ្នាយើងទាំងអស់គ្នាស្វែងយល់។
១- ឈ្មោះក្រុមថ្នាំ Alpha Blocker គួរដឹង
ថ្នាំ Alpha Blocker ជាក្រុមថ្នាំមួយប្រភេទដែលមានសកម្មភាពលើ រេស៊ីបទ័រ អាល់ហ្វា (Alpha-adrenergic antagonist) អាចព្យាបាលជំងឺលើសឈាមបាន។ ថ្នាំខ្លះនៃប្រភេទក្រុមថ្នាំនេះ មានសកម្មភាពលឿន តែមានប្រសិទ្ធភាពមិនបានយូរ ឯថ្នាំខ្លះមានសកម្មភាពយឺត ប៉ុន្តែប្រសិទ្ធភាពបានយូរ។ ពេទ្យនឹងរើសថ្នាំដែលល្អបំផុតសម្រាប់ស្ថានភាពអ្នកជំងឺ។
ខាងក្រោមនេះជាឈ្មោះថ្នាំខ្លះៗក្នុងប្រភេទ Alpha Blockers ដែលមានតាមឱសថស្ថាន៖
– Doxazosin mesylate
– Prazosin hydrochloride
– Terazosin hydrochloride
២- គួរប្រើ Alpha Blocker ពេលណា?
Alpha Blocker មិនមែនជាថ្នាំជម្រើសទី១ ក្នុងការព្យាបាលលើសឈាមទេ ប៉ុន្តែគេប្រើវាជាមួយថ្នាំលើសឈាមផ្សេងទៀតដើម្បីបញ្ចុះសម្ពាធឈាម ក្នុងករណីសម្ពាធឈាមពិបាកគ្រប់គ្រង។
ទោះបីក្រុមថ្នាំថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ ពេលសម្ពាធឈាមឡើងខ្ពស់ក៏ដោយ វាមិនល្អដូចថ្នាំលើសឈាមផ្សេងទៀតសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងទេ។ Alpha Blocker ត្រូវណែនាំឲ្យប្រើ ពេលថ្នាំផ្សេងទៀតមិនមានប្រសិទ្ធភាព ហើយក៏អាចប្រើសម្រាប់ការពារកុំឲ្យក្រពេញប្រូស្តាតរីកធំផងដែរ។
៣- ប្រតិកម្មថ្នាំក្រោយលេប Alpha Blocker
រេសិបទ័រ អាល់ហ្វា (Alpha receptors) នៅក្នុងសាច់ដុំជញ្ជាំងសរសៃឈាម មានតួនាទីរឹតសរសៃឈាមឲ្យតូច និងបិទសកម្មភាពរេសិបទ័រអាល់ហ្វា ដើម្បីសម្រួលសរសៃឈាមឲ្យបន្តបើកធំ ហើយវាជួយបន្ថយជាតិខ្លាញ់អាក្រក់ (LDL cholesterol) បានទៀត។
៤- ផលរំខាន ក្រោយប្រើថ្នាំ Alpha Blocker
Alpha blockers អាចធ្វើឲ្យមានផលរំខានតិចតួច ជាទូទៅកើតមានក្នុងអំឡុង ២ សប្ដាហ៍ បន្ទាប់ពីប្រើថ្នាំ។ ខ្លះអាចបង្កឲ្យសន្លប់ភ្លាមពេលក្រោកឈរ បន្ទាបពីលេបថ្នាំដំបូង។ អ៊ីចឹងហើយ ពេទ្យណែនាំឲ្យប្រើមុនពេលចូលគេង។ កម្រិតប្រើថ្នាំដំបូងអាចទាប បន្ទាប់មកបង្កើនបន្តិចម្ដងៗក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍។
ផលរំខានញឹកញាប់ដែលជួប មាន៖
– វិលមុខ ឈឺក្បាល ខ្សោយ
– បេះដូងលោតខ្លាំង
– ឡើងទម្ងន់
– ក្អួត អស់កម្លាំង
– ចុះសម្ពាធឈាមលឿន ពេលងើបឈរ ឬទម្រេតខ្លួនភ្លាមៗ
– ហើមជើង ឬកជើង
– ឡើងកន្ទួលរមាស់
– បញ្ហាដំណេក
– លិង្គមិនរឹង។
Alpha blocker អាចបន្ថយប្រសិទ្ធភាពថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត (Anti-depressant) អ៊ីចឹងគួរប្រាប់ពេទ្យពីថ្នាំដែលប្រើពីមុន មុននឹងព្យាបាល។
៥- អ្នកណាខ្លះមិនគួរប្រើថ្នាំ Alpha Blocker?
– បើមានប្រវត្តិកើតជំងឺខ្សោយបេះដូង ថ្លើម តម្រងនោម Pakinson (ជំងឺញ័រដៃជើង កើតលើមនុស្សចាស់) ពេទ្យនឹងណែនាំមិនឲ្យប្រើឡើយ។
– បើកំពុងពពោះ បំបៅដោះកូន និងត្រៀមយកកូន ត្រូវប្រាប់ពេទ្យ ដើម្បីឲ្យពេទ្យអាចថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិ មុនចេញថ្នាំ Alpha Blocker ឲ្យប្រើ។
Alpha blockers ជាប្រភេទថ្នាំព្យាបាលលើសឈាម ដោយវាបន្ធូរសរសៃឈាម។ វាមិនមែនជាជម្រើសប្រភេទថ្នាំទី១ គេត្រូវប្រើទេ។ វាអាចមានផលរំខានខ្លះ តែមិនធ្ងន់ធ្ងរឡើយ។
[embed-health-tool-heart-rate]