backup og meta

ចូលចិត្តមើលរឿងខ្មោច រឿងរន្ធត់ ប្រយ័ត្នជួបបញ្ហាសុខភាពទាំងនេះ!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 27, 2019

    ចូលចិត្តមើលរឿងខ្មោច រឿងរន្ធត់ ប្រយ័ត្នជួបបញ្ហាសុខភាពទាំងនេះ!

    បញ្ហាស្ត្រេស ​ស្មុគស្មាញរឿង​អ្វី​មួយ យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ជួប​ប្រទះ​គ្រប់​ពេល ច្រើន​ដង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ គ្រាន់​តែ​គ្នា​យើង​ខ្លះ ចេះរក​ដំណោះ​ស្រាយ ជាមួយ​គំនិត​វិជ្ជមាន មើល​ឃើញ​អ្វី​អា​ចធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​មិន​ប៉ះពាល់​សុខភាព។ ប៉ុន្តែ​គ្នា​យើង​ខ្លះ សម្រេច​ចិត្ត​មើល​កុន ជាវិធី​សាស្ត្រ​កាត់​បន្ថយ​ស្ត្រេស​បាន​ខ្លះ​ដែរ។ ប៉ុន្តែ​គ្នា​យើង​ចូល​ចិត្ត​មើល​កុន រំសោយ​ស្រ្តេស​ គួរ​ប្រយ័ត្នបន្តិច​ទៅ កុនអាច​ធ្វើ​ឲ្យ​ស្រស់​ស្រាយ ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ដូច​ជា។ អត្ថបទ​​នេះ នឹង​ពន្យល់ពី​មូលហេតុ​ឲ្យ​យើង​បាន​ដឹង។

    ១- ទំនាក់ទំនងរវាងការមើលកុនលើផ្លូវអារម្មណ៍

    មើល​កុន ដូចជារឿង​កំប្លែង​ ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​សើច​ក្អាក​ក្អាយ ជួយ​កាត់​បន្ថយ​ស្ត្រេស​ ឃ្លាត​ឆ្ងាយ​ពី​ភាព​តាន​តឹង​ផ្សេងៗ និងធ្វើ​​ឲ្យ​ស្មារតី​ល្អពិត​មែន។ ប៉ុន្តែ​ការ​សិក្សា​មួយ ​ធ្វើ​ឡើង​​ដោយ​អ្នក​ស្រាវ​ជ្រាវនៃសកល​វិទ្យាល័យ Maryland សហរដ្ឋអាមេរិក​ ​រក​ឃើញ​ថា ​ការ​សើចខ្លាំងៗ​អំឡុង​ពេល​កំពុង​មើល​រឿង​កំប្លែង​ ធ្វើ​ឲ្យ​សរសៃ​ឈាមយើង​រីក​ធំដល់ទៅ​ប្រមាណ ២២% ជា​ហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ។

    ក្រឡេក​ទៅ​កាន់​រឿង​​បែប​ភ័យ​រន្ធត់ ផ្សងព្រេង ឬរឿង​ខ្មោច​ជាដើម ក៏​ធ្វើ​ឲ្យនាំបម្រែបម្រួល​ផ្លូវ​អារម្មណ៍ និង​រាង​កាយ​ដូចគ្នា ធ្វើ​ឲ្យ​អារម្មណ៍​យើង​តក់ស្លុតខ្លាំង ដូចគ្នាទៅ​នឹង​គ្នា​យើង​ចូល​ចិត្ដកីឡា​លោត​ឆ័ត្រ​យោង ឡើង​ជម្រាល​ថ្មភ្នំ​ខ្ពស់ៗ​ ឬ​កីឡា​បែប​ផ្សង​ព្រេង​ផ្សេង​ទៀត។ ពេល​​មើល​រឿង​ភ័យ​រន្ធត់ រាង​កាយ​យើង នឹងជំរុញឲ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន​អាដ្រេណាលីន និង​ករទីសុល ដោយ​អ័រម៉ូន​ទាំង​ពីរ​នេះ​ ធ្វើ​ឲ្យយើង​នឹក​​ឃើញ​ដល់​រឿង​អាក្រក់​ៗ​ធ្លាប់​កើត​ឡើង​ពី​មុន ដូច​នេះ​ បើ​​ធ្លាប់​មាន​រឿង​មិន​ល្អ​កើត​ឡើងកាល​ពី​អតីតកាល ​មិន​គួរ​មើល​រឿង​ប្រភេទ​នេះ​ទេ។

    ភាពយន្ត​មនោសញ្ចេតនា ក៏​ស្រដៀង​គ្នា​ជា​មួយ​រឿង​បែប​កំប្លែង​ដែរ ហើយ​ទាំង​ពីរ​នេះ អាច​​ជួយ​មិន​ឲ្យ​យើង​គិត​ច្រើន ​ខ្វាយ​ខ្វល់​ជាមួយ​បញ្ហា​ជុំ​វិញ​​បាន។ ក្នុង​រឿង​បែប​មនោសញ្ចេតនា នៅ​ពេល​តួ​អង្គ​ក្នុង​រឿង​ធ្វើ​ខុស​អ្វី​មួយ បើកំហុស​នោះ​ស្រដៀង​គ្នា​ ជាមួយ​កំហុស​យើង​ធ្លាប់​ធ្វើ​ នោះ​​នឹង​ធ្វើ​ឲ្យយើង​​បាន​ធូរ​ស្រាល​ចិត្ដ​ច្រើន លែង​គិត​អវិជ្ជមាន​ពី​បញ្ហា​ណា​មួយ​កំពុង​ប្រឈម អាច​ជួយ​ឲ្យខួរ​ក្បាល​ដំណើរ​ការ​ល្អ គិត​រក​ដំណោះ​ស្រាយ​វិជ្ជមាន​បាន​ទៀត​ផង។

    ២- អារម្មណ៍ធ្វើ​ឲ្យប៉ះពាល់ដល់សុខភាពម៉េច​ខ្លះ?

    ខ្លួន​ប្រាណ​យើង ​តែង​តែ​ឆ្លើយ​តប​ជា​មួយ​ការ​គិត អារម្មណ៍ ក៏​ដូច​ជា​សកម្មភាព​យើងជា​និច្ច ត្រូវចាត់​ទុកជាទំនាក់​ទំនង​មួយ​ ជា​ភាសា​បច្ចេកទេស​ហៅថា Mind/Body Connection។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ថា រាងកាយ​យើង​ ធ្វើ​សកម្មភាព​ទៅ​តាម​អារម្មណ៍ ហេតុ​នេះ បើ​សុខ​ភាព​ផ្លូវ​ចិត្ដ​ធ្លាក់​ចុះ ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​​ថយ​ចុះ​ដូច​គ្នា ​នាំ​​ឲ្យយើង​​ងាយ​កើត​ជំងឺផ្ដាសាយ ឬ​ឆ្លង​ជំងឺ​​ផ្សេង​ទៀត​ ពេល​​កំពុង​ពិបាក​ចិត្ដ។ លើស​ពី​នេះ ​ពេលយើង​​ស្ត្រេស ថប់​បារម្ភ ឬ​អន់​ចិត្ដ​ ​ច្បាស់​ជា​មិន​បាន​មើល​ថែ​ខ្លួន​​គ្រប់​គ្រាន់​ទេ។ ដូច​នេះ គេ​សង្កេត​ឃើញ​ថា​មនុស្ស​មាន​អារម្មណ៍​មិន​នឹងនរ តែង​តែ​មាន​ជំងឺ​​​ជាប់​ជា​ប្រចាំ ហើយ​បញ្ហា​សុខភាព​មួយ​ចំនួនឧស្សាហ៍​ជួប​ប្រទះ​បំផុត មាន​ដូច​ជា៖

    – ឈឺ​ចង្កេះ

    – ចំណង់​អាហារ​ប្រែ​ប្រួល

    – ឈឺ​ក្នុង​ទ្រូង

    – ទល់​លាមក​ ឬ​រាក​រូស

    – ស្ងួត​មាត់

    – ហត់​អស់​កម្លាំង​ខ្លាំង

    – ឈឺ​ចុក​ចាប់​ពេញ​ខ្លួន

    – ឈឺ​ក្បាល

    – សម្ពាធ​ឈាម​កើន​ឡើង

    – គេង​មិន​លក់

    – ងងឹត​មុខ

    – ញ័រ​ក្នុង​ទ្រូង (​បេះ​ដូង​លោត​ញាប់)

    – មាន​បញ្ហា​រឿង​រួមភេទ

    – ដក​ដង្ហើម​មិន​ដល់​គ្នា

    – រួយ​កញ្ចឹង​ក

    – បែក​ញើស

    – ឈឺ​ក្រពះ

    – ស្រក ឬ​ឡើង​គីឡូ។

    ត្រូវ​ចេះ​សង្កេត​មើល​អារម្មណ៍ខ្លួនយើង ត្រូវ​ស្វែង​រក​មូល​ហេតុ​នាំ​​ឲ្យយើង​​មាន​អារម្មណ៍​បែប​នោះ ​រក​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​​ពិបាក​ចិត្ដ ស្ត្រេស និង​ថប់​បារម្ភ ​កំពុង​កើត​ឡើង​ក្នុង​ជីវិតយើង ទើប​អាច​ជួយ​យើង ​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន។ ហេតុនេះ បើ​ពិបាក​ចិត្ដ​នៅ​ពេល​ក្រោយ ត្រូវ​មើល​រឿង​សប្បាយ​ៗ​ឲ្យ​ច្រើន​ទៅ​ លែង​ពិបាក​ចិត្ដ​ហើយ សុខភាព​ក៏​ល្អ​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម