សម័យនេះ ក្មេងៗមួយចំនួននៅតែគិតថា ជំងឺលើសឈាមកើតឡើងតែលើម៉ាក់ប៉ា អ៊ំៗប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាជាច្រើន រកឃើញជាបន្តបន្ទាប់ថា ក្មេងៗវ័យជំទង់ក៏កើតជំងឺលើសឈាមដូចគ្នា ខណៈកត្តាចម្បងភាគច្រើនដោយសារទម្លាប់រស់នៅគ្មានផាសុកភាព។
យោងតាមកម្មវិធីសិក្សាពាក់ព័ន្ធកត្តាប្រឈមនាំឲ្យកើតមានជំងឺសរសៃឈាមបេះដូងលើយុវវ័យ (Coronary Artery Risk Development in Young Adults (CARDIA)) នៅអាមេរិក បង្ហាញថា ប្រមាណ ២០% ពលរដ្ឋអាមេរិក អាយុចន្លោះពី ១៨-៣០ ឆ្នាំ កើតជំងឺលើសឈាម ខណៈកត្តាប្រឈមចម្បងមានដូចជា៖
១- កត្តាបង្កជំងឺលើសឈាមដោយជំងឺផ្សេងៗ
កត្តាបង្កឲ្យមានជំងឺលើសឈាម ត្រូវចែកចេញជា ២ ដោយទី ១ ហៅថា Primary Hypertension មានន័យថា លើសឈាមមិនមែនបង្កដោយសារជំងឺអ្វីមួយ ហើយវិវត្តបន្តិចម្តងៗក្នុងខ្លួនយើង ខណៈប្រមាណ ៩០-៩៥ ភាគរយក្នុងចំណោមអ្នកជំងឺលើសឈាម បង្កឡើងដោយកត្តានេះ។
ដោយឡែក កត្តាបង្កទី ២ មានប្រមាណ ៥-១០ ភាគរយ ក្នុងចំណោមអ្នកជំងឺលើសឈាម ហៅថា Secondary hypertension ដោយមូលហេតុបង្កជាជំងឺមកពីបញ្ហាសុខភាពផ្សេងទៀត បង្កឲ្យមានការប៉ះពាល់ដល់តម្រងនោម លើសឈាម ឬប្រព័ន្ធអង់ដូគ្រីន (ប្រព័ន្ធក្រពេញផ្សេងៗក្នុងរាងកាយ) ជាដើម។
ក្នុងករណីកើតជំងឺលើសឈាមទាំងក្មេង ត្រូវតែដឹងថា យើងស្ថិតក្នុងកត្តាបង្កប្រភេទទី ២ ដែរឬទេ? ព្រោះបើយើងស្ថិតក្នុងកត្តាបង្កនេះ គឺអាចព្យាបាលបាន បើយើងរកឃើញមូលហេតុបង្កពិតប្រាកដ។
មូលហេតុភាគច្រើនធ្វើឲ្យកើតជំងឺលើសឈាមទាំងក្មេង មានដូចជា បញ្ហាតម្រងនោម បញ្ហាទាក់ទងជាមួយរូបរាងសរសៃឈាមអាអក ជំងឺថប់ដង្ហើមពេលគេង ជំងឺរលាកទងសួតរ៉ាំរ៉ៃ (COPD) និងបញ្ហាខ្វះ ឬលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ខណៈស្រីៗអាចកើតលើសឈាម ដែលបណ្ដាលមកពីថ្នាំគ្រាប់ពន្យារកំណើត។
២- កត្តាហ្សែន
ពេលមានសមាជិកគ្រួសារធ្លាប់កើតជំងឺលើសឈាម យើងក៏ប្រឈមមុខជាកើតជំងឺមួយនេះកាន់តែខ្ពស់ ទោះស្ថិតក្នុងវ័យក្មេងក្តី។ បើយើងលើសឈាមទាំងក្មេង ហើយរកមូលហេតុផ្សេងមិនឃើញ អាចមកពីបញ្ហាហ្សែនពីកំណើតនេះឯង។
៣- លើសទម្ងន់
លើសទម្ងន់ខ្លាំងនៅវ័យជំទង់ ធ្វើឲ្យប្រឈមជំងឺលើសឈាមទាំងក្មេងដូចគ្នា។ អង្គការសុខភាពពិភពលោក បញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៨០ មក បញ្ហាលើសទម្ងន់លើក្មេងជំទង់ គឺកើនឡើងទ្វេដង ហើយមកទល់ពេលនេះ ក្មេងជំទង់ម្នាក់ក្នុងចំណោម ១០នាក់ មានបញ្ហាលើសទម្ងន់។ ការសិក្សាចេញផ្សាយរបស់សមាគម Journal of American College Surgery រកឃើញថា អ្នកធាត់មានកត្តាប្រឈមកើតជំងឺលើសឈាម ខ្ពស់ជាង ១,៧% បើធៀបជាមួយអ្នកមានគីឡូធម្មតា ហើយធាត់កាន់តែខ្លាំង ប្រឈមកាន់តែខ្ពស់។
អត្ថបទពាក់ព័ន្ធ៖ លើសឈាមក្មេងក៏កើតដែរ ហើយជាជំងឺរ៉ាំរ៉ៃពេញមួយជីវិត ទាំងនេះជាវិធីការពារ
៤- អត់ហាត់ប្រាណ
ហាត់ប្រាណជួយយើងបញ្ចេញអ័រម៉ូនទៅបន្ធូរសរសៃឈាម និងធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ ផ្ទុយទៅវិញបើមិនសូវហាត់ប្រាណ នោះនឹងប្រឈមមុខខ្ពស់រឿងឡើងទម្ងន់ ធ្វើឲ្យលើសគីឡូ។ ហេតុនេះ គ្នាយើងមិនសូវហាត់ប្រាណ ថែមទាំងលើសទម្ងន់ទៀតនោះ ប្រឈមមុខខ្ពស់ជាមួយជំងឺលើសឈាម។
៥- របបអាហារ
អាហារមានជាតិប្រៃ មានផ្ទុកជាតិសូដ្យូមខ្ពស់ អាចធ្វើឲ្យយើងឡើងសម្ពាធឈាមបាន។ កាល់ស្យូម នឹងធ្វើឲ្យសរសៃឈាមរួមតូច នាំឲ្យជាតិទឹកចាល់នៅក្នុងខ្លួន។ បើញ៉ាំអាហារមានជាតិសូដ្យូមខ្ពស់ ក៏ប្រឈមមុខខ្លាំងជាមួយជំងឺលើសឈាម។
អត្ថបទពាក់ព័ន្ធ៖ មើលឲ្យហើយអ្នកចូលចិត្តញ៉ាំប្រៃ អាចមានគ្រោះថ្នាក់ធំពីរយ៉ាង
ក្មេងជំទង់ជាច្រើន មិនសូវខ្វាយខ្វល់តាមដានសម្ពាធឈាមទេ។ ទម្លាប់ព្រងើយកន្តើយជាមួយជំងឺ ជាហេតុមិនប្រើថ្នាំទៀងទាត់ បើដឹងថាខ្លួនកើតជំងឺនេះក្តី។ យើងគួរខ្វាយខ្វល់ឲ្យបានច្រើនជាមួយបញ្ហាលើសសម្ពាធឈាម អាចកើតឡើងលើយើងគ្រប់វ័យ គ្រប់ពេលវេលា។
[embed-health-tool-heart-rate]