ការផឹកគ្រឿងស្រវឹងច្រើន មិនល្អសម្រាប់សុខភាពនោះទេ ដោយវាបង្កបញ្ហាសុខភាពជាច្រើនមុខ។ ក្នុងនោះ រាក ជាបញ្ហាមួយ ដែលកើតឡើងភ្លាមៗ ក្រោយផឹកគ្រឿងស្រវឹង ដោយអ្នកខ្លះ ផឹកហើយ ក៏រាក តែខ្លះទៀត អត់នោះទេ។ តើដោយសារហេតុអ្វី?
នៅពេលយើងផឹកគ្រឿងស្រវឹង វាចូលទៅក្នុងក្រពះរបស់យើង។ បើក្នុងក្រពះមានអាហារ គ្រឿងស្រវឹង និងអាហារ នឹងត្រូវស្រូបទៅក្នុងសរសៃឈាមតាមរយៈកោសិកា នៅក្នុងជញ្ជាំងក្រពះ។ ក្នុងករណីនេះ វាបណ្ដាលឲ្យការរំលាយអាហារ មានល្បឿនយឺត។ ប៉ុន្ដែប្រសិនបើយើងមិនបានញ៉ាំអាហារ គ្រឿងស្រវឹងនឹងបន្ដចូលដល់ក្នុងពោះវៀនតូច យ៉ាងលឿន។
ខណៈបរិមាណគ្រឿងស្រវឹងភាគច្រើន ត្រូវស្រូបទៅក្នុងសរសៃឈាម បរិមាណគ្រឿងស្រវឹងនៅសល់ ត្រូវចូលទៅក្នុងទឹកនោម និងលាមក។ ពេលគ្រឿងស្រវឹងចូលក្នុងលាមក សាច់ដុំពោះវៀនធំ ធ្វើចលនា ដើម្បីបញ្ចេញលាមកចោល។
នេះដោយសារគ្រឿងស្រវឹង ពន្លឿនល្បឿនបញ្ចេញចោល ហើយមិនអនុញ្ញាតឲ្យពោះវៀនធំ ស្រូបយកទឹកដូចធម្មតានោះទេ ទើបបណ្ដាលឲ្យលាមក បញ្ចេញមកលឿន និងរាកដោយមានទឹកជាច្រើន។ បើតាមអ្នកវិទ្យាសាស្ត្រ រកឃើញថា ការផឹកបរិមាណគ្រឿងស្រវឹងតិច បង្កើនល្បឿននៃការរំលាយអាហារ និងបណ្ដាលឲ្យរាក។ ចំណែកការផឹកគ្រឿងស្រវឹងច្រើន អាចពន្យារការរំលាយអាហារ និងបណ្ដាលឲ្យទល់លាមក។
ជាមួយគ្នានេះ គ្រឿងស្រវឹង អាចបណ្ដាលឲ្យរលាកប្រព័ន្ធរំលាយអាហារ ជាពិសេសពពួកស្រា ដែលសម្លាប់បាក់តេរីល្អ នៅក្នុងពោះវៀន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]