ក្នុងឆ្នាំ ២០០៤ សកលវិទ្យាល័យ Penn State របស់អាមេរិក បានរកឃើញថា ញញឹមចេញពីចិត្ដរបស់បុគ្គលិក អាចធ្វើឲ្យអតិថិជនមានអារម្មណ៍ល្អជាមួយក្រុមហ៊ុននោះ។ ពេលបុគ្គលិកធ្វើការជាមួយទឹកមុខញញឹម រួសរាយរាក់ទាក់ អតិថិជន នឹងមានអារម្មណ៍សប្បាយចិត្ដ ពេញចិត្ដជាមួយសេវាកម្មក្រុមហ៊ុននោះ។ ទោះបីប្រភេទមុខជំនួញ និងការបំពេញការងាររបស់បុគ្គលិក ជាផ្នែកសំខាន់ចំពោះក្រុមហ៊ុនក៏ពិតមែន តែការសិក្សារកឃើញថា បើកន្លែងការងារពោរពេញដោយស្នាមញញឹម នោះបុគ្គលិកភាគច្រើន នឹងមានកម្លាំងចិត្ដធ្វើការកាន់តែខ្លាំង។
៤- ញញឹមធ្វើឲ្យយើងក្លាយជាមនុស្សគួរឲ្យទុកចិត្ដ
បើគិតតាមបែបចិត្ដវិទ្យា ញញឹមច្រើន គឺមើលទៅជាមនុស្សគួរទុកចិត្ត ជាងមនុស្សមុខមិនសូវស្រស់ ឬមុខស្មើ។ ការសិក្សាមួយរបស់សកលវិទ្យាល័យ Pittsburgh សហរដ្ឋអាមេរិក គេបានរកឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងភាពទាក់ទាញ ស្នាមញញឹមនៃក្រុមអ្នកដើរម៉ូត ជាមួយនឹងភាពស្មោះត្រង់។ ការសិក្សា បានដាក់ចំណាត់ថ្នាក់ឲ្យនារីម៉ូដែល ៤៥នាក់ ដោយមើលតាមចំណុចទាំងបីខាងលើ និងបញ្ជាក់ឲ្យឃើញថា បើតារាម៉ូដែលញញឹមកាន់តែស្រស់ មើលទៅកាន់តែគួរឲ្យទុកចិត្ដ។
៥- ញញឹមអាចជួយខួរក្បាលធ្វើការកាន់តែល្អ
ពេលខួរក្បាលមានទំនោរទៅលើគំនិតអវិជ្ជមាន ដើម្បីទប់ទល់ស្ថានភាពនេះ យើងគួរមានទម្លាប់ញញឹម ដើម្បីជួយឲ្យចិត្ដគិតវិជ្ជមានវិញ ហើយនឹងអាចមានគំនិតវិជ្ជមានបានកាន់តែច្រើន បើចេះធ្វើបែបនេះបានជាប់លាប់។ យោងតាមតារាភាពយន្តហូលីវូដ និងជាកវីនិពន្ធសៀវភៅ ពាក់ព័ន្ធសុខភាពផ្លូវចិត្ត លោក Shawn Achor ដែលជាម្ចាស់សៀវភៅ The Happiness Advantage បានលើកឡើងថា ទម្លាប់ញញឹមរាល់ថ្ងៃជាប្រចាំ ជួយឲ្យខួរក្បាលបង្កើតភាពសប្បាយរីករាយ ជួយឲ្យមានការគិតវិជ្ជមានកាន់តែច្រើន។ លោកបានសរសេរថា “ភាពសប្បាយរីករាយ ជាក្រមសីលធម៌ គឺជាអ្វីខួរក្បាលយើងត្រូវការហ្វឹកហាត់ ដូចជាក្រុមអត្តពលិកត្រូវការការហ្វឹកហាត់អ៊ីចឹងដែរ”។
៦- ស្នាមញញឹមជាជំងឺឆ្លង
គ្នាយើងធ្លាប់ចាប់អារម្មណ៍អត់ ពេលខ្លះមិត្តភក្ដិ ឬអ្នកធ្វើការជាមួយយើង ញញឹមមកដាក់យើង ក្រោយយើងញញឹមទៅកាន់ពួកគេ ដែលសម្រាប់បញ្ហាមួយនេះ មានការបកស្រាយតាមបែបវិទ្យាសាស្ត្រ។ យោងតាមលោក Marco Iacoboni ជាអ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទបានពន្យល់ថា ក្នុងខ្លួនយើងម្នាក់ៗ សុទ្ធតែមានផ្ទុកសរសៃប្រសាទកញ្ចក់ និងកោសិកាក្នុង Premotor cortex និង Inferior parietal cortex របស់ខួរក្បាល ហើយវានឹងចាប់ផ្ដើមធ្វើការនៅពេលយើងបញ្ចេញសកម្មភាពអ្វីមួយ ឬពេលយើងឃើញនរណាបញ្ចេញសកម្មភាពនោះ។ ដូចនេះ ពេលយើងញញឹម ឬឃើញមិត្តភក្តិណាម្នាក់ញញឹម កោសិកាប្រសាទកញ្ចក់នេះ ធ្វើការឆ្លើយតប ដោយញញឹមត្រឡប់ទៅវិញ។